រដ្ឋាភិបាលថៃផ្តើមចរចាជាមួយពួកឧទ្ទាមអ៊ីស្លាមនៅដែនដីប៉ែកខាងត្បូងប្រទេស
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រដ្ឋាភិបាលថៃបានទម្លាយឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី១៦សីហានេះថា ខ្លួនបានផ្តើមជជែកគ្នាជាមួយពួកឧទ្ទាមអ៊ីស្លាម។ គោលដៅចុងក្រោយ គឺធ្វើតំបន់ប៉ែកខាងត្បូងនៃប្រទេសស្គាល់សន្តិភាព។
មិនទាន់ជាកិច្ចចរចានៅឡើយទេ តែជាការផ្តើមជជែកគ្នា។ នេះបើយោងទៅតាមសំដីលោកYutthasak Sasiprapa ឧបនាយករដ្ឋមន្រ្តីថៃទទួលបន្ទុកសន្តិសុខជាតិ។
លោករដ្ឋមន្រ្តីថៃរូបនេះបានទម្លាយឱ្យដឹងទៀតថា រដ្ឋាភិបាលបានប្រគល់ភារកិច្ចនៃការជជែកគ្នាជាមួយពួកឧទ្ទាមថៃអ៊ីស្លាមនេះទៅឱ្យអាជ្ញាធរមូលដ្ឋាននៃតំបន់ប៉ែកខាងត្បូងនៃប្រទេស។
សូមជម្រាបថា តាំងពីឆ្នាំ២០០៤មក សកម្មភាពរបស់ពួកឧទ្ទាមថៃអ៊ីស្លាមនៅក្នុងដែនដីប៉ែកខាងត្បូង ដូចជានៅណារ៉ាទីវ៉ាត់(Narathiwat) ប៉ាត់តានី(Pattani) និងយ៉ាឡា(Yala) បានបណ្តាលឱ្យមានស្លាប់៥ ០០០នាក់។ ពួកឧទ្ទាមទាំងនេះ ជាអ្នកទាមទារផ្តាច់ទឹកដី និងជាអ្នកបម្រើចលនាRunda Kumpulan Kecil។ ភេរវកម្មរបស់ពួកឧទ្ទាមតម្រង់ជាពិសេសទៅលើទាហាន នគបាល ពុទ្ធបរិស័ទនិងពួកថៃអ៊ីស្លាមណាដែលចូលដៃជាមួយអាជ្ញាធរមូលដ្ឋាន។
នៅថ្ងៃព្រហស្បតិ៍នេះ លោកឧបនាយករដ្ឋមន្ត្រីថៃYutthasak Sasiprapa បានអះអាងថា រដ្ឋាភិបាលបានផ្តើមជជែកគ្នា មិនមែនជាមួយចលនាRunda Kumpulan Kecilទេ តែជាមួយពួកអ្នកដែលបានផ្តាច់ខ្លួនចេញពីចលនានេះ។ គួរគូសបញ្ជាក់ថា កាលពីខែមេសាកន្លងទៅរដ្ឋាភិបាលថៃបានសម្រេចចិត្តផ្តាច់ការចរចាជាមួយចលនាRunda Kumpulan Kecil ក្រោយពីមានភេរវកម្មនៅយ៉ាឡារួចមក ភេរវកម្មដែលកាលណោះបានបណ្តាលឱ្យមានស្លាប់១៥នាក់។
ដែនដីប៉ែកខាងត្បូងនេះ ដែលប្រជាជនភាគច្រើនជាជនជាតិម៉ាឡេអ្នកកាន់សាសនាអ៊ីស្លាម ត្រូវបានថៃលេបយកនៅឆ្នាំ១៩០៩ ហើយតាំងពីពេលនោះមក ប្រជាជននៅទីនោះតែងតែងើបបះបោរយូរៗម្តង។ ក៏ប៉ុន្តែ អំពើហិង្សាមិនដែលមានលក្ខណៈធ្ងន់ធ្ងរនិងយូរអង្វែងដូច៨ឆ្នាំចុងក្រោយនេះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ