ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិ​នយោបាយ​ថៃ ៖ ការបោះឆ្នោត​មិនមែន​ជា​ការបញ្ចប់​បញ្ហា?

សំឡេង ០៤:៣៩
ពលរដ្ឋ​ថៃ​បង្ហាញ​កំហឹង​ចំពោះ​ការ​បិទ​ខ្ទប់​របស់​ពួក​ប្រឆាំង​ មិន​ឱ្យ​ចូល​បោះឆ្នោត មុខ​ការិយាល័យ​មួយ នៅទីក្រុង​បាងកក។ ថ្ងៃទី ២​កុម្ភៈ ២០១៤
ពលរដ្ឋ​ថៃ​បង្ហាញ​កំហឹង​ចំពោះ​ការ​បិទ​ខ្ទប់​របស់​ពួក​ប្រឆាំង​ មិន​ឱ្យ​ចូល​បោះឆ្នោត មុខ​ការិយាល័យ​មួយ នៅទីក្រុង​បាងកក។ ថ្ងៃទី ២​កុម្ភៈ ២០១៤ REUTERS/Nir Elias

ការិយាល័យបោះឆ្នោត​បាន​បិទ​ទ្វារ តាម​ម៉ោង​កំណត់ ទោះ​បីជា​​មាន​​​ការ​រំខាន និង​បិទ​ខ្ទប់​ការិយាល័យ​​​​​បោះឆ្នោត​ខ្លះ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ក្តី។ ប្រជាជន​​ថៃ ប្រមាណ​៤៦​លាន​នាក់ បាន​បំពេញ​កាតព្វកិច្ច​​ជា​ពលរដ្ឋ ដោយ​បាន​ទៅ​បោះឆ្នោត។ សភាពការណ៍​ជាទូទៅ​មាន​លក្ខណៈ​ស្ងប់ស្ងាត់​ជាង​កាលពី​ម្សិល​មិញ។ ជា​សរុប​មាន​ការិយាល័យ​ប្រមាណ​១០% ភាគ​ច្រើន​នៅភាគ​ខាង​ត្បូង និង​ក្រុង​បាងកក​ត្រូវ​បានរំខាន ឬ​គ្មានដំណើរ​ការ។ ​​ប៉ុន្តែ ការ​បោះឆ្នោត ដែល​គណបក្សប្រឆាំង បាន​ធ្វើ​ពហិការ​ ទំនង​ជា​មិន​អាច​ឈាន​ដល់​ការ​បើក​សម័យ​ប្រជុំ​សភា​បាន​ឡើយ ព្រោះ​គ្មាន​សមាជិក​គ្រប់​យ៉ាង​ហោច​៩៥% តម្រូវ​ដោយ​ច្បាប់។

ផ្សាយពាណិជ្ជកម្ម

មាន​ការរំខានតែដំណើរ​ការ​បោះឆ្នោត​ថ្ងៃ​នេះ​ប្រព្រឹត្ត​បាន​ទៅ​ដល់​ទី​បញ្ចប់ ​ ការិយាល័យ​​បោះឆ្នោត​បាន​បិទ​ទ្វារ​តាម​ម៉ោង​កំណត់​

 
ការិយាល័យ​បោះឆ្នោត បាន​បើក​ទ្វារ តាំង​ពី​ព្រលឹម លើក​លែង​តែ​ការិយាល័យ​ខ្លះ​ដែល​គ្មាន​សន្លឹក​ឆ្នោត​ ព្រោះ​ត្រូវ​ក្រុម​បាតុករ​បិទខ្ទប់​មជ្ឈមណ្ឌល​​ចែក​ចាយ​សន្លឹក​ឆ្នោត​។ ការ​បោះឆ្នោត​មុន​អាណត្តិ​ដែល​ប្រមុខ​រដ្ឋាភិបាល​ថៃ លោកស្រី យីងឡាក់​​ស្នើ​ឡើង​ ដើម្បី​បិទ​បញ្ចប់​វិបត្តិ តែ​មិន​បានសម្រេច​ ព្រោះ​បក្ស​ប្រឆាំង​ធ្វើ​ពហិការ​​មិន​ចូល​រួម​បោះឆ្នោត​ថ្ងៃ​នេះ​ទេ។ នៅ​ក្នុង​ចំណោម​មណ្ឌល​បោះឆ្នោត ទាំង​៣៧៥ មានតែ​​៤២​ ប៉ុណ្ណោះ​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន។ ការិយាល័យ​នេះ ភាគច្រើន​ស្ថិត នៅ​ទីក្រុង​បាងកក ត្រង់​ម្តុំ​ដែល​មានការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ច្រើន មាន​ជាអាទិ៍​សង្កាត់​ឡាក់ស៊ី និង​​នៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស ដែល​ទីតាំងយុទ្ធសាស្ត្រ​​​របស់ក្រុម​អ្នក​ប្រឆាំង។​ អ្នកប្រឆាំង​នៅ​​ភាគ​ខាងត្បូងម្នាក់​ ដែល​បាន​​​​ស្លាប់ ក្នុង​​បំផ្ទុះ​គ្រាប់​បែក ព្រឹក​មិញ​នេះ​ ​គ្មាន​ពាក់ព័ន្ធ​នឹង​ហិង្សា​នយោបាយ​ទេ គឺ​ជា​​ភេរវកម្ម​របស់​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​ចង់​ផ្តាច់​ទឹក​ដី។ ជា​រឿង​ពីរ​ដាច់​ដោយ​ឡែក​ពីគ្នា។

នៅព្រឹក​ថ្ងៃ​អាទិត្យ​នេះ ស្ថានភាព​ហាក់​ដូចជា​ស្ងប់​ស្ងាត់​ជាង​ម្សិលមិញ។ ប្រជាជន​ថៃ​ជាង​៤៦​លាន​នាក់ ត្រូវ​បាន​អញ្ជើញ​ឱ្យ​ទៅ​បោះឆ្នោត ដើម្បី​ជ្រើសរើស​សមាជិក​សភា​ ៥០០​រូប។ ប៉ុន្តែ អាសនៈ​​រាប់​សិប​កៅអី ទំនង​ជាង​ត្រូវ​នៅ​ទំនេរ ព្រោះ​ក្រុម​បាតុករ​បាន​រារាំង​​តំណាង​រាស្ត្រ​មិន​ទាំង​ឱ្យ​ចុះ​ឈ្មោះ​បាន​ទាន់​ពេល​វេលា​ និង​បាន​ប្រមូល​សម្ភារៈ​បោះឆ្នោត​​បាន។ សភា​ថៃ ក៏​ទំនង​​មិន​អាចបើក​សម័យ​ប្រជុំ​របស់​ខ្លួន​បាន ព្រោះ​គ្មាន​តំណាង​រាស្ត្រ គ្រប់​ចំនួន​៩៥% ទាមទារ​ដោយ​ច្បាប់។

សភា​មិន​អាច​បើក​ប្រជុំ​បាន

នៅភាគ​ខាងត្បូង គ្មាន​ការ​បោះឆ្នោត​សោះ​ ក្នុង​មណ្ឌល​ចំនួន ២៨ ដោយ​ហេតុ​តែ​ការ​បិទ​ខ្ទប់​ពី​សំណាក់​ក្រុម​ប្រឆាំង។ គេ​បាន​គ្រោង​ និង​កំណត់​ពេល​វេលា​ធ្វើ​ការ​បោះឆ្នោត​មួយ​ភាគ​បន្ថែម​តាម​តំបន់​អាក់ខាន​នេះ​ នៅ​ថ្ងៃ​ទី ២៣​កុម្ភៈ​ខាង​មុខ។ ប៉ុន្តែ​ដំណើរការ​អាច​នឹង​អូស​បន្លាយ ជាច្រើន​សប្តាហ៍​ទៀត លើស​ពី​ការ​គ្រោង​ទុក​នេះ។ យោង​​​តាម​សភាព​ការណ៍​បែប​នេះ សភា​ដែលទើប​ជាប់​ឆ្នោត​ថ្មីនេះ​មិន​អាច​ធ្វើ​អ្វី​កើត​ទេ គ្មាន​សមាជិក​គ្រប់គ្រាន់​យ៉ាង​តិច​៩៥% ចូលរួម ការ​​ប្រជុំ​បង្កើត​រដ្ឋាភិបាល​ក៏​មិន​អាច​ប្រព្រឹត្ត​ទៅ​កើត។

គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោតទៀត​សោត ដឹង​ខ្លួន​ជា​ស្រេច ​ថា​នឹង​មាន​​ពាក្យ​បណ្តឹង​ ឬ​ការ​តវ៉ា ឬ​ប្រើ​មធ្យោបាយ​ប្តឹង​តវ៉ា​នេះ ច្រើន​កំពុង​រង់ចាំ​ នៅ​ថ្ងៃ​ខាង​មុខ​។ ដូច្នេះ​គ្រោះ​ថ្នាក់​ដែល​ធំ​និងធ្ងន់ធ្ងរ​​​​ខ្លាំង​ គឺ​ប្រសិន​បើ​មាន​ការ​តវ៉ា​ខ្លាំង ការ​បោះឆ្នោត​ថ្ងៃ​ទី ២​កុម្ភៈ​នេះ អាច​នឹង​ត្រូវ​ប្រកាស​លុបចោល​ទៅ​វិញ យ៉ាង​ខ្លី​ ដូច​ករណី​បោះឆ្នោត​ឆ្នាំ​២០០៦។ ឆ្នាំ​២០០៦ ដែល​ជាចំណុច​​ចាប់​ផ្តើម​នៃ​​​វិបត្តិ​នយោបាយ​​​ថៃ ​រហូត​មក​ទល់​នឹង​ថ្ងៃ​នេះ ម៉ោងនេះ។ ក្នុង​សម័យ​បោះឆ្នោត​២០០៦ លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់ ជា​បងប្រុស​ និង​ដែល​ក្រុម​ប្រឆាំង​ចោទ​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ លោកស្រី នាយករដ្ឋមន្ត្រី យីងឡាក់ បាន​ជាប់​ឆ្នោត​ តែ​ដោយ​មាន​ការ​តវ៉ា គណៈកម្មការ​បាន​លុបចោល ការ​បោះឆ្នោត​នោះ ភាព​វឹកវរ​នយោបាយ​បាន​ផ្ទុះ​ឡើង យោធា​ក៏​ចេញ​មុខ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីនទៅ។ ប្រទេស​ថៃ​ធ្លាក់​ក្នុង​វិបត្តិ​តាំង​ពី​ពេល​នោះ​មក។

៧​ឆ្នាំ​ក្រោយ​រដ្ឋ​ប្រហារ​ និង​ក៏​ព្រោះ​តែ​លោក​ចេះ​​​នាំ​ប្អូន​ស្រី ឱ្យ​ក្លាយ​ជាតំណាង​​បង ឱ្យ​បាន​ឡើង​កាន់​អំណាច​ជា​ថ្មី​ ឈ្មោះ​ថាក់ស៊ីនស៊ីណាវ៉ាត់ឬ​ប្រព័ន្ធ​ថាក់ស៊ីន បានក្លាយ​ជា​គូ​ប្រជែងរវាង​​​​ថៃ​អភិរក្ស​ ថៃ​រាជានិយម​មាន​ព្រះ​មហាក្សត្រ​ចាស់ជរា​ព្យាធិ និង​ថៃ​ទំនើប សកលភាវូបនីកម្ម​ ដឹកនាំ​ដោយ​អ្នក​មាន​ថ្មី​ ចង់​ដឹក​នាំ​ប្រទេស​ប្រសិន​បើ​បន្ត​យូរ​ទៅ​ទៀត ជំនួស​របប​ប្រជាធិបតេយ្យ​ទៅ​ជា​របប​ដឹកនាំ​ឯកបក្ស​ ប្រជាភិថុតិ ដ៏គ្រោះ​ថ្នាក់​បំផុត​សម្រាប់​រាជានិយម និង​បិទ​ខ្ទប់​ រាល់​សំណាង​នៃ​ការ​ផ្សះ​ផ្សាជាតិ ក្នុង​សង្គមដែល​មាន​បែងចែក​ជាង​ពេល​ណាៗ​ទាំង​អស់។ ការ​បោះឆ្នោត​ថ្ងៃ​នេះ បាន​ត្រឹម​បញ្ជាក់​អំពី​ហានិភ័យ​នៃ​ការ​បែងចែក​នេះ និង​រុញ​ច្រាន​ឱ្យ​កាន់​តែ​មាន​ភាព​​ហិង្សាថែម​តែ​ទៀត​ ជា​មិន​ខាន មិន​មែន​ជា​បិទ​បញ្ចប់​បញ្ហា​ទេ។ ហើយ​សេណារីយោ​ចុង​ក្រោយ គឺ​នឹង​អាច​មាន​រដ្ឋប្រហារ​យោធា​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI