អានតួអត្ថបទ
ថៃ

អាភីស៊ីត​ដូចជា​កំពុង​ផ្តើម​ធ្វើ​ការ​ឃោសនា​បោះឆ្នោត

លោក​អាភិស៊ីត វេចាជីវ៉ា នាយករដ្ឋមន្រ្តីថៃ
លោក​អាភិស៊ីត វេចាជីវ៉ា នាយករដ្ឋមន្រ្តីថៃ ©REUTERS/Sukree Sukplang
ដោយ៖ តាន់ ហ្សង់-ហ្វ្រង់ស័រ
១៦ នាទី

នៅ​ថ្ងៃ​អង្គារ​ទី​២២​មីនា​នេះ លោក​នាយករដ្ឋមន្ត្រី​ថៃ​អាភីស៊ីត បាន​ជួប​ជាមួយ​បណ្តា​អ្នក​កាសែត​បរទេស​នៅ​ក្នុង​ទីក្រុង​បាងកក។ លោក​អាភីស៊ីត​ដែល​បាន​សន្យា​ថា នឹង​រៀបចំ​បោះឆ្នោត​សភា​ឲ្យ​បាន​មុន​ខែ​កក្កដា​ខាង​មុខ ហាក់​ដូច​ជា​បាន​ផ្តើម​ឡើង​ហើយ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​​​របស់​​ តាន់ ហ្សង់​-ហ្វ្រង់ស្វ័រ

«តើ​ពលរដ្ឋ​ថៃ​ចង់​ឲ្យ​ប្រទេស​ជាតិ​បោះ​ជំហាន​ទៅ​មុខ ដោយសារ​តែ​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​ខ្ញុំ​ដឹក​នាំ ឬ​ចង់​ឲ្យ​ប្រទេសជាតិ​លង់​ខ្លួន​នៅ​ក្នុង​អំពើ​ហិង្សា»។ ពាក្យ​សំដី​បែប​នេះ​របស់​លោក​អាភីស៊ីត នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​បរទេស ក្នុង​ថ្ងៃ​អង្គារ​នេះ មាន​ន័យ​ដូច​ជា​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​អ៊ីចឹង។

ចំពោះ​លោក​នាយករដ្ឋមន្ត្រី នា​ពេល​បោះ​ឆ្នោត​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត មាន​ជម្រើស​តែ​ពីរ​ទេ ជម្រើស​រវាង​រដ្ឋាភិបាល​ជិត​អស់​អាណត្តិ​ដែល​លោក​ដឹក​នាំ​និង​ពួក​អ្នក​ដែល​បង្ក​អស្ថិរភាព​និង​អំពើហិង្សា។

សូម​ជម្រាប​ថា ជិត​មួយ​ឆ្នាំ​ក្រោយ​មហាបាតុកម្ម​របស់​ពួក​អាវ​ក្រហម​ដែល​រដ្ឋាភិបាល​លោក​អាភីស៊ីត​បាន​វាយ​បង្ក្រាប​ក្នុង​ថ្លុក​ឈាម នយោបាយ​ប្រទេស​ថៃ​នៅ​តែ​មាន​លក្ខណៈ​មួយ​ថ្ងៃ​កាត់​មួយ​ថ្ងៃ​កោរ។ ប៉ុន្មាន​ថ្ងៃ​មុន​នេះ លោក​អាភីស៊ីត ទើប​តែ​បាន​គេច​ផុត​ពី​ការ​បោះឆ្នោត​ដក​សេចក្តី​ទុក​ចិត្ត​មួយ ផ្តួចផ្តើម​ឡើង​ដោយ​គណបក្ស​ភឿថៃ។

នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​បរទេស លោក​អាភីស៊ីត​ក៏​បាន​និយាយ​ផង​ដែរ​អំពី​ការ​ផ្តើម​ធ្វើ​អន្តរាគមន៍​ឡើង​វិញ​ពី​ក្រៅ​ប្រទេស របស់​លោក​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន តាម​រយៈ​Vidéo-Conférence។ នៅ​ត្រង់​ចំណុច​នេះ លោក​អាភីស៊ីត បាន​លើក​ឡើង​ថា «តើ​ពលរដ្ឋ​ចង់​បាន​រដ្ឋាភិបាល​មួយ​ដូច​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​គិត​ពី​ប្រយោជន៍​របស់​ពួក​គេ ឬ​មួយ​ក៏​ចង់​ឲ្យ​ក្រុម​អ្នក​ដែល​មាន​ប្រយោជន៍​រួម​គ្នា​ជាមួយ​បុគ្គលម្នាក់» គឺ​បុគ្គល​ថាក់ស៊ីន​ឡើង​មក​ក្តាប់​អំណាច?

នៅ​ទី​បំផុត លោក​អាភីស៊ីត​បាន​និយាយ​របៀប​កំប្លែង​ទៅ​កាន់​អ្នក​សារព័ត៌​មាន​ថា៖«អស់​លោក​ប្រហែល​ជា​ចង់​ដឹង​ថា ខ្ញុំ​នឹង​ក្លាយ​ជា​អ្វី​នៅ​ឆ្នាំ​ក្រោយ​នេះ? មែនទែន​ទៅ ខ្ញុំ​ខ្លួន​ឯង​ក៏​មិន​ដឹង​ដែរ»។ តាមពិត លោក​អាភីស៊ីត ប្រហែល​ជា​មិន​ច្បាស់​ក្នុង​ចិត្ត​ទេ​ថា គណបក្ស​របស់​លោក​អាច​យក​ជ័យជំនះ​បាន នា​ពេល​បោះឆ្នោត​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ