អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ព្រះ​មហា​ក្សត្រ​ថៃ​ក៏​មិន​អាច​ដោះ​ស្រាយ​វិបត្តិ​នយោ​បាយ​នៃ​ប្រទេស​បាន​ដែរ​

សំឡេង ០៤:៥៧
រូបភាពព្រះចៅភូមិបុល កាលពីឆ្នាំ២០១២
រូបភាពព្រះចៅភូមិបុល កាលពីឆ្នាំ២០១២
ដោយ៖ តាន់ ហ្សង់-ហ្វ្រង់ស័រ
២៨ នាទី

កាល​ពី​ថ្ងៃ​ចន្ទ​ទី​៥​ឧសភា​ដើម​សប្តាហ៍​កន្លង​ទៅ​នេះ នា​ឱកាស​ថ្ងៃ​ខួប​គម្រប់​៦៤​ឆ្នាំ​នៃ​ការឡើង​សោយ​រាជ្យ ព្រះ​មហាក្សត្រ​ថៃ​បាន​បង្ហាញ​ព្រះ​ភក្ត្រ​ជា​សាធារណៈ។ ប៉ុន្តែ​ទ្រង់​មិនបាន​មាន​បន្ទូល​អ្វី​ទាល់​តែ​សោះ​ជុំ​វិញ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​នៃ​ប្រទេស។នេះ​ប្រហែល មក​ពី​ព្រះ​ចៅ​ភូមិ​បុល អា​ឌូ​យ៉ា​ដេ​ត ទ្រង់​បាន​ឆ្វេង​យល់​ថា​ សូម្បី​តែ​ព្រះអង្គ​ក៏​គ្មាន​សមត្ថភាព​ដោះ​ស្រាយ​វិបត្តិ​នយោ​បាយ​នេះ​ដែរ វិបត្តិ​នយោបាយ​ដែល​បាន​ផ្តើម​ស្តែង​ឡើង​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន​ចេញពី​តំណែង​នាយក​រដ្ឋ​មន្ត្រី​កាល​ពី​៨​ឆ្នាំ​មុន​។

ផ្សាយពាណិជ្ជកម្ម

 

ទាំង​ពួក​អាវ​លឿង ទាំង​ពួក​អាវ​ក្រហម ទាំង​បក្ស​ភឿ​ថៃ​របស់​លោក​ស្រី​នាយក​រដ្ឋមន្ត្រី​យីន ឡាក់(Yingluck) និង​ទាំង​បក្ស​ប្រជាធិប​តេយ្យ​ដែល​ជា​បក្ស​ប្រឆាំង និយាយ​រួម​គឺ​ប្រជា​ជាតិ​ថៃ​ទាំង​មូល សុទ្ធ​តែ​បាន​ខក​ចិត្ត កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​កន្លង​ទៅ​នេះ។ ខក​ចិត្ត ដ្បិត​ព្រះ​មហាក្សត្រ​ព្រះ​ចៅ​ភូមិបុល អា​ឌូ​យ៉ា​ដេត ដែល​បាន​បង្ហាញ​ព្រះ​ភក្ត្រ​ជា​សាធារណៈ ទ្រង់​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទាល់​តែ​សោះ​ជុំវិញ​វិបត្តិ​នយោបាយ​រ៉ាំរ៉ៃ​នៃ​ប្រទេស។

 
ហេតុដែល​ព្រះមហាក្សត្រ​ថៃ​ព្រះជន្ម៨៦វស្សា​អង្គ​នេះ​មិនមាន​ព្រះ​រាជ​បន្ទូល​អ្វី​សោះ​ជុំវិញ​បញ្ហា​នយោបាយ​នៃ​ប្រទេស គឺ​មិន​មែន​ជា​រឿង​មួយ​ចៃដន្យ។ ពី​ព្រោះ ចូរ​កុំភ្លេច​ថា ព្រះ​ចៅ​ភូមិបុល ជា​ព្រះ​អា​ទិ​ទេព​សម្រាប់​ប្រជា​រាស្ត្រ​ថៃ ម្ល៉ោះ​ហើយ​រាល់​ព្រះ​រាជ​អន្តរា​គនម៍​របស់​ទ្រង់​ចាំបាច់​ត្រូវតែ​នាំមក​នូវ​ដំណោះស្រាយ។ បានន័យថា បើ​មើលទៅ​គ្មាន​ដំណោះស្រាយ​ទេ ព្រះអង្គ​មិនចាំបាច់​ធ្វើ​ព្រះរាជអន្តរាគមន៍​ទេ វា​នាំ​តែ​បាត់បង់​កិត្យានុភាព​ឥតអំពើ។ ហើយ​មែនទែនទៅ អ្វីដែល​កំពុង​បំពុលសង្គម​ថៃ​បច្ចុប្បន្ន មិនមែនជា​បញ្ហា​អន្តរកាល​មួយ​ដូច​ពេល​មុនៗ​ឯណា តែ​ជា​វិបត្តិ​ធ្ងន់ធ្ងរ​ដែល​សូម្បីតែ​ព្រះអាទិទេព​ក៏​ប្រហែលជា​ជួយ​ដោះស្រាយ​មិនបាន​ដែរ។

ជាការ​ពិតណាស់​ដែលថា វិបត្តិ​នយោបាយ​បាន​ផ្តើម​ស្តែងឡើង​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន​នៅ​ថ្ងៃទី១៩កញ្ញា​ឆ្នាំ២០០៦ ។ ប៉ុន្តែ​បើ​ពិនិត្យមើល​ឱ្យបាន​ដិតដល់ គេ​នឹង​យល់​ភ្លាម​ថា ឫសគល់​នៃ​វិបត្តិ​បាន​ចាក់​ជ្រៅ​ទៅដល់​សម័យ​ទសវត្សរ៍​ទី៨០និង​ទី៩០ឯណោះ សម័យ​មួយ​​ដែល​​ថៃ​ផ្តើម​ស្គាល់​ការអភិវឌ្ឍន៍ រហូតដល់​បានក្លាយ​ទៅជា​ខ្លា​សេដ្ឋកិច្ច​ប្រចាំ​តំបន់។

គឺ​នៅក្នុង​ទសវត្សរ៍​ទី៨០និង​ទី៩០នោះ​ហើយ ដែល​អ្នកក្រីក្រ និង​អ្នកស្រុក​ស្រែចម្ការ និយាយ​រួម​ប្រជារាស្ត្រ​តូចតាច​បាន​ផ្តើម​មាន​ជីវភាព​ធូរធារ​ជាង​មុន ចេះដឹង​ជាង​មុន​និង​ជាពិសេស​បាន​ផ្តើម​មាន​មនសិការ​នយោបាយ​ច្បាស់​ជាង​មុន។ អ្នក​ដែល​បាន​ចាប់អារម្មណ៍​មុនគេ​ទៅលើ​ការផ្លាស់ប្តូរ​ភ្នា​ត់​គំនិត​ស៊ីជម្រៅ​បែបនេះ​របស់​ប្រជានុរាស្ត្រ​ថៃ គឺ​លោក​ថាក់ស៊ីន។

មហាសេដ្ឋី​ថាក់ស៊ីន​ដែលមាន​មហិច្ឆតា​នយោបាយ​ធំធេង ចង់ឃើញ​អ្នកស្រុក​ស្រែចម្ការ​ក្លាយទៅជា​កម្លាំង​នយោបាយ​តែមួយ ទៅជា​សម្លេងឆ្នោត​តែមួយ ទៅជា​ឈ្នាន់​ដើម្បីឱ្យ​លោក​ជាន់​ឡើងទៅ​ក្រសោប​យក​អំណាច​រដ្ឋ។ ក្នុង​គោលដៅ​នេះ លោក​ថាក់ស៊ីន បាន​បង្កើត​គណបក្ស​Thai Rak Thai ឬ​បក្ស​ថៃ​ស្រឡាញ់​ថៃ​ដែល​បានឈ្នះ​ឆ្នោត​សភា​ពីរលើកផ្ទួនៗគ្នា នៅ​ខែមករា​ឆ្នាំ២០០១ និង​នៅ​ខែកុម្ភៈ​ឆ្នាំ២០០។

ទាំងនេះ គឺជា​រលក​យក្ស​ស៊ូ​ណា​មី​សម្រាប់​អ្នកមាន​និង​អ្នកមានអំណាច​នៅ​បាងកក។ ពីព្រោះ​ម្យ៉ាង សង្គម​ថៃ​ជា​សង្គម​សក្តិភូមិ បានន័យថា​អ្នកមាន​និង​អ្នកមានអំណាច​ជា​អ្នកសម្រេច​ជោគវាសនា​ប្រទេសជាតិ​ជំនួស​អ្នកស្រុក​ស្រែចម្ការ​និង​អ្នកក្រីក្រ។ និង​ពីព្រោះ​ម្យ៉ាងទៀត អ្នកនយោបាយ​នៅ​បាងកក​ស្អប់ខ្ពើម​និង​មិន​ទទួលស្គាល់​លោក​ថាក់ស៊ីន​ដែល​ចេញ​មកពី​ប្រភព​អ្នកជំនួញ។

ទន្ទឹមនេះ លោក​ថាក់ស៊ីន​ក៏បាន​ធ្វើ​ខុស​ច្រើន​ដែរ។ មហាសេដ្ឋី​រូបនេះ​ជា​អ្នកនយោបាយ​និង​ក្រោយមកទៀត​ជា​នាយករដ្ឋមន្ត្រី​ប្រជា​និយម បានន័យថា លោក​លួងលោម យកចិត្ត និង​បំបោស​អង្អែល​តែ​អ្នកក្រ ជាហេតុ​ធ្វើឱ្យ​មានការ​ប្រេះឆា​កាន់តែខ្លាំង​រវាង​អ្នកក្រីក្រ​និង​អ្នកមាន រវាង​អ្នកស្រុក​ស្រែចម្ការ​និង​អ្នកទីក្រុង។ មិនតែប៉ុណ្ណោះ លោក​ថាក់ស៊ីន បាន​អនុវត្ត​នយោបាយ​​ដៃ​ភ្លើង​ជើងមាន់ ឧទាហរណ៍​តាមរយៈ​ការដក​អំណាច​ពី​កងទ័ព​ទៅឱ្យ​នគរបាល​នៅ​តំបន់​ថៃ​អ៊ីស្លាម​ចុង​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​និង​ការ​កំចាត់​គ្រឿងញៀន។ ចំណាត់ការ​ទាំងនេះ​បាន​ប៉ះពាល់​ខ្លាំង​ដល់​ប្រយោជន៍​របស់​អ្នកមាន​និង​អ្នកមានអំណាច ដែល​នៅ​ទីបំផុត​បាន​ស៊ុមគ្រលុំ​គ្នា​ជាមួយ​កងទ័ព​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​មហាសេដ្ឋី។

ក៏ប៉ុន្តែ រដ្ឋប្រហារ​ថ្ងៃទី១៩កញ្ញា​ឆ្នាំ២០០៦បាន​ត្រឹម​ធ្វើឱ្យ​អំណាច​របូត​ចេញពី​ដៃ​លោក​ថាក់ស៊ីន​ប៉ុណ្ណោះ តែ​មិនបាន​ធ្វើឱ្យ​ប្រព័ន្ធ​ថាក់ស៊ីន​រលាយបាត់​បង់​ឯណា។ ជាក់ស្តែង ទោះបីជា​លោក​ថាក់ស៊ីន​បាន​បង្ខំចិត្ត​រស់នៅ​បរទេស​ក៏ដោយ​ក្តី ក៏​បក្សពួក​របស់លោក​ឈ្នះឆ្នោត​រហូត បានឈ្នះ​ឆ្នោត​នៅ​ឆ្នាំ២០០៧ និង​ចុងក្រោយ​នៅ​ឆ្នាំ២០១១និង​ឆ្នាំ២០១៤ជាមួយ​គណបក្ស​របស់​លោកស្រី​យីន​ឡាក់​ដែលជា​ប្អូនស្រី​លោក​ថាក់ស៊ីន។ ហើយ​តាមមើលទៅ ដោយសារតែ​អ្នកក្រីក្រ​និង​អ្នកស្រុក​ស្រែចម្ការ​មាន​ចំនួន​ច្រើនជាង​អ្នកមាន​និង​អ្នកទីក្រុង បក្ស​ពួកលោក​ថាក់ស៊ីន​នឹង​បន្ត​ឈ្នះឆ្នោត​រហូត បន្ត​ឈ្នះឆ្នោត​ទៀត​នៅ​ខែកក្កដា​ខាងមុខនេះ បើសិនជា​ការបោះឆ្នោត​នឹងត្រូវ​ប្រព្រឹត្តិ​ទៅ​ដូច​ការគ្រោងទុក​មែន។

ម្ល៉ោះហើយ គេ​អាច​អះអាង​បាន​ថា មិនទាន់​ចប់​ទេ​រឿង​ភាគ​នយោបាយ មិន​ងាយ​ទាន់​ចប់​ទេ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​ថៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ