កម្ពុជា

ចាប់​ខ្លួន​ឪពុក​ម្ដាយ​របស់​អតីត​ព្រះ​មហេសី​រាជទាយាទ ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ

បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​សារភាព ប៉ូលីស​ថៃ នៅ​ថ្ងៃ​សុក្រ​ទី​២៧​កុម្ភៈ​ បានចាប់​ឃុំ​ខ្លួន​ឪពុក​ម្ដាយ​របស់​អតីត​ព្រះ​មហេសី នៃ​រាជទាយាទ​ថៃ ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ ​ និង​ប្រើ​ប្រាស់​សែ​ស្រឡាយ​រាជវង្ស​​ដើម្បី​ឲ្យ​តុលាការ​ឃុំ​ខ្លួន​ស្ដ្រី​ម្នាក់ ​កាល​ពី​ជាង​១០​ឆ្នាំ​មុន​។ ភ្លាម​ៗ​ក្រោយ​ពី​ត្រូវ​បាន​ចាប់​ខ្លួន ឪពុក​ម្ដាយ​របស់​អតីត​ព្រះ​មហេសី​នៃ​រាជទាយាទ​​ថៃ បាន​អង្វរ​សុំ​សេចក្ដី​មេត្តា​ករុណា​ពី​សែ​រាជវង្ស ចំពោះ​កំហុស​លើក​នេះ​​ផង​ដែរ​។

ផ្សាយពាណិជ្ជកម្ម

ឪពុក​ម្ដាយ​របស់​អតីត​ព្រះ​មហេសី​នៃ​ព្រះ​រាជទាយាទ សិរិ​រាស្មី ត្រូវ​បាន​ប៉ូលីស​ចាប់​ឃុំ​ខ្លួន​ហើយ កាល​ពី​ថ្ងៃ​សុក្រ ទី​២៧​កុម្ភៈ​ ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​។ បើ​តាម​ចម្លើយ​សារភាព ឪពុក​ម្ដាយ​របស់​នាង សិរិរាស្មី បាន​ប្រើ​ប្រាស់អំណាច​នៃ​​សែ​ស្រឡាយ​រាជវង្ស ដើម្បី​ចាប់​ឃុំ​ខ្លួន​អតីត​អ្នក​ជិត​ខាង​របស់​ខ្លួន​ម្នាក់ ពី​បទ​ក្លែង​បន្លំ កាល​ពី​ជាង​១២​ឆ្នាំ​មុន​។ ជន​ជាប់​ចោទ លោក អាភីរុជ អាយុ​៧២​ឆ្នាំ និង​លោក​ស្រី វ៉ាថានី អាយុ​៦៦​ឆ្នាំ បាន​សារភាព​ទទួល​កំហុស​គ្រប់​សព្វ​បែប​យ៉ាង និង​បាន​អង្វរ​សុំ​ក្ដីមេត្តា​ករុណា​ពី​សែ​រាជវង្ស​ផង​ដែរ​។

អតីត​ព្រះ​មហេសី​នៃ​ព្រះ​រាជទាយាទ សិរិរាស្មី ដែល​បាន​បោះ​បង់​ខ្សែ​រាជវង្ស ទៅ​ធ្វើ​ជា​រាស្ត្រ​សាមញ្ញ កាល​ពី​ចុង​ឆ្នាំ​២០១៤​កន្លង​ទៅ ឥឡូវ​នេះ កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​សាច់​ញាតិ​របស់​ខ្លួន​ចំនួន​៩​នាក់ ពី​បទ​​ប្រមាទ​ព្រះ​មហាក្សត្រ​។ ឪពុក​មា​របស់​នាង​សិរិរាស្មី ដែល​មាន​មុខ​តំណែង​ជា​មន្ដ្រី​ប៉ូលីស​ជាន់​ខ្ពស់ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣១​ឆ្នាំ ពី​បទ​ចោទ​ជា​ច្រើន ដែល​ក្នុង​នោះ​រួម​មាន​ការ​គម្រាម​កំហែង និង​ការ​ចាប់​ជំរិត​ជា​ដើម​។

ក្រុម​អ្នក​សិទ្ធិ​មនុស្ស​ថៃ​បាន​គូស​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​ពី​បទ​ជេរ​ប្រមាថ​ព្រះ​មហាក្សត្រ មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ៗ ចាប់​តាំង​ពី​របប​យោធា​ឡើង​កាន់​អំណាច​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៤។

កាល​ពី​ថ្ងៃ​ចន្ទ ទី​២៣​កុម្ភៈ​ថ្មី​ៗ​នេះ យុវជន​ពីរ​រូប ទើប​តែ​ត្រូវ​បាន​តុលាការ​ថៃ​កាត់​ទោស ឲ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ​កន្លះ​ក្នុង​ម្នាក់​ៗ ពី​បទ​លេង​ល្ខោន​ដៀម​ដាម​ដល់​រាជា​និយម​។ ដោយ​ឡែក អ្នក​លេងល្ខោន​៦​នាក់​ផ្សេង​ទៀត ក៏​កំពុង​ត្រូវ​បាន​ក្រសួង​សន្តិសុខ​​ថៃ តាម​ស្វែង​​រក​ចាប់់​ខ្លួន​ដែរ ក្នុង​ចំណោម​នោះ អ្នក​លេងល្ខោន​ពីរ​នាក់ ​ប្រហែល​ជា​បាន​រត់​ភៀស​ខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI