អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហគមន៍​អន្តរជាតិ​កំពុង​ប្រទាញប្រទង់​គ្នា​ជុំវិញ​សមាជិកភាព​រដ្ឋប៉ាលេស្ទីន​នៅ អ.ស.ប

សំឡេង ០៧:០៣
ទង់ជាតិ​អ៊ីស្រាអែល និង​ប៉ាលេស្ទីន
ទង់ជាតិ​អ៊ីស្រាអែល និង​ប៉ាលេស្ទីន
៣៣ នាទី

នៅ​ថ្ងៃទី ២០ កញ្ញា​ខាង​មុខ អង្គការសហប្រជាជាតិ​នឹង​បើក​មហាសន្និបាត​ប្រចំាឆ្នំា​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក។ ៣ សប្តាហ៍ មុន​មហាសន្និបាត​ចាប់​ផ្តើម ការ​ប្រទាញប្រទង់​គ្នា​ជុំវិញ​សមាជិកភាព​របស់​រដ្ឋ​ប៉ាលេស្ទីន​នៅ​អង្គការសហប្រជាជាតិ​កំពុង​បន្ត​កើត​មាន​យ៉ាង​ផុសផុល​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​គំាទ្រ និង​ប្រទេស​ដែល​ប្រឆំាង។ រហូត​មក​ទល់​ពេល​នេះ មាន ១៣០ ប្រទេស​បាន​ប្រកាស​ទទួល​ស្គាល់​រដ្ឋប៉ាលេស្ទីន តែ​អាមេរិក​អាច​នឹង​ប្រើ​សិទ្ធិវេតូជំទាស់​នៅ​ឯ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។

ផ្សាយពាណិជ្ជកម្ម

ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាលេស្ទីន ជា​ជម្លោះ​មួយ​ដ៏​រុំារ៉ៃ ស្មុគស្មាញ និង​អូសបន្លាយ។ ការ​ទាមទារ​ចង់​បាន​របស់​បណ្តា​ប្រទេស​អារ៉ាប់​ជា​ទូទៅ ពិសេស​ប្រជាជន​ប៉ាលេស្ទីន គឺ​ការ​បង្កើត​រដ្ឋប៉ាលេស្ទីន​មួយ​ឯករាជ្យ រស់​ក្បែរ​រដ្ឋអ៊ីស្រាអែល​ដែល​បាន​បង្កើត​ឡើង​តំាង​ពី​ឆ្នំា ១៩៤៨។ បើ​គេ​និយាយ​នៅ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ប្រទេស​មួយ​អាច​ប្រកាស​ទទួល​ស្គាល់​រដ្ឋឯករាជ្យ​របស់​ប្រទេស​មួយ​ទៀត។ ជាក់​ស្តែង​រហូត​មក​ដល់​ពេល​នេះ មាន ១៣០ ប្រទេស​ក្នុង​ចំណោម​ប្រទេស​ទំាង ១៩៣ ជា​សមាជិក​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ទទួល​ស្គាល់​រដ្ឋ​ប៉ាលេស្ទីន។ ក៏​ប៉ុន្តែ រដ្ឋប៉ាលេស្ទីន​ខ្លួន​ឯង​មិន​ទាន់​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិទេ។ គួរ​ជម្រាប​ជូន​ថា ជា​គោលការណ៍ អង្គការសហប្រជាជាតិ​មិន​មាន​សមត្ថកិច្ច​ទទួល​ស្គាល់​រដ្ឋ​ណា​មួយ ជា​រដ្ឋឯករាជ្យ​ទេ។ ប៉ុន្តែ ប្រសិន​បើ​រដ្ឋ​ណា​មួយ​ត្រូវ​បាន​អង្គការសហប្រជាជាតិ​អនុម័ត​ឲ្យ​ចូល​ជា​សមាជិក តាម​រយៈ​ការ​បោះឆ្នោត​រួច​ហើយ រដ្ឋ​នោះ​នឹង​ក្លាយ​ជា​រដ្ឋឯករាជ្យ តាម​ភាព​ជាក់ស្តែង។ នេះ​គឺ​ជា​អ្វី ដែល​ប៉ាលេស្ទីន​ទាមទារ​ចង់​បាន នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នា​ចុង​ខែ​កញ្ញា​នេះ។

រដ្ឋ​មួយ​អាច​ក្លាយ​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ​បាន ត្រូវ​ឆ្លង​កាត់​២ដំណាក់កាល ទីមួយ គឺ​ការ​អនុម័ត​ដោយ​សំឡេង ២ ភាគ ៣​នៅ​អង្គការសហប្រជាជាតិ និង​ទីពីរ គឺ​ការ​អនុម័ត​ជា​ឯកច្ឆ័ន្ទ​នៅ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នៅ​អង្គការសហប្រជាតិ ប៉ាលេស្ទីន​អាច​នឹង​ទទួល​បាន​ការ​គំាទ្រ​ពី ១២០ ទៅ ១៥០ ប្រទេស​នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​ទំាង ១៩២ ប្រទេស។ បន្ទាប់​មក នៅ​ក្រុមប្រឹក្សាសន្តិសុខ បើ​មាន​ប្រទេស​ណា​មួយ​ប្រើ​សិទ្ធិវេតូ​ជំទាស់ គឺ​អ្វីៗ​ត្រូវ​ទុក​ជា​មោឃៈ។ ក្នុង​ន័យ​នេះ អ្នក​ដែល​ជំទាស់ គឺ​គ្មាន​នរណា ក្រៅ​ពី​សហរដ្ឋអាមេរិក​ទេ។

សហគមន៍​អន្តរជាតិ​ធុញទ្រាន់​នឹង​កិច្ចចរចា​អូសបន្លាយ​របស់​អ៊ីស្រាអែល និង​ប៉ាលេស្ទីន

កិច្ចចរចា​សន្តិភាព​ដោយ​ផ្ទាល់​រវាង​ភាគី​អ៊ីស្រាអែល និង​ប៉ាលេស្ទីន​ធ្លាប់​មាន​ច្រើន​រាប់​​មិន​អស់ តែ​គ្មាន​លទ្ធផល​ជាក់ស្តែង។ ផ្ទុយ​ទៅ​វិញ វា​កាន់​តែ​ធ្វើ​ឲ្យ​ស្ថានការណ៍​ចុះ​ដុនដាប។ គួរ​បញ្ជាក់​ថា ក្រោយ​ពី​បាន​ឈ្នះ​សង្រ្គាម​ជាមួយ​ប្រទេស​អារ៉ាប់​ក្នុង​ឆ្នំា​១៩៦៧ ដែល​គេ​ហៅ​ថា​សង្រ្គាម​​៦ថ្ងៃ អ៊ីស្រាអែល​បាន​កាន់កាប់​ដែនដី​មួយ​ចំនួន ហួស​ពី​ព្រំដែន​ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​ទៅ​ទៀត ក្នុង​នោះ​មាន​ ដែនដី​យេរូសាឡឹម​ខាងកើត និង​ទីតាំង​មួយចំនួន​ទៀត​នៅ​ក្នុង​ដែនដី​ប៉ាលេស្ទីន​ដែល​អ៊ីស្រាអែល​បាន​សាងសង់​លំនៅដ្ឋាន​ឲ្យ​ប្រជាជន​របស់​ខ្លួន​រស់នៅ។ គឺ​ការ​ដែល​អ៊ីស្រាអែល​បន្ត​ពង្រីក​ការ​សាងសង់​លំនៅដ្ឋាន​ដោយ​ខុស​ច្បាប់​ចូល​ក្នុង​ទឹកដី​ប៉ាលេស្ទីន​នេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​ដំណើរការ​ចរចា​សន្តិភាព​រវាង​ភាគី​ជម្លោះ​ត្រូវ​ជាប់គាំង​ រហូត​មក​ដល់​ពេល​នេះ។ គឺ​ដោយ​សម្លឹង​ឃើញ​នូវ​ភាព​ទាល់​ច្រក​នៃ​កិច្ចចរចា​ទ្វេភាគី​​នេះ​ហើយ បាន​ជា​បន្តិច​ម្តងៗ សហគមន៍​អន្តរជាតិ​ចាប់​ផ្តើម​ធុញទ្រាន់ រហូត​ដល់​មាន​ប្រទេស​ជា​ច្រើន​បាន​​ផ្តើម​ពិចារណា​ចង់​ទទួល​ស្គាល់​រដ្ឋប៉ាលេស្ទីន​មួយ​ឯករាជ្យ។ បញ្ហា​ដែល​ចោទ​គឺ​ថា តើ​ព្រំដែន​ពី​ឆ្នំា​ណា និង​នៅ​កន្លែង​ណា​ខ្លះ​ដែល​គេ​ត្រូវ​ប្រគល់​ឲ្យ​ប៉ាលេស្ទីន។ ចំពោះ​អ៊ីស្រាអែល ការ​វិល​ទៅ​រក​ខ្សែបន្ទាត់ព្រំដែន​មុន​ឆ្នំា ១៩៦៧ ជា​រឿង​មួយ មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត។ ចំណែក​ខាង​ភាគី​ប៉ាលេស្ទីន​វិញ អធិបតេយ្យ​​របស់​​រដ្ឋប៉ាលេស្ទីន​មួយ​ឯករាជ្យ​ត្រូវ​តែ​កំណត់​តាម​ខ្សែបន្ទាត់ព្រំដែន​មុន​ឆ្នំា ១៩៦៧។

គ្មាន​អ្នក​ឈ្នះ មាន​តែ​អ្នក​ចាញ់

ជាទូទៅ និង​ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិច​ជាមួយ​អ៊ីស្រាអែល សហរដ្ឋអាមេរិក​តែងតែ​ប្រកាន់​យក​នយោបាយ​កាន់​ជើង​អ៊ីស្រាអែល​ក្នុង​ដំណោះស្រាយ​នៅ​ដើមបូព៌ា ពិសេស​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាលេស្ទីន។ ប៉ុន្តែ​អាមេរិក​ក្នុង​ជំនាន់​លោក អូបាម៉ា ខុស​ពី​ប្រធានាធិបតី​មុនៗ​នៅ​ត្រង់​ថា លោក អូបាម៉ា​ហ៊ាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ទទួល​យក​ខ្សែបន្ទាត់ព្រំដែន​មុន​ឆ្នំា ១៩៦៧ ធ្វើ​ជា​គោល​ក្នុង​ការ​ចរចា​ជាមួយ​ប៉ាលេស្ទីន។ ការ​ទាមទារ​នេះ​បាន​ធ្វើ​ឡើង​នា​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រមុខរដ្ឋាភិបាល​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ​នៅ​អាមេរិក​កាល​ពី​ខែ​ឧសភា។ តែ​លោក នេតាន់យ៉ាហ៊ូ​បាន​ច្រាន​ចោល​ភ្លាមៗ​នូវ​ការ​ទាមទារ​របស់​លោក អូបាម៉ា។ ក្នុង​ពេល​ជាមួយ​គ្នា លោក​អូបាម៉ា​ក៏​បាន​ប្រឆំាង​នឹង​ការ​អនុម័ត​ឲ្យ​ប៉ាលេស្ទីន​ចូល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ផងដែរ។ ហេតុផល​ដែល​បាន​លើក​ឡើង​ដោយ​សេតវិមាន​គឺ​ថា ប៉ាលេស្ទីន​មិន​អាច​ចូល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ ដោយ​មិន​ឆ្លង​កាត់​ការ​ចរចា​ជាមួយ​អ៊ីស្រាអែល​ទេ។

ឃើញ​ថា ទោះ​បី​ជា​មាន​ប្រទេស​ជាង ២​ភាគ ៣​គ្រោង​នឹង​បោះឆ្នោត​គំាទ្រ​សមាជិកភាព​របស់​ប៉ាលេស្ទីន​នៅ​អង្គការ​សហប្រជាជាតិ​នា​ពេល​ខាង​មុខ​ក៏​ដោយ តែ​បើ​អាមេរិក​បាន​ប្រើ​សិទ្ធិវេតូ​ជំទាស់​នៅ​ឯ​ក្រុមប្រឹក្សាសន្តិសុខ​នោះ ប៉ាលេស្ទីន​នៅ​តែ​ស្ថិត​ក្រៅ​បញ្ជី​របស់​អង្គការ​សហប្រជាជាតិ​ដដែល។

សំណួរ​ដែល​ចោទ តើ​អ្នក​ណា​ឈ្នះ អ្នក​ណា​ចាញ់ ?

បើ​គេ​ពិនិត្យ​ជា​រួម​ទៅ អត់​មាន​អ្នក​ឈ្នះ​ទេ គឺ​មាន​សុទ្ធ​តែ​អ្នក​ចាញ់។ អ៊ីស្រាអែល និង​អាមេរិក​អាច​ប្រឈម​មុខ​នឹង​ភាព​ឯកោ​ផ្នែក​ការទូត សហភាពអឺរ៉ុប និង​អង្គការ​សហប្រជាជាតិ​ត្រូវ​បាក់មុខ បាក់មាត់ ចំណែក​ប្រជាជន​ប៉ាលេស្ទីន​នៅ​តែ​ជា​រដ្ឋឯករាជ្យ និង​អធិបតេយ្យ​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ