សកម្មជនអាវក្រហមថៃគាំទ្រនាយករដ្ឋមន្ត្រីយីងឡាក់ ប្រកាសធ្វើបាតុកម្មថ្ងៃ៥មេសា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅល្ងាចថ្ងៃសៅរ៍ម្សិលមិញ ក្រុមអាវក្រហមថៃដែលគាំទ្រលោកស្រីយីងឡាក់ បានប្រកាសថា នឹងធ្វើបាតុកម្ម បង្កើនចលនាគាំទ្រនាយករដ្ឋមន្ត្រីថៃ អោយបានកាន់តែខ្លាំងក្លាថែមទៀត។ យោងតាមមេដឹកនាំចលនាអាវក្រហមមួយរូប ការជួបជុំគាំទ្រលោកស្រីយីងឡាក់ នឹងត្រូវធ្វើនៅថ្ងៃ៥មេសាខាងមុខ ហើយអាចនឹងធ្វើនៅក្រុងបាងកក។
នៅល្ងាចថ្ងៃសៅរ៍ម្សិលមិញ ការប្រកាសរបស់ក្រុមអាវក្រហមថៃ ដើម្បីរៀបចំសកម្មភាពបាតុកម្ម សំដែងការគាំទ្រដល់នាយករដ្ឋមន្ត្រីយីងឡាក់ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការធម្មនុញ្ញថៃបានប្រកាសថា ការបោះឆ្នោតជាតិកាលពីថ្ងៃ២កុម្ភៈ គ្មានសុពលភាពនោះទេ។ គួររំលឹកថា តុលាការធម្មនុញ្ញបានសម្រេចដូច្នេះ ដោយសារតែការបោះឆ្នោតសភាថ្ងៃ២កុម្ភៈ ត្រូវបានក្រុមបាតុករប្រឆាំងលោកស្រីយីងឡាក់ រាំងស្ទះនៅតាមមណ្ឌលបោះឆ្នោត២០ភាគរយ ទូទាំងប្រទេស។ ប្រធានគណៈកម្មការបោះឆ្នោតបានប្រកាសថា ត្រូវការពេលវេលាយូរខែទៀត ដើម្បីរៀបចំការបោះឆ្នោតជាថ្មី។
សកម្មជនអាវក្រហមចង់ធ្វើបាតុកម្ម គាំទ្រលោកស្រី យីងឡាក់ នៅថ្ងៃ៥មេសាខាងមុខ ដើម្បីបង្ហាញទៅសកម្មជនប្រឆាំងរដ្ឋាភិបាល ពិសេសទៅលោកស៊ូថេប ជាមេដឹកនាំចលនាប្រឆាំងដ៏សំខាន់នោះថា ពួកគេមិនត្រូវការរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ពួកគេមិនទទួលស្គាល់នាយករដ្ឋមន្ត្រីដែលក្រុមប្រឆាំងតែងតាំងនោះទេ។
លោក ចាទុផន ព្រំប៉ាន់ ជាមេដឹកនាំចលនាអាវក្រហម មកពីរណសិរ្សរួបរួមគ្នាដើម្បីលទ្ធិប្រជាធិបតេយ្យ បានអំពាវនាវអោយសកម្មជនគាំទ្រលោកស្រីយីងឡាក់ ត្រៀមជួបជុំគ្នានៅថ្ងៃ៥មេសា អាចនឹងធ្វើនៅក្រុងបាងកក រឺក៏នៅកន្លែងណាផ្សេងទៀតក៏ថាបាន។ ក្រុមអាវក្រហមនឹងប្រកាសពីទីកន្លែងបាតុកម្មពិតប្រាកដ នៅពេលក្រោយទៀត។
គួររំលឹកថា វិបត្តិថៃជាង៤ខែមកនេះ គឺបង្កឡើងដោយបាតុកម្មប្រឆាំងរដ្ឋាភិបាលលោកស្រី យីងឡាក់ ដែលចោទលោកស្រីពីបទពុករលួយ និងជាអាយ៉ងរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ដែលត្រូវបានកងទ័ពទំលាក់ពីអំណាច កាលពីឆ្នាំ២០០៦ ហើយកំពុងភៀសខ្លួននៅក្រៅប្រទេស ក្រោយតុលាការកាត់ទោសពីបទពុករលួយ។ អំពើហិង្សាក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ តាំងពីវិច្ឆិកា បានសម្លាប់មនុស្ស២៣នាក់ និងបង្កអោយមានមនុស្សរាប់រយនាក់រងរបួសរួចមកហើយ។
កន្លងមក សកម្មជនអាវក្រហមដែលគាំទ្រលោកស្រី យីងឡាក់ មិនសូវចេញមុខនោះទេ ទើបតែនៅក្រោយពេលតុលាការធម្មនុញ្ញប្រកាសមិនទទួលស្គាល់សុពលភាពការបោះឆ្នោតសភាថ្ងៃ២កុម្ភៈប៉ុណ្ណោះ ទើបពួកគេសម្រេចចិត្តថានឹងធ្វើសកម្មភាពសារជាថ្មី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ