ថៃ

តុលាការ​​ធម្មនុញ្ញ​​ថៃ​សម្រេច​​ថា​ ​​​ការបោះឆ្នោត​​សភា​​ថៃ​​ថ្ងៃ​​​២កុម្ភៈ​ ​ គ្មាន​​សុពលភាព​

ក្រុមប្រឆាំង​ថៃ​កាក់​ទុក​ហិបឆ្នោត​មិន​ឲ្យ​គេ​យក​ទៅចែក​ចាយ​នៅ​តាម​ការិយាល័យ​បោះឆ្នោត
ក្រុមប្រឆាំង​ថៃ​កាក់​ទុក​ហិបឆ្នោត​មិន​ឲ្យ​គេ​យក​ទៅចែក​ចាយ​នៅ​តាម​ការិយាល័យ​បោះឆ្នោត ©REUTERS/Nir Elias

នៅថ្ងៃ ​សុក្រនេះ តុលាការ​ធម្មនុញ្ញ​ថៃ​បាន​សម្រេច​ថា ​​ការបោះឆ្នោត​សភាថៃ កាលពី​​ថ្ងៃ​​២កុម្ភៈ​ ខែមុន​នេះ ​​គ្មាន​សុពលភាពនោះទេ។ តុលាការ​លើកហេតុផល​ថា ការបោះឆ្នោត​សភា​ថ្ងៃ​២កុម្ភៈ​ មិនបាន​ប្រព្រឹត្ត​ទៅ​នៅ​គ្រប់​មណ្ទលបោះឆ្នោតទាំង២៨ទូទាំងប្រទេស​​នោះទេ។ ​ការសម្រេច​មិនទទួលស្គាល់​សុពលភាព​នៃការបោះឆ្នោត​ជាតិនេះ ​​រឹត​តែ​ធ្វើអោយ​រដ្ឋាភិបាល​ថៃ​ទ័លច្រក​រក​ដំណោះស្រាយ​​​ស្រោចស្រង់​វិបត្តិ ​​​​​ជាង​៤ខែ​មកនេះ​ ប្រឈម​នឹង​​ក្រុមបាតុករ​​​ថៃ។

ផ្សាយពាណិជ្ជកម្ម

យោងតាម​លោក ពីមុល ថាំពីតាក់ពង់ ជា​អ្នកនាំពាក្យ​តុលាការ​ធម្មនុញ្ញ​ថៃ នៅថ្ងៃ​សុក្រនេះ ​តុលាការ​ធម្មនុញ្ញ​បាន​សម្រេច​​ថា ការបោះឆ្នោត​សភា​ថ្ងៃ​​២កុម្ភៈ​ ​​គ្មាន​សុពលភាពនោះទេ ព្រោះថា ការបោះឆ្នោត​មិន​បាន​ធ្វើឡើង​នៅ​គ្រប់​មណ្ឌលបោះឆ្នោត​ទាំង​២៨មណ្ឌល នៅទូទាំង​ប្រទស។ ហើយ​​​បេក្ខជន​ត្រូវ​ឈរឈ្មោះ​ជាតំណាងរាស្ត្រ​​ទៀតសោត ក៏ត្រូវបាន​ក្រុមបាតុករ​​រាំងស្ទះ​មិនអោយ​ចុះខ្លួន​ឈ្មោះ​ក្នុង​បញ្ជី​បាន។ ​

លើសពីនេះ​ កាលណោះ​ ការបោះឆ្នោត​ធ្វើឡើង​ក្នុងពេល​ក្រុងបាងកក​ស្ថិត​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន ដូច្នេះ វា​មិនសមស្រប​ជាមួយ​គោលការណ៍​ដែលថា ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយសេរី​នោះទេ។ គួររំលឹកឡើងវិញដែរ​​ថា នៅថ្ងៃ​បោះឆ្នោត​ខែកុម្ភៈ​មុននេះ ក្រុមបាតុករ​បាន​បង្កការរាំង​ស្ទះ​ដល់​ការិយាល័យបោះឆ្នោត​១០ភាគរយ។

តុលាការ​ធម្មនុញបាន​បោះឆ្នោត​​បដិសេធ​មិន​ផ្តល់​សុពលភាពដល់​ការបោះឆ្នោត​​ថ្ងៃ២កុម្ភៈ ​ដោយ​មាន​សម្លេង​ចំនួន​៦ លើស​​សម្លេង​ចង់​ផ្តល់​សុពលភាពចំនួន​៣សម្លេង។ ​​​ការសម្រេច​​​របស់​​តុលាការ​ធម្មនុញ្ញ​ ជា​ដំណឹង​ល្អ​ ​និង​ជា​ជោគជ័យ​សម្រាប់​​ក្រុម​ប្រឆាំង​ ពិសេស​​សម្រាប់​បក្ស​ប្រជាធិបតេយ្យ​​តែម្តង។ ប៉ុន្តែ​ វា​ជា​​​​ជំរុញ​អោយ​រដ្ឋាភិបាល​លោកស្រី យីងឡាក់ កាន់តែ​ធ្លាក់​ក្នុង​ភាពទ័លច្រក​ មិនអាច​រកដំណោះស្រាយ​វិបត្តិ​រ៉ាំរ៉ៃ​ ប្រឈម​នឹងក្រុម​​បាតុករ​ជាង​៤ខែ​មកនេះ។ ដោយសារ​​អវត្តមាន​សភា​ថៃ នៅពេល​នេះ រដ្ឋាភិបាល​លោកស្រី​យីងឡាក់​ជា​រដ្ឋាភិបាល​​ចាំផ្ទះ​​​​ អាច​សម្រេច​បាន​​ត្រឹម​តែ​កិច្ចការ​​​សាមញ្ញប្រចាំថ្ងៃ​ប៉ុណ្ណោះ។​ ទន្ទឹម​នេះដែរ ​រដ្ឋាភិបាល​​លោកស្រី​យីងឡាក់ និង​បក្ស​កាន់អំណាច​ភឿថៃ កំពុង​រង​ការ​គំរាម​​​ដោយនិតិ​វីធី​ផ្លូវច្បាប់​​ ដែល​អាច​ទម្លាក់​លោកស្រីពីតំណែង​នាយករដ្ឋមន្ត្រី​បាន។  ​

ដោយឡែក ការបោះឆ្នោត​ថ្ងៃ​២កុម្ភៈ​កន្លងទៅ នៅ​មិនទាន់​ចេញលទ្ធផល​នៅឡើយទេ។ ថៃ​នឹង​រៀបចំការបោះឆ្នោត​ជាថ្មី​ទៀត នៅថ្ងៃ​២០​ ​និង​ថ្ងៃ​២៧មេសា​ខាងមុខ ដើម្បី​បិទបញ្ចប់​ការ​បោះឆ្នោត​មុនអាណត្តិ​ និង​អនុញ្ញាត​អោយ​​​មានការ​បោះឆ្នោត​នៅ​មណ្ឌល​​បោះឆ្នោត ​​ដែល​ក្រុមបាតុករ​បាន​​​រាំងស្ទះ​​ដំណើរការ កាលពីថ្ងៃ​២កុម្ភៈ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI