អានតួអត្ថបទ
ថៃ

តុលាការ​ធម្មនុញ្ញ​ថៃ ​រំលាយ​បក្សប្រឆាំង​ អណាខុតម៉ៃ

អ្នកគាំទ្រ​លោក ថាណាថន នៅ​បាំងកក បា​នធ្វើ​បាតុកម្ម​ទាមទារឱ្យ​សង្គ្រោះ​លោក​។​
អ្នកគាំទ្រ​លោក ថាណាថន នៅ​បាំងកក បា​នធ្វើ​បាតុកម្ម​ទាមទារឱ្យ​សង្គ្រោះ​លោក​។​ REUTERS/Athit Perawongmetha
ដោយ៖ ហេង ឧត្តម
៩ នាទី

តុលាការ​ធម្មនុញ្ញ​ថៃ បានរំលាយគណបក្សអណាខុតម៉ៃ របស់​លោក ថាណាថន ជឹងរុងរឿងគិត ដែល​ជាបក្ស​ប្រឆាំង​មួយ​ដ៏​ល្បី លេចធ្លោខ្លាំង។ នេះជា​​សេចក្តីសម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ថៃនៅថ្ងៃសុក្រ​ទី​២១កុម្ភៈ ​ដោយ​សំអាង​ហេតុផលព្រោះ​​តែប្រធានគណ​បក្ស​នេះ មាន​ពាក់ព័ន្ធ​នឹង​ប្រាក់​កម្ចី​ច្រើន​លាន​ដុល្លារ ដែល​​នាំឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ និង​ផ្ទុយ​ពីច្បាប់​បោះឆ្នោត​។ ​

ផ្សាយពាណិជ្ជកម្ម

ចៅក្រម​ទាំង​៩​របស់​​​តុលាការធម្មនុញ្ញថៃ រកឃើញ​ភស្តុតាង​ថ្មី​ ថា​ បក្សអាណាឃត់ម៉ៃ មា​នសាច់ប្រាក់ច្រើន​លាន​ដុល្លារ។​​ ក្នុង​នោះ ​ប្រាក់​ជាង​​៦លាន​ដុល្លារ ជា​សាច់ប្រាក់​កម្ចី​របស់​លោក ​ថាណាថន​ ហើយនិងមានលុយ​ប្រមាណ ៣១៥ ០០០ ដុល្លារ ជា​អំណោយ​របស់​សេដ្ឋីម្នាក់។ បើ​តាម​ចៅក្រមម្នាក់​ សាច់ប្រាក់ដ៏ច្រើន​សន្ធឹក​​នេះ គឺ​រំលោភ​ច្បាប់​បោះឆ្នោត​ ហើយ​ដោយសារតែ​លុយ​នេះ​ធ្វើឱ្យ​​ផ្អៀង​ផលប្រយោជន៍​នយោបាយ​ ក្នុង​ដំណើរការ​បោះឆ្នោត។

ជាការរម្លឹក កាលពីខែមករា ខែមុន​នេះ គណបក្សអណាខុតម៉ៃ បានរួចខ្លួនម្តង ក្នុង​បណ្តឹង​ប្រឆាំង​នឹង​បក្ស​នេះ ​ជុំវិញ​​រឿង​ប្រឆាំង​រាជា។ នៅពេលនោះ តុលាការធម្មនុញ្ញថៃ ថា ពុំមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ ដែល​អាច​បញ្ជាក់ថា គណបក្សអណាខុតម៉ៃ បានធ្វើសកម្មភាពប្រឆាំងនឹងរបបរាជានិយមនោះឡើយ។  ក៏ប៉ុន្តែ គណបក្សអណាខុតម៉ៃ ជាប់​ផុង​ខ្លួន​ពាក្យប្តឹងផ្សេង​ទៀត ពាក់ព័ន្ធ​នឹងរឿង​សារព័ត៌មាន​របស់លោក ថាណាថន ​និង​រឿង​កម្ចី​លុយ​ច្រើន​លាន​ដុល្លារ​។​ ប្រធានបក្សអណាខុតម៉ៃ លោក ថាណាថន   ជាអ្នក​នយោបាយប្រ​ឆាំងវ័យ​ជាង​៤០ឆ្នាំ​ ត្រូវជាប់ចោទពីបទ ប្រើប្រាស់ឥទ្ធិពលលើបណ្តាញសារព័ត៌មានមួយ នៅក្នុងពេលឃោសនាបោះឆ្នោត ដោយហេតុថាលោកមានចំណែកភាគហ៊ុន នៅក្នុងសារព័ត៌មាននោះ។ ដោយសារតែរឿងនេះ​ លោក ត្រូវបានគេដកងារជាតំណាងរាស្ត្រ រួច​ហើយ​។

គួរជ្រាបថា ឥទ្ធិពល​នៃការ​សេចក្តីសម្រេចរបស់​តុលាការនៅ​ពេល​នេះ​ គឺ​បាន​តម្រូវ​ទុក​រយៈ​ពេល​៦០ថ្ងៃ ឱ្យ​សមាជិក​សភា​ ទាំង​ជាង​៦០នាក់​របស់គណ​​បក្សអាណាឃត់ម៉ៃ ត្រូវ​​រត់​រកជ្រកកោន​ជាមួយ​​គណ​បក្ស​ផ្សេង​ៗ​​នៅក្នុងរដ្ឋសភា៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ