តួកគី

អ្នក​ដឹកនាំ​ពិភពលោក​ រួម​ប្រជុំ​គ្នា​នៅ​អ៊ីស្តមប៊ូល​ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​ខ្លាំង

អគ្គ​លេខាធិការ​អ.ស.ប​. Ban Ki-moon (ឆ្វេង)និង​លោក​នាយក​រដ្ឋមន្ត្រី​តួកគី​Recep Tayyip Erdogan​ នៅ​ឱកាស​ស​ន្និសីទ​អ.ស.ប.​លើក​ទី​៤​នៅ ​Istanbul​ តួកគី​ ថ្ងៃ​ទី​៩​ឧសភា ​២០១១។
អគ្គ​លេខាធិការ​អ.ស.ប​. Ban Ki-moon (ឆ្វេង)និង​លោក​នាយក​រដ្ឋមន្ត្រី​តួកគី​Recep Tayyip Erdogan​ នៅ​ឱកាស​ស​ន្និសីទ​អ.ស.ប.​លើក​ទី​៤​នៅ ​Istanbul​ តួកគី​ ថ្ងៃ​ទី​៩​ឧសភា ​២០១១។ © Reuters

ក្រោមកិច្ច​ឧបត្ថម្ភរបស់​លោក បាន គីមូន អគ្គលេខាធិការ​អ.ស.ប. ប្រទេស​តួកគី ទទួល​ស្វាគម​ ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ​អ្នក​ដឹកនាំ​ប្រទេស​ចំនួន​៤៨ ដែល​មាន​សេដ្ឋកិច្ច​​មិន​សូវ​លូតលាស់ ហៅ​កាត់ថា (PMA) ​ប្រទេស​ម្ចាស់​ជំនួយ ក៏​ព្រមទាំង​ស្ថាប័នអន្តរជាតិ​ផ្សេងៗ​ទៀត ។ គោលដៅ​តែ​មួយ​​គត់ នៃ​ជំនួប​កំពូល​នេះ ​គឺ​កសាង​ផែនការ​ថ្មី​មួយ​​ដើម្បី​ជួយ​​ប្រទេស​ក្រីក្រ​ខ្លាំង​ជាង​គេ​នៅ​ ក្នុង​ពិភពលោក​ក្នុង​រយៈពេល​១០​ឆ្នាំ។

ផ្សាយពាណិជ្ជកម្ម

សន្និសីទ​អន្តរជាតិ​លើក​ទី​៤​ នៃ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​មិន​សូវ​លូតលាស់​ ​​ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​ចំនួន​៥​ថ្ងៃ បាន​ទទួល​ការ​ចូល​រួម​ពី​សំណាក់​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក José Manuel Barroso និង​លោក ប្រធានាធិបតី​តួកគី Abdullah Gül ។

នៅ​ឱកាស​ជំនួប​នេះ លោក បាន គីមូន អគ្គ​លេខាធិការ​អ.ស.ប.​ បាន​ច្បិច​យក​​ លើ“ផ្នែក​​សំខាន់ៗ”​ជា​ច្រើន លើក​មក​និយាយ ដើម្បី​ជួយ​គាំទ្រ​បណ្តា​ប្រទេស​ក្រីក្រ​ទាំង​នេះ ដែល​​ប្រជាជន​របស់​ខ្លួន​​ម្នាក់ៗ មាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​​តិច​ជាង ៧៤៥ ដុល្លារ។

នៅ​​ថ្ងៃ​អាទិត្យ​ម្សិលមិញ ក្នុងពេលជួបជុំ រៀបចំបើកជំនួប  លោក​បាន គីមូន ​បាន​ថ្លែង​ អំពី​ការ​រីកចំរើន​ច្រើន​ក្នុង​សមត្ថភាព​ផលិតកម្ម​របស់​ប​ណ្តា​ប្រទេស​ក្រីក្រទាំងនេះ   អំពី ជំនួយ​និង​​ពាណិជ្ជកម្ម ​ ការ​ជួយ​សម្រាល​ប្រាក់​បំណុល ការ​ធ្វើ​វិនិយោគ​ដោយផ្ទាល់​នៅ​ឯបរទេស​និង ការផ្ទេរ​បច្ចេកវិជ្ជា​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

អ្នក​ចរចា​នៃ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​មិន​សូវ​លូតលាស់​ទាំង​នេះ ក្នុង​នេះ​រួម​មាន ប្រទេស​អាហ្វ្រិក​ចំនួន ៣៣​និង​ប្រទេស​អាស៊ី​ចំនួន​១៤ បូក​បន្ថែម​ប្រទេស ហៃទី​មួយ​ទៀត​ផង ​ចង់​ចាត់ វិធានការ​មួយ​ចំនួន​សំរាប់​ការ​កសាង​ហេដ្ឋារចនាសម្ពន្ធ​នានា ដើម្បី​ឈាន​ទៅ​ដល់ សមត្ថភាព​ផ្គត់ផ្គង់​ខ្លួនឯង​បាន​គ្រប់គ្រាន់​នៅ​លើ វិស័យ​សេដ្ឋកិច្ច និង​ឈាន​ទៅ​ដល់​ការ កាត់បន្ថយ​ភាពក្រីក្រនៅក្នុង​ប្រទេស​និង​ការ​បង្កើត​ការងារ​សមរម្យ​ត្រឹមត្រូវ។

ម្យ៉ាងទៀត ការ​ឡើង​ថ្លៃ ម្ហូបអាហារ​ក្នុង​អំឡុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ដែល​លេច​ចេញ​មក​ពី ភាព​វឹកវរ​ទាំង​ផ្នែក​នយោបាយ​និង​សង្គម គឺ​ជា​បញ្ហា ដ៏​សំខាន់​បំផុត សំរាប់​បណ្តា​ប្រទេស​​ទាំង​នេះ ពីព្រោះ​ប្រទេស​ក្រីក្រ មួយ​ចំនួន​ធំ​ ជា​ប្រទេស​នាំ​ចូល​គ្រឿង​ឧបភោគបរិភោគ ជា​ទៀងទាត់ រីឯ ប្រជាជន​ខ្លួន​ចំនួន ១/៣​វិញ ក៏​ពុំ​មាន​ម្ហូបអាហារ​ទទួលទាន​ជា​ប្រក្រតី​ឡើយ។

សូម​បញ្ជាក់​ថា ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​មិន​សូវ​លូតលាស់​ទាំង​នេះ មាន​ប្រជាជន​ចំនួន ៦៤៥ លាន​នាក់​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ ហើយ​ចំនួន​ប្រជាជន​របស់​គេ​នឹង​កើន​ចំនួន​ឡើង​ជា​ពីរ​ដង ចាប់ពី​ពេលនេះ​ទៅ​ដល់​ឆ្នាំ ២០៥០។ សន្និសីទ្ធ​អន្តរជាតិ​របស់​អ.ស.ប.​​នេះ ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល​១០ឆ្នាំ​ម្តង។ ប្រទេស​បារាំង ធ្លាប់​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ សន្និសីទ​នេះ ពីរ​លើក​គឺ​នៅ​ឆ្នាំ​១៩៨១​និង​នៅ​ឆ្នាំ ១៩៩០៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI