ថៃ

ពួក​អាវក្រហម​ចេញ​ធ្វើ​បាតុកម្ម​សាជាថ្មី​ទៀត​នៅ​បាងកក

ពួកអាវក្រហម​ថៃ​ធ្វើ​បាតុកម្ម​ នៅបាងងកក ល្ងាច​ថ្ងៃ​សុក្រ ១៩ វិច្ឆិកា ២០១០
ពួកអាវក្រហម​ថៃ​ធ្វើ​បាតុកម្ម​ នៅបាងងកក ល្ងាច​ថ្ងៃ​សុក្រ ១៩ វិច្ឆិកា ២០១០ ©Reuters

ក្រុម​​អាវក្រហមថៃ ដែល​ជា​អ្នកគាំទ្រ​លោក​អតីត​នាយករដ្ឋមន្រ្តី​ថាក់ស៊ីន បាន​ចាប់ផ្តើម​ចេញ​ធ្វើ​បាតុកម្ម​សាជាថ្មី​ទៀត នៅថ្ងៃ​សុក្រ​នេះ ៦ខែ​ ក្រោយ​ពី​មាន​ការ​បង្រ្កាប​យ៉ាងឃោរឃៅ​ពី​សំណាក់​ទាហាន​ថៃ។ មន្រ្តី​ប៉ូលិស​ថៃ​បាន​ឲ្យដឹង​ថា ចំនួន​បាតុករ​អាច​នឹង​មាន​រហូតដល់​ទៅ​ជាង​១ម៉ឺន​នាក់។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ សេង ឌីណា

ច្បាប់​ស្តីពី​ភាព​អាសន្ន​នៅ​បាងក នៅ​មិនទាន់​ត្រូវបាន​រដ្ឋាភិបាល​ថៃ​ដកចេញ​វិញ​នៅឡើយទេ។​ ក៏ប៉ុន្តែ កាល​ពី​ព្រឹកមិញ ពួក​អាវក្រហម​ប្រមាណ ៣០០​នាក់ ក្នុង​សម្លៀកបំពាក់​ពណ៌ក្រហម និងខ្មៅ ដោយ​មាន​ចង​បូរ ជា​លក្ខណៈ​កាន់ទុក្ខផង បាន​នាំ​គ្នា​ទៅ​ប្រមូលផ្តុំគ្នា នៅ​ពី​មុខ​ពន្ធនាគារ ដែល​​ជា​កន្លែង​ឃុំឃាំង​ពួក​អាវក្រហម។ គួរបញ្ជាក់ថា នៅពេលនេះ មាន​មេដឹកនាំ​អាវក្រហម​ចំនួន ១៩នាក់ ​កំពុង​ជាប់ឃុំឃាំង ដោយ​ត្រូវ​ចោទប្រកាន់​ពី​បទភេរវកម្ម។

អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​បាងកក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ​អា-អែហ្វ-ប៉េ​ ថា ពួក​អាវក្រហម ១០០​នាក់ ត្រូវ​បាន​ប៉ូលិស​អនុញ្ញាត​ឲ្យ​ចូល​ទៅ​សួរសុខទុក្ខ​​អ្នក​ជាប់ឃុំ។ ចំណែក ២០០​នាក់ផ្សេងទៀត ប្រមូលផ្តុំ​គ្នា​នៅ​ពីមុខ​មន្ទីរឃុំឃាំង។ ប៉ូលិស​ចំនួន ៣០០នាក់ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ការពារសន្តិសុខ​ នៅ​កន្លែងនោះ។

នៅពេលនេះ ពួកអាវក្រហមនៅ​​​មុខ​មន្ទីរឃុំឃាំង បាន​​ទៅ​ប្រមូលផ្តុំ​គ្នា​ជាមួយ​ក្រុម​​អាវក្រហម​ផ្សេងទៀត ​នៅ​ម្តុំ​ Rachaprasong ដើម្បី​រំឭក​ខួប ៦ខែ នៃ​ការ​បង្រ្កាប​បាតុកម្ម ធ្វើ​ឡើង​ដោយយោធាថៃ។ ការបង្រ្កាប​បាតុកម្ម នៅ Rachaprasong កាល​ពីថ្ងៃ​ទី១៩ ឧសភា កន្លងទៅ បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ៩០​នាក់​បាត់បង់​ជីវិត និង​ជិត ២០០០​នាក់​ផ្សេងទៀត​រងរបួស ភាគច្រើន​គឺ​ជា​ជនស៊ីវិល។ អ្នក​កាសែត​​ពីរនាក់ គឺ​ ជនជាតិ​ជប៉ុនម្នាក់ និង​ជនជាតិ​អ៊ីតាលីម្នាក់ ក៏​បាន​បាត់បង់​ជីវិត​ក្នុង​ពេលនោះដែរ។

កាល​ពីពេលថ្មីៗនេះ មន្រ្តី​ស៊ើបអង្កេត​ថៃ​បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​បឋម​ថា អ្នក​កាសែត​ជនជាតិ​ជប៉ុន ដែល​ធ្វើការ​ឲ្យ​ទីភ្នាក់ងារ​រ៉យទ័រ ទំនង​ជា​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​របស់​ទាហាន។ ក៏ប៉ុន្តែ ការស៊ើបអង្កេត​នៅ​មិនទាន់​បញ្ចប់​ជា​ស្ថាពរ​នៅឡើយទេ នៅពេលនេះ។

យោងតាម​មន្រ្តី​ប៉ូលិស​ថៃ រហូតមកទល់ពេលនេះ បាតុករ​អាវក្រហម​ នៅ Rachaprasong មាន​ចំនួន​ជាង ៦០០០​នាក់ ហើយ​ថា ចំនួន​នេះ​អាច​នឹងកើនឡើង​ទៀត រហូត​ដល់​ទៅ​ជាង ១ម៉ឺន​នាក់ នៅ​យប់នេះ។

ឧត្តមសេនីយ៍​ Prayuth Chan-O-Cha អគ្គបញ្ជាការ​កងទ័ព​ថៃ ​បាន​ចេញ​បទបញ្ជា​មួយ នៅថ្ងៃនេះ​ ព្រមាន​ដល់​ពួក​អាវក្រហម​កុំឲ្យ​ធ្វើ​អ្វី ដែល​ល្មើស​នឹង​ច្បាប់​ភាព​អាសន្ន ដែល​កំពុង​នៅ​ជា​ធរមាន នៅ​បាងកក។ បទបញ្ជានេះ​បាន​បញ្ជាក់ថា អ្នក​ប្រព្រឹត្ត​​ល្មើស​នឹង​ច្បាប់​នេះ អាច​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ២ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់ ១ ៣០០​ដុល្លារ។
ស្ថានឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំ​ក្រុង​បាងកក​​វិញ បាន​ព្រមាន​ដល់​ជនបរទេស​ទាំងអស់​ កុំ​ឲ្យ​ទៅ​ក្បែរ​កន្លែង​បាតុកម្ម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI