អានតួអត្ថបទ
ថៃ-បង់ក្លាដែស

អាជ្ញាធរ​ថៃ​ចាប់​បាន​អ្នកចាប់ជំរិត និង​ជួញដូរ​ជនជាតិ​រ៉ូហ៊ីងយ៉ា​

ជនជាតិ​រ៉ូហ៊ីងយ៉ា​មាន​ចំនួន​៨០០ ០០០​នាក់​នៅ​ក្នុង​ប្រទេស​ភូមា ប៉ុន្តែ រដ្ឋាភិបាល​ភូមា​មិន​ចាត់ទុក​ពួកគេ​ជាជនជាតិ​ភូមាទេ
ជនជាតិ​រ៉ូហ៊ីងយ៉ា​មាន​ចំនួន​៨០០ ០០០​នាក់​នៅ​ក្នុង​ប្រទេស​ភូមា ប៉ុន្តែ រដ្ឋាភិបាល​ភូមា​មិន​ចាត់ទុក​ពួកគេ​ជាជនជាតិ​ភូមាទេ REUTERS/Soe Zeya Tun
ដោយ៖ ឈាង បុប្ផា
១៤ នាទី

កាលពីថ្ងៃ​អាទិត្យទី ១២​តុលា អាជ្ញាធរ​ថៃបាន​អះអាងថា គេ​​បាន​រក​ឃើញ​ប្រជាជន​រ៉ូហ៊ីងយ៉ា​មួយ​ក្រុម​នៅក្នុង​ចំការ​កៅស៊ូ នៅក្នុង​ខេត្ត​ផាង ង៉ាដែល​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ថៃ។ នៅក្នុង​ប្រតិបត្តិការ​បង្រ្កាប​ជនអន្តោប្រវេសន៍​ខុសច្បាប់ ប៉ូលិស​ថៃ​បាន​ចាប់​​មនុស្ស​ពីរនាក់​ដែល​គេ​សង្ស័យ​ជា​មេចាប់ជំរិត ជនជាតិ​រ៉ូហ៊ីងយ៉ា​ និង​ជួយញ​ដូរ​ពួកគេ​ឲ្យ​​ទៅ​ធ្វើការ​ដោយ​បង្ខំ នៅក្នុង​ចំការ​កៅស៊ូ​ថៃ។ 

ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​ជន​ទាំង​៥៣​នាក់ ​ដែល​អាជ្ញាធរ​ថៃ​រកឃើញ​នៅក្នុង​ចំការ​កៅស៊ូ កាល​ពីថ្ងៃ​សៅរ៍ ភាគច្រើន​​ជាជនជាតិ​រ៉ូហ៊ីងយ៉ា ​ភៀសខ្លួន រត់​គេច​ចេញ​ពី​អំពើ​ហិង្សា​នៅ ភូមា និង​មួយចំនួន​ទៀត ជា​ជន​ជាតិ​បង់ក្លាដែស។ ពួក​គេ​ទាំងនោះ មិនមែន​ជាជន​អន្តោប្រវេសន៍​ដែល​លួច​ចូល​ខុសច្បាប់ក្នុង​ទឹកដី​ថៃ ដូច​ករណី​មុនៗ​ដែល​អាជ្ញាធរ​ថៃ​ចាប់បាន​ទេ។ តាម​អាជ្ញាធរ​ថៃ បន្ទាប់​ពី​បាន​សាកសួរ គេ​បាន​ដឹងថា ជនជាតិ​រ៉ូហ៊ីងយ៉ាទាំងនោះ​ ត្រូវ​បាន​គេ​ជួញដូរ​មក​ពី​ប្រទេស​បង់ក្លាដែស។

សូមអាន៖ មន្ត្រី​យោធា​ថៃ​ពាក់​ព័ន្ធ​ក្នុង​ការ​រក​ស៊ី​រត់ពន្ធ​មនុស្ស​

 

នៅក្នុង​ប្រទេស​ថៃ ជនជាតិ​រ៉ូហ៊ីងយ៉ានឹង​មិន​ត្រូវ​គេ​ចាត់ទុក​ជា​ក្រុមមនុស្ស​លួច​ឆ្លងដែន​ខុស​ច្បាប់ ប៉ុន្តែ ជាជនរងគ្រោះ​ដោយសារការជួញដូរ។ ជនជាតិ​ថៃ​ពីររូប​ត្រូវ​បាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​ជួយដូរ​មនុស្ស។

យោងតាម​កាសែត​ក្នុង​ស្រុក​ថៃ ភាគច្រើន​នៃ​មនុស្ស​ដែល​គេ​រកឃើញ គឺ​ជា​ជនភៀសខ្លួនពី​ប្រទេស​ភូមា ដែល​រស់នៅក្នុង​ជំរំ​មួយ​របស់​អង្គការ​សហប្រជាជាតិ​​ក្នុង​ប្រទេស​បង់ក្លាដែស។ ​ពួកគេ​មួយ​ចំនួន​ដែល​ស្រមៃ​ចង់​ធ្វើដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី បាន​ចាញ់​ឧបាយកល​របស់​ឈ្មួញ​ជួញដូរ ក្នុង​ពេល​ជនរងគ្រោះ​មួយ​ចំនួន​ផ្សេងទៀត​ត្រូវ​បាន​ពួកឈ្មួញ​ដាក់​ថ្នាំ​សន្លប់ លើក​ដាក់​លើ​ទូក សំដៅ​ភាគខាងត្បូង​ប្រទេស​ថៃ។

យោងតាម​ក្រុមការពារ​សិទ្ធិមនុស្ស ជនភៀសខ្លួនដែល​រសាត់​អណ្តែត​គ្មាន​លំនៅ​ច្បាស់​លាស់​តែងតែ​ធ្លាក់រងគ្រោះ​ក្នុង​សកម្មភាព​ជួញដូរ​មនុស្ស។ អង្គការ​ការពារ​សិទ្ធិមនុស្ស​ក៏​ធ្លាប់​បាន​បន្ទោស​អាជ្ញាធរ​ថៃ ពីរឿង​ចាប់បញ្ជូន​ចេញ ជនភៀសខ្លួន​​រ៉ូហ៊ីងយ៉ា នៅពេល​ពួកគេ​រត់គេច​ចេញ​ពី​អំពើ​ហិង្សា នៅក្នុង​ប្រទេស​ភូមា។

នៅភូមា មាន​ប្រជាជន​​រ៉ូហ៊ីងយ៉ា ប្រមាណ​៨សែននាក់។ ប៉ុន្តែ អំពើ​ហិង្សា​សាសនា​នៅ​ភូមា បាន​ជំរុញ​ឲ្យ​ក្រុមជាតិ​ភាគតិច​នេះ រត់​គេច​ពី​ភូមា ទៅ​ប្រទេស​ជិតខាង ជាពិសេស​ប្រទេស​ម៉ាឡេស៊ី ។ រដ្ឋាភិបាល​ភូមាមិន​បាន​ចាត់ទុក​ជាតិ​ភាគតិច ​រ៉ូហ៊ីងយ៉ា ជាជនជាតិ​ភូមាទេ ប៉ុន្តែ ជា​ជនអន្តោប្រវេសន៍ ដែល​ចូល​មក​រស់នៅខុសច្បាប់​នៅ​ភូមា។ ជនជាតិ​រ៉ូហ៊ីងយ៉ា​ធ្លាប់​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​វាយតម្លៃ​ថា ​​ជាជនជាតិ​ដែល​ទទួលរង​ការធ្វើទុកបុកម្នេញ​ និង​សម្លាប់​ រុកគួនខ្លាំង​ជាងគេ នៅក្នុង​ពិភពលោក៕
  

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ