បាតុកម្មតវ៉ាប្រឆាំងច្បាប់ការពារព្រះមហាក្សត្រ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ជាព្រឹត្តិការណ៍ដ៏កម្រកើតមាន នៅក្នុងប្រវត្តិសាស្រ្តថៃ។ ប្រជាជនថៃ ជាងមួយរយនាក់បានធ្វើបាតុកម្ម កាលពីថ្ងៃសុក្រម្សិលមិញ ដើម្បី ចេញមុខការពារបុរសចំណាស់ម្នាក់ ដែលតុលាការបានកាត់ទោស ឲ្យជាប់គុក ២០ឆ្នាំ ពីបទនិយាយប៉ះពាល់ដល់ព្រះមហាក្សត្រ។ នេះជាលើកទីមួយដែលគេឃើញប្រជាជនថៃហ៊ានចេញតវ៉ា ប្រឆាំងនឹងការអនុវត្តន៍ច្បាប់ការពារព្រះរាជវង្ស ដែលគេចាត់ទុកថា មានលក្ខណៈតឹងតែងបំផុត នៅក្នុងពិភពលោក។
នរណាក៏ដឹងដែរថា ប្រជាជនថៃគោរពយ៉ាងជ្រាលជ្រៅបំផុតព្រះរាជបល្ល័ង្ក។ ប្រជាជនថៃគ្រប់រូបតែងតែខ្លាច មិនហ៊ាននិយាយប៉ះពាល់ទៅដល់ព្រះមហាក្សត្រ ហើយ ពួកគេ ជាទូទៅថ្កោលទោសដល់អ្នកដែលហ៊ាននិយាយជេរប្រមាថព្រះមហាក្សត្រ ឬគ្រួសារព្រះរាជវង្ស។
ប៉ុន្តែ ចម្លែកអ្វីតែប្រជាជនថៃជាងមួយរយនាក់ដែលបានធ្វើបាតុកម្ម កាលពីថ្ងៃម្សិលមិញ។ ពួកគេទាំងនេះបានចេញមុខការពារ លោកAmpon Tangnoppakul បុរសចំណាស់វ័យ ៦១ឆ្នាំ ដែលត្រូវបានតុលាការកាត់ទោស កាលពីខែវិច្ឆិកាឲ្យជាប់គុក២០ឆ្នាំ។ តាមអ្នកគាំទ្រតាអំពុង (Ampon)ច្បាប់ការពារព្រះមហាក្សត្រមិនច្បាស់លាស់ ហើយការដាក់ទណ្ឌកម្មទៅលើតាអំពុងធ្វើឡើងដោយមិនសមស្រប។
តាអំពុង ដែលត្រូវប្រជាជនគាំទ្រដាក់ឈ្មោះថា តា SMS ត្រូវបានតុលាការរកឃើញថា គាត់បានសរសេរសារនិយាយប៉ះពាល់ដល់ព្រះរាជិនីថៃ។ តុលាការបានបង្ហាញថា តាអំពុងបានផ្ញើសាររិះគន់ប្រភេទនេះចំនួនបួនទៅកាន់អតីតនាយករដ្ឋមន្រ្តីថៃ លោកអាភីស៊ីត វីចាជីវ៉ា។ តាអំពុងផ្ទាល់បានឆ្លើយបដិសេធការចោទប្រកាន់ ដោយថា គាត់មិនទាំងចេះសរសេរផ្ញើសារតាមទូរស័ព្ទយ៉ាងម៉េចផង។
នៅក្នុងប្រទេសថៃ ច្បាប់ ការពារព្រះមហាក្សត្រត្រូវគេអនុត្តយ៉ាងតឹងរ៉ឹងបំផុត។ អ្នកដែលហ៊ាននិយាយប៉ះពាល់ ឬជេរប្រមាថត្រូវប្រឈមមុខនឹងការផ្តន្ទាទោសជាប់គុកយ៉ាងតិច ១៥ឆ្នាំ។ គ្រប់ៗគ្នាដឹងថា មានខ្សែបន្ទាត់ក្រហមមួយនេះ ដែលគេមិនត្រូវឆ្លងកាត់ ប៉ុន្តែ គ្មាននរណាម្នាក់ដឹងថា តើខ្សែក្រហមនោះនឹងលាតសន្ធឹងចប់ត្រឹមណានោះទេ។ ករណីរបស់តា អំពុង ឬតា SMS គឺជាឧទាហរណ៍ស្រាប់។ ដើម្បីបិទខ្ទប់មិនឲ្យមានការនិយាយប៉ះពាល់ទាល់តែសោះដល់ព្រះមហាក្សត្រនោះ អាជ្ញាធរថៃទើបចេញការអនុវត្តន៍ថ្មី។ គ្រាន់តែចុចលើសញ្ញាចូលចិត្ត ឬធ្វើអត្ថាធិប្បាយលើអត្ថបទក្នុងFacebook ក៏ត្រូវជាប់ទោសក្នុងបទជេរប្រមាថព្រះមហាក្សត្រ ដែរ។ ចំណែក ការសរសេរផ្ញើសារ មួយ តាមទូរស័ព្ទរិះគន់ ដែលប៉ះពាល់ដល់ព្រះចេស្តាព្រះមហាក្សត្រ ត្រូវទទួលទោសជាប់គុក ៥ឆ្នាំ។ ក្នុងករណីតាអំពុង គាត់ត្រូវជាប់គុក២០ឆ្នាំ ពីព្រោះគេចោទគាត់ថា បានសរសេរសាររិះគន់ដល់ទៅ ៤ដង។
អង្គការការពារសិទ្ធិមនុស្សបានបង្ហាញក្តីកង្វល់ពីករណីរបស់តាអំពុង។ កាលពីថ្ងៃ ព្រហស្បតិ៍ ទី ៩ ធ្នូ ជនជាតិអាមេរិក ដើមកំណើតថៃក៏ទើបត្រូវបានតុលាការថៃ កាត់ទោសឲ្យជាប់គុកពីរឆ្នាំ កន្លះ ក្នុងបទចោទប្រកាន់ដូចគ្នានេះ។ គេបានវាយតម្លៃថា មានមនុស្សច្រើនជាង ២០០នាក់ត្រូវបានកាត់ទោសឲ្យជាប់គុកពីបទជេរប្រមាថ ព្រះមហាក្សត្រ ឬគ្រួសារញាតិវង្សថៃ។ បណ្តឹងចោទប្រកាន់ពីបទជេរប្រមាថព្រះមហាក្សត្របានកើនឡើង សឹងទ្វេដង ចាប់តាំងពីមានរដ្ឋប្រហារទម្លាក់លោកថាក់ស៊ីន។ ក្រុមប្រឆាំង និងបញ្ញវន្តថៃមួយចំនួនធ្លាប់រិះគន់ថា រដ្ឋាភិបាលលោកអាភីស៊ីតបានយកលេសប្រើច្បាប់ប្រឆាំងជេរប្រមាថព្រះមហាក្សត្រដើម្បីកំចាត់ក្រុមគណបក្សប្រឆាំង។
ការអនុវត្តន៍កាន់តែច្រើន និងមិនសមស្របពីសំណាក់អាជ្ញាធរ រហូតធ្វើឲ្យអង្គការការពារសិទ្ធិមនុស្សរិះគន់រដ្ឋាភិបាលថៃពីរឿងបិទសិទ្ធិសេរីភាពប្រជាជន។ ការរិះគន់ និងការចេះតែចាប់ ចោទប្រកាន់ និងការបិទសេរីភាពច្រើនជ្រុល លើប្រព័ន្ធអ៊ីនធ័រណេត បានធ្វើឲ្យប្រជាជនចាប់ផ្តើមសង្ស័យ លើការអនុវត្តន៍ច្បាប់ប្រឆាំងការជេរប្រមាថព្រះមហាក្សត្រ។ ថ្មីៗ ក្នុងកិច្ចពិភាក្សា ឬសន្និសីទ ក្រុមបញ្ញវន្តថៃហ៊ានចោទជាសំណួរពីគោលដៅច្បាប់ ចំណែកក្រុមអង្គការការពារសិទ្ធិមនុស្សបានទាមទារឲ្យប្រទេសថៃកែប្រែបន្ធូរច្បាប់ឡើងវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ