ព្រះមហាក្សត្រថៃតែងតាំងក្រុមទីប្រឹក្សាថ្មីដែលមានសមាសភាពភាគច្រើនជាមេដឹកនាំកងទ័ព
ព្រះមហាក្សត្រថ្មីរបស់ថៃ គឺព្រះបាទ មហាវជិរ៉ាឡុងកន បានធ្វើការតែងតាំងក្រុមទីប្រឹក្សាថ្មី នៅថ្ងៃអង្គារនេះ ហើយសមាសភាពក្រុមទីប្រឹក្សាថ្មីនេះ ក៏មិនខុសពីកាលជំនាន់ព្រះចៅភូមិផុន អាឌុនយ៉ាដេតនោះដែរ គឺភាគច្រើនជាមេដឹកនាំកងទ័ព។ លើសពីនេះទៅទៀត គេសង្កេតឃើញថា សមាសភាពថ្មី៣រូប ដែលព្រះបាទមហាវជិរ៉ាឡុងកន ទើបនឹងតែងតាំងថ្មី នៅថ្ងៃអង្គារនេះ គឺសុទ្ធតែជាអ្នកមានជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងរបបសឹក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ជាទម្លាប់រាប់ទសវត្សរ៍មកហើយ ក្រុមទីប្រឹក្សាព្រះមហាក្សត្រ គឺជាស្ថាប័នដ៏មានឥទ្ធិពលមួយ នៅក្នុងឆាកនយោបាយថៃ។ ការតែងតាំងសមាសភាពទីប្រឹក្សានេះ គឺជាឯកសិទ្ធិរបស់ព្រះមហាក្សត្រ។ ហេតុដូច្នេះហើយបានជា ព្រះបាទមហា វជិរ៉ាឡុងកន ធ្វើការតែងតាំងក្រុមប្រឹក្សាថ្មី ជំនួសក្រុមប្រឹក្សាចាស់ ដែលតែងតាំងឡើងដោយព្រះចៅភូមិផុន អាឌុនយ៉ាដេត។
ក៏ប៉ុន្តែ គេសង្កេតឃើញថា ក្រុមប្រឹក្សាថ្មីនេះមិនសូវជាមានការផ្លាស់ប្តូរពីក្រុមប្រឹក្សាចាស់ប៉ុន្មាននោះទេ។ ក្រៅតែពីការកាត់បន្ថយចំនួនសមាជិកក្រុមប្រឹក្សាពី ១៦រូប ឲ្យចុះមកនៅត្រឹម ១១រូប សមាជិកចាស់ៗស្ទើរតែទាំងអស់ត្រូវបានព្រះបាទមហា វជិរ៉ាឡុងកនរក្សាទុកឲ្យនៅដដែល។
សមាជិកថ្មីដែលព្រះអង្គដាក់បញ្ចូលទៅក្នុងក្រុមទីប្រឹក្សានៅថ្ងៃអង្គារនេះ គឺមានតែ ៣រូបប៉ុណ្ណោះ ហើយសមាជិកថ្មីទាំង ៣រូបនេះ គឺសុទ្ធសឹងជាមន្រ្តីក្នុងជួរមេដឹកនាំកងទ័ព ក្នុងនោះ ២រូប គឺជាសមាជិករដ្ឋាភិបាលនៃរបបសឹកបច្ចុប្បន្ន គឺឧត្តមសេនីយ៍ ផៃប៊ូន ឃុមឆាយ៉ា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឧត្តមសេនីយ៍ ដាផុង រតនសុវ៉ាន់ រដ្ឋមន្រ្តីក្រសួងអប់រំ។ ចំណែកឯសមាជិកថ្មីទី៣ គឺឧត្តមសេនីយ៍ ធីរ៉ាឆៃ ណាកវ៉ានីត ដែលធ្លាប់ជាអគ្គបញ្ជាការកងទ័ពថៃ នៅក្នុងរបបសឹក ហើយទើបនឹងចូលនិវត្តន៍កាលពីដើមឆ្នាំនេះ។
លើសពីនេះទៅទៀត ឧត្តមសេនីយ៍ ព្រេម ទីនស៊ូឡាណុន ដែលជាប្រធានក្រុមទីប្រឹក្សាចាស់ ត្រូវបានព្រះបាទមហា វជិរ៉ាឡុងកន រក្សាទុកឲ្យនៅជាប្រធានក្រុមទីប្រឹក្សាដដែល។
គួរបញ្ជាក់ថា លោកព្រេមទីនស៊ូឡាណុន ត្រូវបានគេចាត់ទុកថាជាមនុស្សដ៏ជំនិតបំផុតរបស់ព្រះមហាក្សត្រមុន ហើយក៏ជាអ្នកដែលមានឥទ្ធិពលយ៉ាងខ្លាំងដែរ នៅក្នុងជួរកងទ័ព ក៏ដូចជា នៅក្នុងឆាកនយោបាយថៃជាទូទៅ។ គឺលោកព្រេម ដែលត្រូវគេសង្ស័យថាជាអ្នកញាក់ខ្សែពីក្រោយឆាក នៅក្នុងវិបត្តិនយោបាយថៃនាពេលបច្ចុប្បន្ន ជាពិសេស គឺរងការចោទប្រកាន់ថាជាអ្នករៀបចំរដ្ឋប្រហារទម្លាក់លោកថាក់ស៊ីន កាលពីឆ្នាំ២០០៦៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ