ថៃ

ថៃ៖ ​ភាពចម្រូងចម្រាស​ក្រោយពី​ស្លាក​រំឭក​បដិវត្តន៍​ផ្តួលរំលំ​រាជានិយម​ត្រូវ​គេ​ដកចេញ

ស្លាកថ្មី​ដែល​ត្រូវ​បាន​គេ​ដាក់​ជំនួស​ស្លាក​រំឭក​ខួប​បដិវត្តន៍​ផ្តួលរំលំ​រាជានិយម​ផ្តាច់ការ​ឆ្នាំ១៩៣២
ស្លាកថ្មី​ដែល​ត្រូវ​បាន​គេ​ដាក់​ជំនួស​ស្លាក​រំឭក​ខួប​បដិវត្តន៍​ផ្តួលរំលំ​រាជានិយម​ផ្តាច់ការ​ឆ្នាំ១៩៣២ REUTERS/Matthew Tostevin

សកម្មជន​ប្រជាធិបតេយ្យ​ថៃ​បាន​នាំគ្នា​តវ៉ា​ប្រឆាំង ក្រោយ​ពី​ប៉ូលិស​ថៃ​បាន​ឲ្យដឹង​នៅថ្ងៃ​សៅរ៍​នេះ​ថា ស្លាក​ដែល​គេ​ដាក់តាំង​នៅ​ក្នុង​ក្រុង​បាងកក ​ដើម្បី​រំឭក​បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម​ផ្តាច់ការ​ថៃកាលពីឆ្នាំ១៩៣២ ​ត្រូវ​បាន​គេ​ដកចេញ ជំនួសមកវិញ​ដោយ​ស្លាក​ថ្មី។ សម្រាប់​សកម្មជន​ប្រជាធិបតេយ្យ ទង្វើ​នេះ​គឺ​ជា​ការ​ប៉ុនប៉ង​កែប្រែប្រវត្តិសាស្រ្ត ពី​សំណាក់​ក្រុម​អ្នក​រាជានិយម​ជ្រុល។

ផ្សាយពាណិជ្ជកម្ម

រដ្ឋប្រហារ​ឆ្នាំ១៩៣២ ដែល​គេ​ច្រើន​ហៅថា “បដិវត្តន៍សៀម” គឺ​ជា​ចំណុច​របត់​ដ៏​សំខាន់​មួយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ថៃ គឺ​​ជា​ការ​បិទបញ្ចប់​របបរាជានិយម​ផ្តាច់ការ ដែល​គ្រប់គ្រង​ប្រទេស​ថៃ​អស់រយៈពេល​ជិត ៧០០ឆ្នាំ ហើយ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​ធ្វើ​កំណែទម្រង់​នយោបាយ និង​សង្គម ឆ្ពោះ​ទៅរក​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ។

ចាប់ពីពេលនោះ​មក គេ​សង្កេតឃើញ​ថា ថ្វីដ្បិត​តែ​ថៃ​មាន​ឈ្មោះ​ជា​រាជានិយម​អាស្រ័យធម្មនុញ្ញ ក៏ប៉ុន្តែ​ឆាកនយោបាយ​ថៃ​បាន​ស្គាល់​នូវ​ការ​ប្រែប្រួល​ ឡើងចុះ​ឥតឈប់ ឆ្លាស់ចុះឆ្លាស់ឡើង រវាង​រដ្ឋាភិបាល​ប្រជាធិបតេយ្យ និង​របបសឹក, រវាង​ការ​បោះឆ្នោត និង​រដ្ឋប្រហារ។ រដ្ឋប្រហារ​លើ​កចុងក្រោយ គឺ​កាល​ពីឆ្នាំ២០១៤ ដែល​បន្សល់​ទុក​នូវ​របបសឹក នៅ​ក្នុង​ប្រទេស​ថៃ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។

ស្លាករំឭក​ខួប​បដិវត្តន៍​ឆ្នាំ១៩៣២​​ ដែល​កាលពីមុន​ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​ឯ​ទីលាន​មួយ នៅ​ក្នុង​សង្កាត់​ឌូស៊ីត កណ្តាល​ក្រុង​បាងកក ត្រូវ​បាន​គេ​ដកចេញ ហើយ​ជំនួស​មក​វិញ​ដោយ​ស្លាក​ថ្មី ដែល​មាន​អត្ថន័យ​លើក​តម្កើង​រាជានិយម។ ប៉ូលិស​សង្កាត់​ឌុស៊ីត​បាន​អះអាង​ថា រហូតមក​ទល់នឹង​ពេលនេះ គេ​មិនដឹង​ថា តើ​អ្នកណា​ជា​អ្នក​ដក​ស្លាក​រំឭក​ខួប​បដិវត្តន៍​នេះទេ ហើយថា ប៉ូលិស​កំពុងតែ​ធ្វើការ​ស៊ើបអង្កេត​ជុំវិញ​រឿងនេះ។

ទោះជាយ៉ាងណា ចលនា​និស្សិតប្រជាធិបតេយ្យ ដែល​មាន​ឈ្មោះ​ថា “ចលនាប្រជាធិបតេយ្យថ្មី” ដែល​តែងចេញមុខ​ប្រឆាំង​នឹង​របបសឹកថៃ​បច្ចុប្បន្ន បាន​ដាក់​ការ​សង្ស័យ​ទៅលើ​ក្រុមអ្នក​រាជានិយម​ជ្រុលថៃ ដែល​​​ធ្លាប់បាន​គំរាម​ចង់​ដក​ស្លាក​នេះ​រួចមកហើយ កាល​ពីពេល​កន្លងមក។

សមាជិក​ម្នាក់​នៃ​ចលនា​ប្រជាធិបតេយ្យ​នេះ​បាន​លើកឡើង​ថា ការដក​ស្លាក​រំឭក​បដិវត្តន៍​ឆ្នាំ១៩៣២​នេះ គឺ​ជា​ការ​ប៉ុនប៉ង​បំភ្លៃប្រវត្តិសាស្រ្ត​នៃ​ប្រជាធិបតេយ្យថៃ ដើម្បី​​លាងខួរក្បាល​ក្មេងជំនាន់ក្រោយ។

អង្គការ​ការពារសិទ្ធិមនុស្សថៃ​ក៏​បាន​ធ្វើការ​កត់សម្គាល់ផងដែរ​ថា ការ​​បង្ការ​និង​បង្រ្កាប​សកម្មភាព​ដែល​គេ​ចាត់ទុក​ជា​ការ​ប្រមាថ​ព្រះមហាក្សត្រ​មាន​ការ​កើនឡើង​ខ្លាំង ចាប់តាំង​ពី​ព្រះបាទ​មហាវជ្ជរ៉ាឡុងកន ឡើងគ្រងរាជ្យ​ជំនួស​ព្រះចៅ​ភូមិបុល​អាប់ឌុលយ៉ាដេតជាបិតា​ដែល​សោយទិវង្គត​កាល​ពីឆ្នាំទៅមិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI