មេដឹកនាំក្រុមអាវលឿងថៃត្រូវលើកលែងការចោទប្រកាន់ពីបទប្រមាថមហាក្សត្រ
នៅថ្ងៃពុធនេះ តុលាការថៃបានសម្រេចលើកលែងការចោទប្រកាន់ លើរូបលោកសុនធិ លឹមថុងគុល (Sondhi Limthongkul) មេដឹកនាំក្រុមអាវលឿងថៃ ពីបទប្រមាថព្រះមហាក្សត្រ។ ចៅក្រមបានលើកហេតុផលថា លោកលឹមថុងគុល បាននិយាយប៉ះពាល់ដល់ព្រះមហាក្សត្រថៃមែន ប៉ុន្តែ មិនមានចេតនាប្រមាថព្រះមហាក្សត្រនោះទេ។
ចុះផ្សាយនៅថ្ងៃ៖
លោកសុនធិ លឹមថុងគុល ត្រូវបានជាប់ចោទពីបទប្រមាថព្រះមហាក្សត្រ ក្រោយពីលោកបានដកស្រង់សម្តីមេដឹកនាំក្រុមអាវក្រហម ដែលនិយាយប៉ះពាល់ដល់ព្រះមហាក្សត្រថៃ កាលពីឆ្នាំ២០០៨។
នៅថ្ងៃពុធនេះ តុលាការថៃបានសម្រេចលើកលែងការចោទប្រកាន់លើលោកលឹមថុងគុល ក្នុងហេតុផលថា ពាក្យសម្តីដែលលោកលឹមថុងគុលប្រើនៅឆ្នាំ២០០៨នោះ មិនមែនជាពាក្យសម្តីផ្ទាល់របស់លោកទេ។ លោកលឹមថុងគុលគ្រាន់តែដកស្រង់សម្តីអ្នកផ្សេងមកនិយាយប៉ុណ្ណោះ គឺក្នុងគោលបំណងឲ្យប៉ូលិសចាត់វិធានការប្រឆាំងនឹងមេដឹកនាំអាវក្រហម ដែលបាននិយាយប្រមាថព្រះមហាក្សត្រ។ ដូច្នេះ លោកលឹមថុងគុលមិនមានចេតនាប្រមាថព្រះមហាក្សត្រនោះទេ។
លោកលឹមថុងគុលវិញ បានអះអាងថា ការចោទប្រកាន់លើរូបលោកពីបទប្រមាថព្រះមហាក្សត្រនេះ គឺបង្កឡើងដោយគូសត្រូវរបស់លោក ដែលស្វះស្វែងធ្វើយ៉ាងណាឲ្យលោកជាប់គុក។ ថ្វីដ្បិតតែលោកលឹមថុងគុលមិនបញ្ចេញឈ្មោះ ក៏ប៉ុន្តែ គេដឹងថា គូសត្រូវដ៏ធំរបស់គាត់ គឺក្រុមអាវក្រហម ដែលគាំទ្រលោកថាក់ស៊ីន។
គួររំឭកឡើងវិញថា លោកសុនធិ លឹមថុងគុល គឺជាអ្នកបង្កើតក្រុមអាវលឿងថៃ ដែលបានរៀបចំធ្វើបាតុកម្ម ជាដើមហេតុនាំឲ្យទាហានថៃធ្វើរដ្ឋប្រហារទម្លាក់លោកថាក់ស៊ីន កាលពីឆ្នាំ២០០៦។ ក្រៅពីរឿងប្រមាថព្រះមហាក្សត្រនេះ លោកលឹមថុងគុល មានជាប់ក្តីក្តាំជាមួយតុលាការជាច្រើនរឿងទៀត។ ទីមួយ ទាក់ទងនឹងបទបរិហាកេរ្តិ៍លោកថាក់ស៊ីន ដែលតុលាការកាត់ឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ កាលពីឆ្នាំ២០១០។ ក៏ប៉ុន្តែ ទោសនេះត្រូវព្យួរ។ រឿងមួយទៀត គឺទាក់ទងនឹងការកេងបន្លំក្នុងក្រុមហ៊ុន ដែលតុលាការកាត់ទោសឲ្យលោកលឹមថុងគុលជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ។ ក៏ប៉ុន្តែ បច្ចុប្បន្ននេះ តុលាការបានដោះលែងឲ្យលោកលឹមថុងគុល ស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន ដោយរង់ចាំការសម្រេចសេចក្តីលើបណ្តឹងឧទ្ធរណ៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ