ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តនយោបាយ​ថៃ ៖ ក្រោយ​ការ​បោះឆ្នោត ភាព​ស្រពេច​ស្រពិល​នយោបាយ​បានចូល​ដល់​វគ្គ​ថ្មី

សំឡេង ០៦:៣០
ក្រុម​បាតុករចុះ​ដង្ហែ​ក្បួន​​ប្រឆាំង​រដ្ឋាភិបាល ក្រោយ​ការ​បោះឆ្នោត នៅ​ទីក្រុង​បាងកក ថ្ងៃ​ទី ៣ កុម្ភៈ​
ក្រុម​បាតុករចុះ​ដង្ហែ​ក្បួន​​ប្រឆាំង​រដ្ឋាភិបាល ក្រោយ​ការ​បោះឆ្នោត នៅ​ទីក្រុង​បាងកក ថ្ងៃ​ទី ៣ កុម្ភៈ​ © Reuters

ក្រោយ​ការបោះឆ្នោត​ដែល​ចំណាយ​លុយ​រាប់​លាន​ដុល្លារ ថៃ​នៅតែ​មិនទាន់​មើល​ឃើញ​ពន្លឺ នៃ​ច្រក​ចេញ​ពី​វិបត្តិ។ ក្រុម​ប្រឆាំង​នៅតែ​ចេញ​ធ្វើ​បាតុកម្ម។ សភា​ចាស់​ក៏​លែង​មាន ចំណែក​សភា​ថ្មី ក៏​មិនដឹង​ជា​បង្កើត​បាន​ឬ​មិនបាន ដោយសារ​តែ​ការបោះឆ្នោត​ត្រូវ​រងការ​រំខាន។ គេ​ត្រូវ​រង់​ចាំ​ជា​ច្រើន​សប្តាហ៍ ឬ​ដល់​ខែ​ផង ទើប​អាច​មាន​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត។

ផ្សាយពាណិជ្ជកម្ម

 

ការ​បោះឆ្នោត​ ដែល​រដ្ឋាភិបាល​លោកស្រី​យីងឡាក់​ស្នើ​ឡើង​ដោយ​សង្ឃឹម​អាច​ផ្សះផ្សា​ជាតិ បាន​ប្រព្រឹត្ត​ទៅ​តាមកាល​កំណត់ ប៉ុន្តែ​មាន​ពល​រដ្ឋ​ច្រើន​បាន​ចូល​រួម ហើយ​តាំង​ពីព្រឹក​ ក្រុម​បក្ស​ប្រឆាំង​បាន​ប្រមូល​ផ្តុំគ្នា​ជា​ថ្មី​ធ្វើ​បាតុកម្ម​ទៀត។ នេះ​គឺ​ពិត​ជា​បញ្ជាក់​បាន​ថា​វិបត្តិ​នយោបាយ​ថៃ​មិន​អាច​បិទ​បញ្ចប់​ ត្រឹម​សន្លឹក​ឆ្នោត​បាន​ទេ ?

​ពន្លឺ​​ដ៏​តិចតួច ដែល​គណបក្ស​កាន់​អំណាច​សង្ឃឹម​អាច​ជួយ​ចូក​ជួយ​ចែវ​រដ្ឋាភិបាល​បាន គឺ​លទ្ធផល​ ដ៏​ត្រចះ​ត្រចង់ ឈ្នះដាច់ ក្នុង​សម័យ​​បោះឆ្នោត​ថ្ងៃ​ទី២កុម្ភៈ។ ព្រោះ​បើ​ឈ្នះ​ខ្លាំង ទើប​អាច​ផ្តល់​ភាព​ស្រប​ច្បាប់​ខ្លាំង ​និង​ច្រើន​ដល់​លោកស្រី​ប្រមុខ​រដ្ឋាភិបាល និង​អាច​អនុញ្ញាត​ឱ្យ​លោកស្រី​ មាន​ទឹក​មាត់ប្រៃ​​និយាយ​អំពី​ពាក្យ​ថា​ប្រជាធិបតេយ្យ​បាន។ ប៉ុន្តែ​វា​មិនដូច​​ក្តីស្រមៃ​ចង់​បាន​ឡើយ !

ថ្វី​បើ​ការ​បោះឆ្នោត​ជា​ទូទៅ ប្រព្រឹត្ត​ទៅ​​​ក្នុង​សភាព​ស្ងប់ស្ងាត់​មែន តែ​អត្រាអ្នក​ចូល​រួម​បោះឆ្នោត​ នៅ​ថ្ងៃ​ម្សិលមិញនេះ មាន​ជាង​​​២០,៨៩%​ ​ប៉ុណ្ណោះ នៅទីក្រុង​បាងកក។ តួលេខ​​នេះ​ មិន​អនុគ្រោះ​សោះ​សម្រាប់គណបក្ស​កាន់​អំណាច។ ​អត្រា​ទូទាំង​ប្រទេស​វិញ មាន​លក្ខណៈ​ប្រសើរ​បន្តិច ពោល គឺ​ឡើង​ដល់​ទៅ​ប្រមាណ​៥០% ប៉ុន្តែ​ជា​ចំនួន​ទាប​បំផុត​បើ​ប្រៀប​ទៅ​នឹង​ការ​បោះឆ្នោត​មុនៗ ដែល​មាន​ដល់​ទៅ​​​៧០%។

អត្រា​ចូល​រួម​បោះឆ្នោត​ដ៏​ទាប​នេះ គឺ​បណ្តាល​មក​ពី ក្រុម​ប្រឆាំង​ធ្វើ​ការ​​​រាំង​ស្ទះ​ បាន​ដូច​បំណង ?!

នេះ​ជា​កត្តា​មួយ ដែល​មិន​អាច​ប្រកែក​បាន​ឡើយ ! ប៉ុន្តែ​សូម្បី​តែ​ក្នុង​ចំណោម​ពួក​អាវក្រហម​ នៅ​ភាគ​ខាង​ជើង​និង​ឦសាន ដែល​ ជា​អ្នក​ស្មោះស្ម័គ្រ​នឹង​ត្រកូល​ថាក់ស៊ីន​ ក៏​ចូល​រួម​ក្នុង​បរិមាណ​តិច​ជាង​មុន​ដែរ។

អត្រា​ដ៏​ទាប​នេះ ក៏​អាច​បញ្ជាក់​ពីភាព​​ស្រពេច​​ស្រពិចរបស់​ពួក​អាវក្រហម​លើរដ្ឋាភិបាល​។ ភាគ​ច្រើន ​មិន​ចង់​ទៅ​បោះឆ្នោត​តែ​ម្តង​ ព្រោះ​ដឹងជា​ស្រេច​ថា ជា​ការ​បោះឆ្នោត​ដែល​នឹង​មិន​យក​ជា​បាន​ការណ៍ ខ្លះ​ទៀត​ចង់​ព្រមាន​រដ្ឋាភិបាល​ដែល​បាន​ស្នើ​គម្រោង​ច្បាប់​លើក​លែង​ទោស។ សំណើដែល​ត្រូវ​ចាត់​ទុក​ជា​កំហុស​នយោបាយ​មួយ និ​ងជា​ភ្នាក់​ងារគាស់​​​​វិបត្តិ​ឱ្យ​ឆេះ​ជា​ថ្មី តាំង​ពីខែ​វិច្ឆិកា​មក។ កំហុស​មួយ​ទៀត​គឺ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច “នយោបាយ​ប្រមូល​ទិញ​អង្ករ ដ៏​ចម្រូង​ចម្រាស។ ការ​ប្រមូល​ទិញ​អង្ករ​ក្នុង​តម្លៃ​ខ្ពស់​ដើម្បី​លើក​ស្ទួយ​ជីវភាព​ក្រីក្រ​របស់​ប្រជាកសិករថៃ ប៉ុន្តែ​កសិដ្ឋាន​ជាច្រើន​មិន​ទទួល​លុយ​​ថ្លៃ​លក់​អង្ករ​នោះ​ទេ គឺ​បាន​ចំណេញ​តែ​អ្នក​កណ្តាល​ប៉ុណ្ណោះ។​ នយោបាយ​នេះ​បាន​បង្ក​បង្កើត​សត្រូវ​ច្រើន សម្រាប់​លោកស្រី​យីងឡាក់​​។

​យ៉ាងណា​ក៏​ដោយ ក៏​គ្មាន​អ្វី​គួរ​ឱ្យ​សង្ស័យ​ទេ​ដែល​ថា​ បក្ស​កាន់​អំណាចរបស់​ លោកស្រី យីងឡាក់ ត្រូវ​ឈ្នះឆ្នោត​នោះ គ្រាន់​តែ​ថា​គេ​ត្រូវ​ការពេល​វេលា​យូរ ច្រើន​សប្តាហ៍ ឬ​ក៏​ច្រើន​ខែ​ផង ទម្រាំ​អាច​ប្រកាស​លទ្ធផល​ឆ្នោត​បាន។ ហើយ​ក្នុង​ពេល​រង់ចាំ រដ្ឋាភិបាល​នេះ​កាន់​តែ​ផុយស្រួយ ខ្សោយ ងាយ​ផ្តួល។ ​​អន្ទាក់​ដ៏​គ្រោះ​ថ្នាក់​​មួយ​ទៀត​ ដែល​កំពុង​រង់ចាំ​​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​ គឺ​អំណាច​តុលាការ។ តុលាការ​ធម្មនុញ្ញ​ គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុក​រលួយ ​បាន​ផ្តើម​ដំណើរ​ការ​ច្បាប់​ប្រឆាំង​នឹង​លោកស្រី​ និង​តំណាង​រាស្ត្រ​របស់​គណបក្ស​ភឿថៃ​រួច​ជា​ស្រេច​ទៅ​។

ក្រុម​នេះ​ប្រឆាំង​នឹង​អ្នក​កាន់​អំណាច​បច្ចុប្បន្ន​ណាស់ និង​ខ្ទាស់​តែ​រដ្ឋាភិបាល​មិន​ឱ្យ​ធ្វើ​អ្វី​ស្រេច​នឹង​ចិត្ត​បាន​ទេ។ សូម​បញ្ជាក់​ថា ក្រុម​នេះ​ត្រូវ​បាន​តែង​តាំង​ឡើង​ កាលពី​ឆ្នាំ​២០០៦ ក្រោយ​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់។ ដូច្នេះ​ក្រុម​ចៅក្រម​នេះ​ស្អប់​រដ្ឋាភិបាល និង​មាន​តែ​ជួយ​រុញ​ច្រាន​វិបត្តិ​ឱ្យ​ធ្លាក់​ធ្ងន់ធ្ងរ​ ជា​ជាង​ជួយ​ដោះស្រាយ។

​តើ​ប្រមុខ​រដ្ឋាភិបាល​លោកស្រី​យីងឡាក់ អាច​ធ្វើ​អ្វី​កើត​ឱ្យ​ប្រាកដ​ទៅ​នៅ​ពេល​នេះ?
 
គណបក្ស​កាន់​អំណាចសង្ឃឹម​ថា​ក្រុម​បក្ស​ប្រឆាំង​នឹង​ចុះខ្សោយ​បន្តិច​ម្តងៗ បន្ទាប់​មក​នឹង​មាន​អប្រជាប្រិយភាព ក្នុង​ក្រសែ​ភ្នែក​បណ្តា​ជន​ថៃ​ ដែល​គាំទ្រ​ក្រុម​នេះ​ចំនួន​ប្រមាណ​៣០% និង​ក្នុង​ក្រសែភ្នែក​ អ្នក​ផ្តល់​ហិរញ្ញវត្ថុ​​ដល់​បក្ស​ប្រឆាំង។ អ្នក​ផ្តល់​ជំនួយ​រាប់​លាន​អឺរ៉ូ ដែល​ដល់​ពេល​មួយ​ មើល​ឃើញ​វិក័យប័ត្រ​ឡើង​ខ្ពស់ ឈប់​ឧបត្ថម្ភ​។

ក្រុម​បាតុករ ដែល​មិន​មាន​ចំនួន​ច្រើន​ខ្លាំង កំពុង​បិទ​ខ្ទប់​ធ្វើ​រនាំង​ក្រុង​បាងកក មិន​មែន​ជា​សកម្មជន​នយោបាយ​ធ្វើ​បាតុកម្ម​ដោយ​ស្ម័គ្រ​ចិត្ត ឬ​ដើម្បីការពារ​មនោគមវិជ្ជា​ ឬ​ទស្សនៈ​នយោបាយ​អ្វី​ទេ។ ប៉ុន្តែ​ក្រុម​នេះ ត្រូវ​បាន​គេ​ជួល​ ក្នុង​តម្លៃ​ប្រមាណ​១៥​អឺរ៉ូ​ក្នុង​មួយ​ថ្ងៃ។ អ៊ីចឹង​បើ​គេបូក​ចំនួន​បាតុករ ចំនួន​ថ្ងៃ​ធ្វើ​បាតុកម្ម​តាំង​ពី​ជិត​បី​ខែ ឃើញ​ថា​អស់​ប្រាក់​ចំណាយ​ច្រើន។ ដូច្នេះហើយ​បាន​ជា​​រដ្ឋាភិបាល​ អាច​សង្ឃឹម​​រង់ចាំ​មើល​បក្ស​ប្រឆាំង​ខ្សត់​ក្រពះ បញ្ឈប់​សកម្មភាព ប៉ុន្តែ​ជា​សំណាង​អាក្រក់​ ប្រហែល​គ្មាន​រឿង​បែប​នេះ​កើត​ឡើង​ទេ​...
នៅ​ថ្ងៃ​ចន្ទ​នេះ មេ​បក្សប្រឆាំង​សន្យា​ធ្វើ​បាតុកម្ម​យក្ស​ទម្លាក់​រដ្ឋាភិបាល​ឱ្យ​បាន គឺ​ក្បួន​បាតុកម្ម​១៤​គីឡូម៉ែត្រ​ ដង្ហែ​ពេញ​ផ្ទៃ​ប្រទេស។ វិបត្តិ​ថៃ ទំនង​ជា​មិន​ងាយ​បញ្ចប់​ឡើយ ធ្វើ​ឱ្យ​ក្រុមបក្ស​ពួកត្រកូល​ថាក់ស៊ីន​ ផ្តើម​​ស្វះស្វែង​រក​ផ្លូវចុះ​ តាម​សម្រួល។

 

បាតុកម្ម​នៅ​ពេញ​ផ្លូវ សភា​ចាស់​ក៏គ្មាន សភា​ថ្មី ក៏​មិន​ដឹង​ថា​នឹង​អាច​បង្កើត​បាន​​នៅ​ពេល​ណា តើ​វិបត្តិ​ថៃ​នឹង​ត្រូវ​រក​ច្រក​ចេញ​តាម​ណា បើ​នៅ​មាន​តែ​ព្រឹទ្ធ​សភា​មួយ​ ? ចុះ​តួអង្គ​ដ៏​សំខាន់ពីរ​​ទៀត គឺ​ព្រះ​មហាក្សត្រ​ និងយោធា តើ​នឹង​អាច​ធ្វើ​អ្វីកើត​ទេ ? ប្រសិន​បើ​តួអង្គ​ពីរ​ចូល​លូក​ដៃ​ គឺ​ប្រាកដ​ជា​បាន​ប្រយោជន៍​ទៅ​​ខាង​​បក្ស​ប្រឆាំង ​?

ចំពោះ​ព្រះ​មហាក្សត្រ​ ព្រះអង្គ​ចាស់​ជរា មាន​រោគា​ព្យាធិ ដែល​គ្មាន​លទ្ធភាព​ដើរ​តួនាទី​សកម្ម​ក្នុង​វិបត្តិ​នយោបាយ​ទេ។ ព្រះអង្គ​ទំនង​​កំពុង​ខ្វល់​ខ្វាយ​រក​អ្នក​ស្នង​រាជ្យ។ ព្រះ​អង្គ​ក៏​ត្រូវ​គិត​គូរ​ និងចង់​​ដឹង​ថា​តើ​នរណា​ជា​​អ្នកកាន់​អំណាច ដើម្បី​ងាយ​តម្រង់​ទិស​ស្នង​រាជ្យ​ឱ្យ​ត្រូវ​ពេល ត្រូវ​​នយោបាយ។

ចំណែក​តួនាទី យោធា វិញ គឺ​ផ្តល់​លទ្ធផល​ភ្លាមៗ។ ប៉ុន្តែ​តាំង​ពី​មាន​ផ្ទុះ​វិបត្តិ​មក​ យោធា​​បាន​បដិសេធ​មិន​ប្រកាន់​ជំហរ ដោយ​មិន​លូក​លាន់​ក្នុង​វិបត្តិ​នយោបាយ និង​អះអាង​គោរព​តួនាទីស្ថាប័ន និង​រដ្ឋាភិបាល ដែល​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត តាម​បែប​ប្រជាធិបតេយ្យ។ តែ​ពេល​ខ្លះ​យោធា​ក៏​មានសេចក្តី​ថ្លែងការណ៍​ផ្ទុយ​ បញ្ច្រាស​ទិស​ ចង់​ធ្វើ​រដ្ឋ​ប្រហារ​ដែរ ពោល​គឺ​គេ​មិន​ដឹង​អំពី​ជំហរ​ចុងក្រោយ​របស់​យោធា​ទេ។

រដ្ឋប្រហារ​អាច​នឹង​ប្រព្រឹត្តទៅ​បាន​គ្រប់​ពេល​វេលា​។ នេះ​ហើយ​ជា​អ្វី​ដែល​បក្ស​ប្រឆាំង​ចង់​បាន ! យោធា​ថៃ​មិន​មែន​អព្យាក្រិត្យ​ទាំង​ស្រុង​ឡើយ ក្រុម​នេះ​តែង​បញ្ចេញ​សកម្មភាព​ស្ងាត់ៗ​ជា​រហូត​មក នៅពីក្រោយ​ក្រុម​ប្រឆាំង​ ដូចជា​បាន​បណ្តោយ​ឱ្យ​ក្រុម​នេះ​ចូល​កាន់​កាប់​ ក្រសួង​មន្ទីរ​ ឬ​វិមាន​រដ្ឋាភិបាល។ សកម្មភាព​បែប​នេះ មិន​មាន​អនុវត្ត ​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទេ ព្រោះថា យោធា​មាន​កាតព្វកិច្ច​ការពារ​ស្ថាប័ន​រដ្ឋ​ទាំងអស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI