ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តុលាការ​អាល្លឺម៉ង់​បដិសេធ​មិន​ប្រគល់​យន្តហោះ​ឲ្យ​រាជទាយាទ​ថៃ​វិញ

សំឡេង ០៣:៣២
យន្តហោះ​របស់​រាជទាយាទ​ថៃ ដែល​ត្រូវ​អាជ្ញាធរ​អាល្លឺម៉ង់​ឃាត់ទុក នៅ​ព្រលាន​យន្តហោះ​ក្រុង​មុយនិច
យន្តហោះ​របស់​រាជទាយាទ​ថៃ ដែល​ត្រូវ​អាជ្ញាធរ​អាល្លឺម៉ង់​ឃាត់ទុក នៅ​ព្រលាន​យន្តហោះ​ក្រុង​មុយនិច AFP PHOTO / PETER KNEFFEL GERMANY OUT

កាលពីថ្ងៃ​សៅរ៍ ១៦ កក្កដា ២០១១​​ ម្សិលមិញ​នេះ តុលាការ​អាល្លឺម៉ង់​បាន​សម្រេច​ច្រានចោល​សំណើ​របស់​រដ្ឋាភិបាល​ថៃ ដែល​បាន​ទាមទារ​យក​យន្តហោះ​របស់​រាជទាយាទ​ថៃ​ត្រឡប់​ទៅវិញ។ យន្តហោះ​នេះ​ត្រូវ​បាន​អាជ្ញាធរ​អាល្លឺម៉ង់​ឃាត់​ទុក តាំង​ពី​ថ្ងៃ​អង្គារ នៅ​ក្នុង​ជម្លោះ​លុយកាក់​រវាង​រដ្ឋាភិបាល​ថៃ​ និង​ក្រុមហ៊ុន​សំណង់​អាល្លឺម៉ង់។

ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ប្រភេទ​ប៊ូអ៊ីង ៧៣៧ របស់​រាជទាយាទ​ថៃ គឺ​ព្រះអង្គម្ចាស់ មហា វិជ្ជរ៉ា​ឡុងកន (Maha Vajaralongkorn) ត្រូវ​បាន​អាជ្ញាធរ​អាល្លឺម៉ង់​ចាប់ឃាត់​ទុក នៅ​ក្នុង​ព្រលាន​យន្តហោះ​ទីក្រុង​ម៊ុនិច ទៅតាម​ដីកា​របស់​តុលាការ។

រឿងរ៉ាវ​ចាប់​យន្តហោះ​រាជបុត្រ​ថៃ​នេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​លុយកាក់​រវាង​រដ្ឋាភិបាល​ថៃ និង​ក្រុមហ៊ុន​ឯកជន​មួយ​របស់​អាល្លឺម៉ង់ ឈ្មោះ Walter Bau AG។

នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៩០ ក្រុមហ៊ុន​សំណង់​​​អាល្លឺម៉ង់ ឈ្មោះ Dywidag​ បាន​ទទួល​សិទ្ធិ​សាងសង់ និង​ធ្វើ​អាជីវកម្ម​លើ​ផ្លូវ​ហាយវ៉េ​មួយខ្សែ ប្រវែង ២៦​គីឡូម៉ែត្រ ដែល​តភ្ជាប់​ពី​ទីក្រុង​បាងកក ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ដូនមឿង។ នៅ​ឆ្នាំ​២០០១ Dywidag បាន​រំលាយ​ខ្លួន​ចូល​ជាមួយ ក្រុមហ៊ុន Walter Bau AG ។

ក្រុមហ៊ុន Walter Bau បាន​ចោទប្រកាន់​រដ្ឋាភិបាល​ថៃ​ថា​បាន​រំលោភ​លើ​កិច្ចសន្យា​សម្បទាន​ផ្លូវ​ហាយវ៉េ​បាងកក-ដូនមឿង។ នៅ​ឆ្នាំ​២០០៧ ជម្លោះ​នេះ​បាន​កើត​ជា​ក្តីក្តាំ នៅ​ក្នុង​តុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ (United Nations Commission on International Trade Law) ដែល​មាន​ទីតាំង​នៅ​ទីក្រុង​​វីយ៉ែន ប្រទេស​អូទ្រីស។ តុលាការ​បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​ Walter Bau ឈ្នះ​ក្តី ហើយ​បង្គាប់​ឲ្យ​រដ្ឋាភិបាល​ថៃ​សងជម្ងឺចិត្ត ចំនួន ៣០​លាន​អឺរ៉ូ (ប្រមាណ​ជា ៤២លាន​ដុល្លារ) ​ទៅ​ឲ្យ​​ក្រុមហ៊ុន​នេះ។

ដោយ​រដ្ឋាភិបាល​ថៃ​បដិសេធ​ម្តងហើយ​ម្តងទៀត​មិន​ព្រម​សងលុយ ទៅតាម​សេចក្តី​សម្រេច​របស់​តុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ ក្រុមហ៊ុន Walter Bau ក៏​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​អាល្លឺម៉ង់​ ឲ្យ​ចាប់​យន្តហោះ​រាជបុត្រ​ថៃ​ទុក ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ថៃ​​សងលុយ។

គណៈប្រតិភូថៃ​មួយក្រុម ដឹកនាំ​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​អាល្លឺម៉ង់ កាល​ពីថ្ងៃ​សុក្រ។ ថៃ​បានទាមទារ​ឲ្យ​អាល្លឺម៉ង់​ប្រគល់​យន្តហោះ​ទៅ​ឲ្យ​រាជបុត្រ​ថៃ​វិញ​ជា​បន្ទាន់ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី។ ក៏ប៉ុន្តែ នៅ​ក្នុង​ជំនួប​ជាមួយ​​​រដ្ឋមន្រ្តី​ការបរទេស​ថៃ ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​អាល្លឺម៉ង់​បាន​បញ្ជាក់ថា ការឃាត់ទុក​យន្តហោះ​នេះ គឺ​ស្ថិត​ក្នុង​ដៃ​របស់​តុលាការ​អាល្លឺម៉ង់។ រដ្ឋាភិបាល​អាល្លឺម៉ង់​មិនមាន​អំណាច​លូកដៃ​ចូល​ក្នុង​កិច្ចការ​របស់​តុលាការ​បានទេ។

ក្រុមមេធាវី​ថៃក៏​​បាន​ដាក់ពាក្យ​បណ្តឹង​មួយ​ដែរ ទៅ​តុលាការ​អាល្លឺម៉ង់ ទាមទារ​ឲ្យ​ប្រគល់​យន្តហោះ​ទៅឲ្យ​រាជបុត្រ​ថៃ​វិញ ដោយ​អះអាង​ថា យន្តហោះ​នេះ គឺ​ជាកម្មសិទ្ធិ​ឯកជន​របស់​រាជបុត្រ មិនមែន​ជា​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល​ថៃ​នោះទេ។ ដូច្នេះ តុលាការ​អាល្លឺម៉ង់​មិនអាច​​ចាប់​យន្តហោះ​ឯកជន ដើម្បី​ទារលុយ​ពី​រដ្ឋាភិបាល​ថៃ​បានទេ។

ក៏ប៉ុន្តែ កាល​ពីថ្ងៃ​សៅរ៍ តុលាការ​បាន​ច្រានចោល​ការទាមទារ​របស់​រដ្ឋាភិបាលថៃ ដោយសំអាង​ថា ថ្វីដ្បិត​តែ​យន្តហោះ​ប៊ូអ៊ីង ៧៣៧​ នេះ ប្រើប្រាស់​ដោយ​រាជបុត្រ​ថៃ​ក៏ពិត​មែន ក៏ប៉ុន្តែ នៅ​ក្នុង​ឯកសារផ្លូវការ​ទាំងអស់ សុទ្ធតែ​បញ្ជាក់ថា វាជា​កម្មសិទ្ធិ​របស់​រដ្ឋាភិបាលថៃ។ យោងតាម​កាសែត The Nation នៅ​ក្រោយ​ពេល​ដឹង​អំពី​សេចក្តី​សម្រេច​នេះ លោក​អាភិស៊ីត វេចាជីវ៉ា នាយក​រដ្ឋមន្រ្តីថៃ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​​ថា ថៃ​នឹង​បញ្ជូន​ឯកសារ​បន្ថែម​ទៀត​ទៅ​តុលាការ​អាល្លឺម៉ង់ ដើម្បី​បញ្ជាក់ថា យន្តហោះ​ដែល​អាល្លឺម៉ង់​ឃាត់ទុក គឺ​ជា​កម្មសិទ្ធិ​ឯកជន​របស់​រាជបុត្រ។

យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP នៅពេលនេះ ព្រះអង្គម្ចាស់​ វជ្ជរ៉ា​ឡុងកន កំពុង​ស្ថិត​នៅ​ក្នុង​មុយនិច ប្រទេស​អាល្លឺម៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI