កម្ពុជា

រដ្ឋាភិបាល​ថៃ​ត្រៀម​ក្រុម​ការងារ​ពិភាក្សា​ជាមួយ​កម្ពុជា ក្រោយ​សាល​ក្រម​តុលាការ​ឡាអេ​

អនុព័ន្ធយោធា​បរទេស​​នៅ​ប្រាសាទ​ព្រះវិហារ ថ្ងៃ​ព្រហស្បតិ៍ ៣ មីនា ២០១១
អនុព័ន្ធយោធា​បរទេស​​នៅ​ប្រាសាទ​ព្រះវិហារ ថ្ងៃ​ព្រហស្បតិ៍ ៣ មីនា ២០១១ ©ដឺលុច/RFI

ក្រុម​ការងារ​ជំនាញ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ​របស់​រដ្ឋាភិបាល​កំពុង​រៀប​ចំ​ក្រុម​ការងារ​ត្រៀម​ពិភាក្សា​ជាមួយ​កម្ពុជា នៅ​ក្រោយ​ពេល​ដែល​តុលាការ​ឡាអេ​ចេញ​សាលក្រម​នៅ​ដើម​ឆ្នាំ​២០១៤។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ថ្លែង​ថា កម្ពុជា​នៅ​រង់ចាំ​មើល​ថា តើ​រដ្ឋាភិបាល​ថៃ​នឹង​លើក​យក​បញ្ហា​អ្វី​ខ្លះ​មក​និយាយ​ជាមួយ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ថៃ​កំពុង​ត្រៀម​ការ​ពិភាក្សា​ជា​ផ្លូវការ​មួយ​ជាមួយ​កម្ពុជា​ក្នុង​សំណុំរឿង​ប្រាសាទព្រះវិហារ ក្រោយពេល​ដែល​តុលាការ​ឡាអេ​ត្រូវ​ចេញ​សាលក្រម​ នៅ​ដើម​ឆ្នាំ​២០១៤​លើ​បណ្តឹង​របស់​កម្ពុជានោះ។ កម្ពុជា​ដែល​បានស្នើអោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៃ​អង្គការ​សហប្រជាជាតិ​មួយ​នេះ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ស្តី​ពី​ប្រាសាទ​ព្រះវិហារ។

ព័ត៌មាន​ស្តីពី​ការ​ត្រៀម​ខ្លួន​របស់​រដ្ឋាភិបាលថៃ​ត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុង​កាសែត​ថៃ បាងកកប៉ុស្ត​នៅ​ថ្ងៃទី​១៤​តុលា ដោយ​ដកស្រង់​សំដី​របស់​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ទីក្រុង​​ឡាអេ វីរ៉ាឆៃ ផ្លាសៃ។ ឯកអគ្គរាជទូត​ថៃ​រូប​នេះ​បាន​បញ្ជាក់ថា មន្ត្រីពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ថៃ​មកពីក្រសួង​ការបរទេស ការិយាល័យអគ្គមេធាវី ក្រុមប្រឹក្សា​សន្តិសុខជាតិ និង​ពី​ក្រសួង​ការពារជាតិថៃ​ផង​បាន​ជួប​ជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​ផែនការនេះ។ ផែនការ​ត្រៀម​ដែល​ត្រូវ​និយាយ​ជាមួយ​ភាគី​កម្ពុជា។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក​កុយ គួង​ដែល​បាន​ឃើញ​អត្ថបទ​របស់​កាសែត​ថៃ​បាងកក​ប៉ុស្ត​ដែរ​នោះ បាន​ថ្លែង​​​ប្រាប់​វិទ្យុបារាំងអន្តរជាតិ​ថា នេះ​គ្រាន់តែ​ជា​ត្រៀម​លក្ខណៈ​ផ្ទៃ​ក្នុង​របស់​ភាគី​នៅឡើយទេ។ មន្ត្រី​ជាន់ខ្ពស់​របស់​កម្ពុជា​រូប​នេះ​បន្តថា លោក​មិន​អាច​អត្ថាធិប្បាយអ្វី​ឡើយ​ ល្គឹកណា​វា​មិន​មាន​អ្វី​ជា​ផ្លូវ​ការ​ពី​ភាគី​ថៃ។ ហើយ​ថា កម្ពុជាក៏​មិនដឹង​ថា ថៃ​នឹង​លើក​យក​បញ្ហា​អ្វី​មក​ជជែក​ជាមួយ​កម្ពុជា​នោះឡើយ។ សម្រាប់​លោក កុយ គួង កម្ពុជា​នៅ​រង់ចាំ​មើល​សេចក្តី​សម្រេច​របស់​តុលាកា​ឡាអេ។

ប៉ុន្តែ​ថា ចំពោះ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជាដដែល កម្ពុជា​មាន​ជំហរ​ថា​នឹង​មិនអោយ​សាលក្រម​តុលាការ​ឡាអេ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ជិតខាង​ទាំងពីរ​នោះទេ។

យោង​តាម​អត្ថបទ​សារព័ត៌មាន​របស់​បាងកក​ប៉ុស្ត​នោះ ភាគី​ថៃ​បាន​ប៉ាន់ស្មាន​ទុក​នូវ​លទ្ធភាព​នៃ​សេចក្តីសម្រេច​ចំនួន​៤​ផ្សេងគ្នា ហើយ​ដែល​ថៃ​ត្រូវ​ត្រៀម​​ការ​ពិភាក្សា​ទៅ​តាម​ស្ថានភាព​នៃ​សាលក្រម​និមួយៗ។ យោងតាម​ឯកអគ្គរាជទូត​ថៃ​ប្រចាំទីក្រុង​ឡាអេ​នោះ សាលក្រម​តុលាការ​ឡាអេ​អាច​ថា តុលាការ​អោយ​ថៃ​ឈ្នះ ឬតុលាកា​អោយ​កម្ពុជាឈ្នះ ឬ​តុលាការ​អាច​និយាយ​ថា ខ្លួន​មិន​ពិចារណាលើ​សំណុំរឿង​នេះ ឬក៏ថា មិនអោយអ្នកណាឈ្នះ​អ្នកណាចាញ់។

គួរ​រម្លឹក​ថា ក្រោយ​ពី​មាន​ការ​ទាមទារ​ពី​ភាគី​ថៃ​កាន់កាន់​តំបន់ជុំវិញ​ប្រាសាទ​ព្រះវិហារ​ទំហំ​៤,៦គីឡូម៉ែត្រ​ក្រឡា រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ពាក្យ​ប្តឹង​នៅ​ខែ​មេសា​ឆ្នាំ​២០១១ ​ស្នើសុំ​អោយ​តុលាការ​ឡាអេ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២។ សាលក្រមដែល​បាន​បញ្ជា​អោយ​ថៃ​ប្រគល់ភាពជា​ម្ចាស់​លើ​​ប្រាសាទ​ព្រះវិហារ​មកអោយ​កម្ពុជាវិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI