បុត្រីច្បងរបស់អតីតព្រះមហាក្សត្រថៃ ចូលខ្លួនប្រជែងតំណែងនាយករដ្ឋមន្ត្រីជាមួយលោក ប្រាយុទ្ធ ចាន់អូចា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បុត្រីច្បងរបស់អតីតព្រះមហាក្សត្រថៃ ព្រះនាង Ubolratana ត្រូវគេប្រកាសនៅថ្ងៃសុក្រនេះថា ជាបេក្ខជននាយករដ្ឋមន្ត្រីថៃ ខណៈការបោះឆ្នោតសកល នៅរាជាណាចក្រដែលគ្រប់គ្រងដោយមេដឹកនាំយោធាមួយនេះ នឹងរៀបចំបោះធ្វើឡើងនៅថ្ងៃទី២៤ខែមីនាខាងមុខ។ ការប្រកាសឈរឈ្មោះរបស់ព្រះនាង Ubolratana បែបនេះ ធ្វើឡើងជួនគ្នានឹងលោក Prayut Chan-o-Cha នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ក៏ប្រកាសដូចគ្នាដែរ ជាបេក្ខជននាយករដ្ឋមន្ត្រីអាណត្តិថ្មី។
មុនការបិទបញ្ចប់ការចុះឈ្មោះបេក្ខជនឈ្មោះ នៅព្រឹកថ្ងៃសុក្រនេះ ព្រះនាង Ubolratana Rajakanya មានព្រះជន្ម៦៧ព្រះវស្សា ត្រូវបានគណបក្ស ថៃរក្សាជាតិ (Thai Raksa Chart) ដែលមានទំនាក់ទំនងនឹងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ប្រកាសថា នឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតសកលជាលើក ដំបូងបន្ទាប់ពីរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤។
យោងទៅតាមច្បាប់ថ្មីរបស់ថៃ ការប្រកាសតែងតាំងព្រះនាង Ubolratana Rajakanya ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស Thai Raksa Chart ត្រូវបានទទួលស្គាល់ពីលោក Prayut Chan-o-Cha ផងដែរ ដែលពេលនេះកំពុងតែប្រឈមមុខនឹងផ្សែងពុលនៅក្នុងប្រទេសថៃ ដែលស្ថានភាពនេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោក មុនការបោះឆ្នោតមកដល់។
ព្រះនាង Ubolratana Rajakanya ដែលជាព្រះរាមរបស់ព្រះមហាក្សត្រថៃបច្ចុប្បន្ន បានក្លាយជាបេក្ខជន ដ៏សំខាន់នៅក្នុងការបោះឆ្នោតខាងមុខ ប្រជែងនឹង លោក Prayut Chan-o-Cha នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន ដែលបានឡើងកាន់អំណាចដោយការធ្វើរដ្ឋប្រហារយោធា កាលពីខែឧសភាឆ្នាំ២០១៤ ពីលោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ត្រា។ លោក Prayut ក៏បានប្រកាសនៅថ្ងៃនេះដែរថា លោកឈរឈ្មោះជាបេក្ខជននាយករដ្ឋរដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មី។
ព្រះនាង Ubolratana Rajakanya គឺជាបុត្រីច្បងនៃអតីតព្រះមហាក្សត្រថៃ Phumibol Adulyadej ក៏ប៉ុន្តែព្រះនាងបានបោះបង់ចោលតួនាទីជាខ្សែររាជ្យវង្សរបស់ខ្លួន កាលពីឆ្នាំ១៩៧២ ដោយទៅរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិអាមេរិក ដែលធ្វើឲ្យព្រះនាងកាលណោះ បាត់បង់នូវសិទ្ធិទទួលបានរាជសម្បត្តិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ