ថៃ

គណៈកម្មការ៖« លោក ថាក់ស៊ីន​ត្រូវតែ​ស្ថិត​នៅ​ក្រៅ​ឆាកនយោបាយ​ថៃ »

លោក​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ ថាន់ស៊ីន ស៊ីណាវ៉ាត់
លោក​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ ថាន់ស៊ីន ស៊ីណាវ៉ាត់ REUTERS/Jumana El Heloueh/Files

នៅ​ថ្ងៃ​ច័ន្ទ ទី១៧ កញ្ញា​នេះ លោក កានិត ណាណាកន ប្រធាន​គណៈកម្មការឯករាជ្យ​មួយ​បាន​បញ្ជាក់​ថា លោក​អតីត​នាយករដ្ឋមន្រ្តី​ថៃ ថាក់ស៊ីន​ដែល​កំពុង​រស់នៅ​បរទេស​ត្រូវ​តែ​បោះបង់​ចោល​ទំាង​ស្រុង​នូវ​ការ​វិល​ត្រលប់​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ថៃ​ជាថ្មី។ ការ​អះអាង​របៀប​នេះ​ដោយ​លោក ណាណាកន​ផ្តល់​មូលហេតុ​ថា គឺ​ដើម្បី​រក្សា​​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ។

ផ្សាយពាណិជ្ជកម្ម

ពិត​មែន​តែ​អស់​អំណាច​តំាង​ពី​ឆ្នំា ២០០៦ ដោយ​រដ្ឋប្រហារ​យោធា​ក៏​ដោយ ក៏​នា​ពេល​បច្ចុប្បន្ន លោក​អតីត​នាយករដ្ឋមន្រ្តី​ថៃ ថាន់ស៊ីន ស៊ីណាវ៉ាត់​នៅ​តែ​ជា​ឥស្សរជន​នយោបាយ​ដ៏​សំខាន់ និង​កំពុង​មាន​ប្រជាប្រិយភាព​ខ្លំាង​នៅ​ក្នុង​ចំណោម​ប្រជារាស្រ្ត​ថៃ​ទូទៅ។ ក៏​ប៉ុន្តែ លោក កានិត ណាណាកន ប្រធាន​គណៈកម្មការឯករាជ្យ និង​ជា​អតីត​ព្រះរាជអាជ្ញា​បាន​យល់​ឃើញ​ថា ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ​ថៃ​បច្ចុប្បន្ន លោក ថាក់ស៊ីន​ត្រូវ​តែ​ដក​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​ប្អូនស្រី​របស់​គាត់​ដែល​បាន​កាន់​តំណែង​នាយករដ្ឋមន្រ្តី​តំាង​ពី ១ឆ្នំា​មក​ហើយ។

« ខ្ញុំ​គិត​ថា លោក ថាក់ស៊ីន​ត្រូវ​តែ​បញ្ឈប់​គ្រប់​តួនាទី​​របស់​ខ្លួន​នៅ​ក្នុង​ឆាកនយោបាយ​ថៃ » នេះ​ជា​ការ​បញ្ជាក់​របស់​លោក កានិត ណាណាកន​នៅ​ក្នុង​កិច្ចសន្ទនា​មួយ​តាម​ទូរទស្សន៍។ ការ​បញ្ជាក់​របស់​លោក កានិត ណាណាកន​ពេល​នេះ​បាន​ធ្វើ​ឡើង មុន​គណៈកម្មការ​របស់​លោក​​ចេញ​ផ្សាយ​របាយការណ៍​មួយ​មាន​ចំណងជើង​ថា « សច្ចៈភាព​ដើម្បី​ការ​ផ្សះផ្សារជាតិ » ស្តីពី​វិបត្តិនយោបាយ​ឆ្នំា ២០១០។ លោក ណាណាកន​បាន​បន្ថែម​ថា លោកស្រី យីងឡាក់​ធ្វើ​ការងារ​បាន​ល្អណាស់ លោក ថាក់ស៊ីន​ត្រូវ​តែ​ទុក​ឲ្យ​ប្អូនស្រី​ខ្លួន​បន្ត​ដឹកនំា​ប្រទេស​ថៃ។

គួរ​រំលឹក​ជូន​ថា ក្នុង​រយៈពេល ២ខែ គឺ​ចន្លោះ​ខែ​មីនា និង​ឧសភា​ឆ្នំា ២០១០ មាន​ក្រុមបាតុករ​អាវក្រហម​គាំទ្រ​លោក ថាក់ស៊ីន​ប្រមាណ​ជា ១០ម៉ឺននាក់​បាន​បោះជំរំ​នៅ​ចំ​កណ្តាល​ទីក្រុង​បាងកក មុន​នឹង​ត្រូវ​កម្លំាង​យោធា​បើក​យុទ្ធនាការ​វាយបំបែក។ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​ហិង្សា​មួយ​ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​ជាង ៩០នាក់ និង​រងរបួស ១ ៩០០នាក់​ផ្សេង​ទៀត។

តាម​ពិត​ទៅ លោក កានិត ណាណាកន​បាន​ត្រូវ​ជ្រើសតំាង​ជា​ប្រធាន​គណៈកម្មការ​ឯករាជ្យ​មួយ​នេះ​នៅ​ក្នុង​ជំនាន់​រដ្ឋាភិបាល​របស់​លោក​នាយកដ្ឋមន្រ្តី​អាប់ភីស៊ីត និង​ដែល​កាលណោះ បាន​ទទួល​ការ​រិះគន់​យ៉ាង​ខ្លំាង​ពី​សំណាក់​ក្រុមអាវក្រហម។ ប៉ុន្តែ តំាង​ពី​លោកស្រី យីងឡាក់​បាន​ជាប់ឆ្នោត​ក្នុង​ខែ​កក្កដា ឆ្នំា ២០១១ មក លោកស្រី យីងឡាក់​ក៏​សម្រេច​បន្ត​ទុក​តំណែង​លោក កានិត ណាណាកន​ដដែល។ តំាង​ពី​ពេល​នោះ​មក លោក កានិត​ដែល​ជា​អតីត​ព្រះរាជអាជ្ញា​ដ៏​គួរ​ឲ្យ​គោរព​រូប​នេះ បាន​បង្ហាញ​ពី​ការ​ធ្វើ​ការងារ​ប្រកប​ដោយ​ឯករាជ្យ និង​តម្លាភាព។

កាល​ពី​ដើម​ឆ្នំា ២០១២​នេះ គឺ​រូប​លោក កានិត​នេះ​ឯង​ដែល​បាន​ចេញ​មុខ​ទាមទារ​ឲ្យ​មាន​ការ​កែទម្រង់​លើ​ច្បាប់​ដ៏​រសើប​មួយ​ពាក់ព័ន្ធ​នឹង​ការ​និយាយ​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​រាជវង្សានុវង្ស។ ការ​និយាយ​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​រាជវង្ស​ដែល​នឹង​អាច​ទទួល​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ១៥ឆ្នំា។ តែ​អង្គការ​ជា​ច្រើន​បាន​មើល​ឃើញ​ថា ច្បាប់​ដ៏​រសើប​មួយ​នេះ​ត្រូវ​បាន​ក្រុមអ្នក​បញ្ញវន្ត​ក្នុង​ទីក្រុង​បាងកក​យក​ទៅ​ប្រើ​ជា​អាវុធ​ដើម្បី​ការបង្រ្កាប​ផ្នែក​នយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI