សវនាការកាត់ទោសពួកមេដឹកនាំអាវក្រហមថៃបើកនៅថ្ងៃសុក្រនេះ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សវនាការកាត់ទោសពួកមេដឹកនាំចលនាអាវក្រហមថៃពីបទភេរវនិយម បានចាប់ផ្តើមបើកនៅថ្ងៃសុក្រទី១៤ធ្នូនេះហើយ ជាង២ឆ្នាំ ក្រោយពីអន្តរាគមន៍របស់កងទ័ពថៃ យ៉ាងហិង្សាដើម្បីវាយបំបែកមហាបាតុកម្មរបស់ចលនាពួកអាវក្រហមដែលបោះជំរំនៅកណ្តាលទីក្រុងបាងកកអស់រយៈពេលពីរខែនៅឆ្នាំ២០១០។ មេដឹកនាំនៃចលនាអាវក្រហមទាំង២៤នាក់ តាម ទ្រឹស្តី អាចនឹងត្រូវកាត់ទោសប្រហារជីវិត។
មេដឹកនាំ២៤នាក់នៃចលនាអាវក្រហមថៃក្នុងនោះ ៥នាក់ជាអ្នកតំណាងរាស្រ្ត តាមទ្រឹស្តី អាចនឹងត្រូវទទួលទោសប្រហារជីវិតក្នុងតួនាទីដឹកនាំមហាបាតុកម្មនានាដែលបានប្រមូលផ្តុំមនុស្សរហូតដល់១០ម៉ឺននាក់។
ចលនាបាតុកម្មរបស់ពួកអាវក្រហមថៃ ដែលទាមទារទម្លាក់រដ្ឋាភិបាលជំនាន់នោះគឺលោកអាប់ភីស៊ីត ត្រូវបានបិទបញ្ចប់ដោយប្រតិបត្តិការវាយបង្ក្រាបយ៉ាងកំរោលទៅលើបាតុករពីសំណាក់កងទ័ពក្នុងកណ្តាលទីក្រុងបាងកកដ៏គួរឲ្យស្លុតរន្ធត់។ ប្រទេសថៃក្នុងសម័យទំនើបនេះ មិនដែលធ្លាប់ជួបប្រទះនឹងវិបត្តិនយោបាយដ៏កាចសាហាវហិង្សាបែបនេះឡើយ។ហិង្សារហូតមានស្លាប់៩០នាក់និងរបួសជាង១៩០០នាក់។
ពួកបាតុករអាវក្រហមភាគច្រើន ជាអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra ដែលត្រូវពួកយោធាថៃធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចនៅឆ្នាំ២០០៦ និងឥឡូវ និរទេសរស់នៅក្រៅប្រទេស។ ចាប់តាំងពីព្រឹត្តិការណ៍នោះមក បរិយាកាសក្នុងប្រទេសថៃមានការធូរស្បើយវិញ ចំណែកបក្សព័ន្ធរបស់លោកថាក់ស៊ីន ក៏បានទទួលជោគជ័យនៅក្នុងការបោះឆ្នោតសភានៅឆ្នាំ ២០១១ ហើយលោកស្រី យីងឡាក់ដែលជាប្អូនស្រីលោកថាក់ស៊ីន បានឡើងកាន់មុខតំណែងជាប្រមុខរដ្ឋាភិបាលគ្រប់គ្រងក្នុងប្រទេសថៃបច្ចុប្បន្ននេះ។
មួយវិញទៀត ក្រុមមេដឹកនាំចលនាអាវក្រហមដែលមួយភាកធំ បានចូលបង្ហាញខ្លួននៅស្នងការប៉ូលិសនៅថ្ងៃចុងក្រោយបង្អស់នៃប្រតិបត្តិការវាយបង្ក្រាបរបស់កងទាហានថៃ បានឆ្លើយសារភាពថាពួកគេគ្មានកំហុសទេនៅលើការចោទប្រកាន់ពីបទអំពើភេរវនិយមនិងការញុះញង់បង្កអំពើហិង្សា។ ម្យ៉ាងទៀត ក្រុមមេដឹកនាំអាវក្រហមថៃ បានចូលក្នុងសវនាការកាត់ទោសនេះដោយសេរី លើកលែងតែម្នាក់ចេញដែល ត្រូវធ្វើការបង់ប្រាក់ធានាជាមុនដើម្បីមានសេរីភាពដូចគេ។
យ៉ាងណាមិញ ដំណើរការកាត់ទោសមេដឹកនាំចលនាអាវក្រហមថៃនឹងអាច អូសបន្លាយជាច្រើនខែ ដោយហេតុថា សវនាការនេះ អាចធ្វើទៅបានតែនៅក្រៅពីការងារប្រជុំរបស់រដ្ឋសភា ដែលនៅក្នុងពេលនោះ អ្នកតំណាងរាស្រ្ត មានអភ័យឯកសិទ្ធិសភា។
គូររំលឹកថា សវនាការកាត់ទោសក្រុមមេដឹកនាំអាវក្រហមនេះ បានចាប់ផ្តើមឡើងមួយថ្ងៃបន្ទាប់ពីការចោទប្រកាន់ជាផ្លូវការ លើលោកAbhisit Vejjajiva នាយករដ្ឋមន្ត្រីថៃជំនាន់នោះនិងឧបនាយករដ្ឋមន្ត្រី Suthep Thaugsuban ពីបទឃាតកម្មរួចមក ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ