ថៃទទួលស្គាល់ថាអំពើបះបោរនៅខេត្តប៉ែកខាងត្បូងកើតមានកាន់តែខ្លាំង
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលថៃបានប្រកាសទទួលស្គាល់ថា អំពើហិង្សានៅតាមបណ្តាខេត្តប៉ែកខាងត្បូងប្រទេសថៃ កំពុងតែរាលដាលកាន់តែខ្លាំងឡើង។ កងកម្លាំងប្រដាប់អាវុធដល់ទៅ៦ម៉ឺននាក់ ត្រូវបានរដ្ឋាភិបាលបានដាក់ពង្រាយ នៅក្នុងខេត្តទាំងនោះ ក៏ប៉ុន្តែ នៅតែមិនអាចទប់ស្កាត់ការវាយប្រហារពីសំណាក់ក្រុមជនប្រដាប់អាវុធអ៊ីស្លាមបាន។ ថ្មីៗនេះ ក្រុមបះបោរធ្វើការវាយប្រហារក្នុងទ្រង់ទ្រាយកាន់តែធំឡើងៗ។
សេចក្តីរាយការណ៍របស់ សេង ឌីណា
អំពើបះបោររបស់ក្រុមជនប្រដាប់អាវុធកាន់សាសនាអ៊ីស្លាម នៅខេត្តចំនួនបី (យ៉ាឡា ផាត់តានី និងណារ៉ាធីវ៉ាត់) នៅជាប់នឹងព្រំដែនប្រទេសម៉ាឡេស៊ី បានផ្ទុះឡើងតាំងពីឆ្នាំ២០០៤មក ហើយបានបណ្តាលឲ្យមនុស្ស ចំនួន ៤៤០០នាក់ បាត់បង់ជីវិត។
ថ្មីៗនេះ ក្រុមបះបោរហាក់ដូចជាបានប្តូរតាក់ទិក ដោយកាត់បន្ថយចំនួននៃការវាយប្រហារ ក៏ប៉ុន្តែ ការវាយប្រហារមួយលើកៗមានទ្រង់ទ្រាយកាន់តែសាហាវឡើង បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសកាន់តែច្រើនឡើង។ កាលពីជាងពីរខែមុននេះ ក្រុមបះបោរបានធ្វើការវាយប្រហារលើបន្ទាយយោធាមួយកន្លែង ហើយបានសម្លាប់ទាហានថៃយ៉ាងតិចចំនួន៤នាក់។ មួយសប្តាហ៍ក្រោយមក ការវាយប្រហារមួយទៀត បានបណ្តាលឲ្យមនុស្សស្លាប់ ៩នាក់។
ការវាយប្រហារចុងក្រោយបំផុត បានកើតឡើងកាលពីថ្ងៃចន្ទ ម្សិលមិញ។ ក្រុមបះបោរបានដាក់បង្កៃគ្រាប់បែកច្នៃក្នុងឡានមួយ ហើយប្រើទូរស័ព្ទដៃបញ្ជាបំផ្ទុះ នៅក្នុងស្ថានីយ៍ប៉ូលិសមួយកន្លែង នៅក្នុងខេត្តណារ៉ាធីវ៉ាត់ បណ្តាលឲ្យប៉ូលិសម្នាក់រងរបួស។ នៅថ្ងៃដដែល នៅខេត្តផាត់តានី មន្រ្តីប៉ូលិសចូលនិវត្តន៍ម្នាក់ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់ ហើយចៅស្រីរបស់គាត់ម្នាក់បានរងរបួសធ្ងន់។ គណៈសង្ឃនៅខេត្តផាត់តានីបានស្នើសុំឲ្យព្រះសង្ឃនៅតាមស្រុកមួយចំនួនផ្អាកការចេញបិណ្ឌបាត្រជាបណ្តោះអាសន្ន ក្រោយពីមានការវាយប្រហារលើក្បួនព្រះសង្ឃកំពុងបិណ្ឌបាត្រ កាលពីដើមខែមីនាថ្មីៗនេះ បណ្តាលឲ្យព្រះសង្ឃមួយអង្គសុគត និង២អង្គផ្សេងទៀតរងរបួស។
គួរបញ្ជាក់ថា ខេត្តប៉ែកខាងត្បូងប្រទេសថៃ មានដើមកំណើតជាដែនដីរបស់ម៉ាឡេស៊ី ក៏ប៉ុន្តែ ត្រូវបានថៃកាន់កាប់ និងបានកាត់បញ្ចូលជាទឹកដីថៃជាផ្លូវការ នៅឆ្នាំ១៩០៩។ នៅក្នុងខេត្តទាំងនោះ ប្រជាជនភាគច្រើន មានដើមកំណើតម៉ាឡេ ហើយកាន់សាសនាអ៊ីស្លាម។
មានអ្នកខ្លះរិះគន់ថា អំពើបះបោរនៅខេត្តប៉ែកខាងត្បូងកើតឡើង គឺមករដ្ឋាភិបាលក្រុងបាងកកមិនបានគិតគូរដល់សេចក្តីត្រូវការរបស់ប្រជាជននៅប៉ែកខាងត្បូង ដែលជាជនជាតិភាគតិច ក្នុងចំណោមជនជាតិថៃ។ អត្តសញ្ញាណ ភាសា សាសនា វប្បធម៌ និងប្រពៃណីរបស់ពួកជនជាតិភាគតិចទាំងនេះមិនត្រូវបានគេគោរព។ ជារឿយៗ ទាហានថៃត្រូវទទួលរងនូវការចោទប្រកាន់ថាបានប្រើអំណាចរំលោភទៅលើពួកអ្នកកាន់សាសនាអ៊ីស្លាម ដើមកំណើតម៉ាឡេទាំងនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ