សភាថៃអនុម័តច្បាប់លើកលែងទោសដោយមានបាតុកម្មទ្រង់ទ្រាយធំប្រឆាំង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បាតុករថៃរាប់ពាន់នាក់ បានបន្តប្រមូលផ្តុំគ្នាទៀត នៅថ្ងៃសៅរ៍នេះ គម្រប់បីថ្ងៃជាប់គ្នា នៅទីក្រុងបាងកក ដើម្បីបរិហារប្រឆាំងនឹងច្បាប់លើកលែងទោស ដែលអាចជាការបើកផ្លូវឱ្យអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា វិលចូលមាតុប្រទេសវិញបាន។
សភាថៃបានបោះឆ្នោតអនុម័តហើយ នៅល្ងាចថ្ងៃសុក្រម្សិលមិញ បន្ទាប់ពីបានបើកកិច្ចពិភាក្សាអស់រយៈពេលបីលើក។ ច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភា អនុម័តសិន មុននឹងអាចចូលជាធរមានបាន។
គណបក្សប្រឆាំងដែលសន្យាធ្វើគ្រប់យ៉ាង ដើម្បីខ្ទាស់មិនឱ្យច្បាប់លើកលែងទោសអាចចេញរួចនោះ ទោះត្រូវឡើងដល់តុលាការធម្មនុញ្ញក៏ដោយនោះ បានប្រកូកប្រកាសធ្វើបាតុកម្មជាថ្មីទៀត នៅថ្ងៃសៅរ៍នេះ ជាគម្រប់បីថ្ងៃជាប់គ្នា។ ប៉ុន្តែមានបាតុករប្រមាណជិតបីពាន់នាក់ប៉ុណ្ណោះ ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់បក្សប្រជាធិបតេយ្យ មកប្រមូលផ្តុំគ្នាស្រែកប្រឆាំងច្បាប់លើកលែងទោស។ ពោលគឺខុសឆ្ងាយស្រឡះពីការគ្រោងទុក។
តាមការពិត តាំងពីថ្ងៃដំបូងនៃបាតុកម្ម ថ្ងៃព្រហស្បតិ៍ទី ៣១តុលា មក គណបក្សប្រឆាំង ដែលសកម្មជនភាគច្រើនជាអ្នកមានក្នុងក្រុង និងជាសម្ព័ន្ធមិត្តរបស់ក្រុមអាវលឿងរាជានិយមនោះ មិនអាចប្រមូលផ្តុំបាតុករបានហ្វូងហ្វាយមកគំរាមរដ្ឋាភិបាល លោកស្រីយីងឡាក់ ឱ្យបោះបង់ផែនការកំណែទម្រង់នេះបានឡើយ។
ម្យ៉ាងទៀត សម្រាប់អ្នកគាំទ្រ ច្បាប់លើកទោសដែលសភាទើបអនុម័តនេះ គឺជាចំណុចចាប់ផ្តើមថ្មី ប្រកបដោយភាពស្អាតស្អំ ខណៈដែលប្រទេសនេះបានស្គាល់តែភាពបែងចែង អស់ជាច្រើនឆ្នាំរវាងអ្នកក្រុង និងអ្នកជនបទដែលគាំទ្រនិងចូលចិត្តអតីតនាយករដ្ឋមន្ត្រី រីឯអ្នកមានអ្នកបាងកកណែបណិតរាជរាំងស្អប់លោកថាក់ស៊ីន។ បែងចែករហូត រុញច្រានថៃឱ្យធ្លាក់ក្នុងវិបត្តិ ហិង្សាជាប្រវត្តិសាស្ត្រ នៅឆ្នាំ២០១០ ស្លាប់មនុស្សជាង៩០នាក់ និងរបួសជាង១៩០០នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ