ព្រឹទ្ធសភាបានអនុម័តសំណើវិសោធកម្មច្បាប់រដ្ឋធម្មនុញ្ញព្រឹកមិញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ព្រឹកមិញ សំណើកែច្បាប់រដ្ឋធម្មនុញ្ញ ត្រង់មាត្រា៧៦ និងមាត្រាបន្ថែមទាំងឡាយពីជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី ត្រូវបានព្រឹទ្ធសភាឯកភាពទាំងស្រុង ដោយគ្មានការកែប្រែលើខ្លឹមសារ ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី០១ ខែតុលាឡើយ។ នេះគឺជាវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដែលត្រូវបានស្នើឡើងដោយតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាន់តែ«ឯករាជ្យ» និង«អព្យាក្រឹត»។
សមាជិកព្រឹទ្ធសភា៥១រូប បានប្រជុំពិនិត្យសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៧៦ និងមាត្រាទាំងឡាយ ពីជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ហើយបានអនុម័តជាឯកច្ឆន្ទ ដោយគ្មានការកែប្រ នៅព្រឹកថ្ងៃទី១០ ខែតុលា ថ្វីបើព្រឹទ្ធសមាជិ១០រូបផ្សេងទៀតអវត្តមានក្តី។ កាលពីថ្ងៃទី០១ ខែតុលា សមាជិករដ្ឋសភាកម្ពុជា១២០រូប ដែលមានវត្តមាន បានអនុម័តសេចក្តីស្នើច្បាប់នេះ ជាឯកច្ឆន្ទដែរ។
វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញនេះ ផ្តោតជាសំខាន់លើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា គ.ជ.ប. ឱ្យក្លាយជាស្ថាប័នធម្មនុញ្ញ តាមរយៈជំពូកទី១៥ថ្មី ដែលមានតែពីរមាត្រា។ ខ្លឹមសាររួមនៃជំពូកបន្ថែមគឺថា គ.ជ.ប. ដែលមានអាណត្តិ៥ឆ្នាំ ជាអង្គការឯករាជ្យ អព្យាក្រឹត មានថវិកាស្វយ័តសម្រាប់រៀបចំការបោះឆ្នោតនានានៅកម្ពុជា មានសមាជិក៩រូប ក្នុងនោះ៤រូបមកពីគណបក្សកាន់អំណាច និង៤រូបមកពីគណបក្សផ្សេងទៀត ដែលមានអាសនៈក្នុងរដ្ឋសភា។ សំណើនេះក៏ព្រមានដែរថា បើសមាសភាព គ.ជ.ប.ថ្មីកើតមិនរួច សមាសភាពចាស់ត្រូវបន្តការងាររបស់ខ្លួន។
ការសម្រេចកែរដ្ឋធម្មនុញ្ញកម្ពុជានៅពេលនេះកើតឡើង ដោយសារសំណើពីអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលមិនចុះសម្រុងគ្នាយ៉ាងជ្រាលជ្រៅ អំពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៥នៃរដ្ឋសភា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១។ ជម្លោះពេលនោះបានធ្វើឱ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនព្រមចូលធ្វើការ ក្នុងរដ្ឋសភា ហើយធ្វើបាតុកម្មរយៈពេល១ឆ្នាំ ទម្រាំគណបក្សទាំងពីររកឃើញកិច្ចព្រមព្រៀងបញ្ចប់វិបត្តិរួម នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣។ នោះជាកិច្ចព្រមព្រៀងដែលផ្តួចផ្តើមឱ្យមានការប្រែក្លាយអង្គការរៀបចំការបោះឆ្នោតរបស់កម្ពុជាទៅជាស្ថាប័នធម្មនុញ្ញ និងធ្វើឱ្យតំណាងរាស្ត្រគណបក្សប្រឆាំងអាចចូលកាន់តំណែងដឹកនាំក្នុងក្បាលម៉ាស៊ីនរដ្ឋសភា និងព្រឹទ្ធសភា។
អង្គការមិនមែនរដ្ឋាភិបាល ជំនាញខាងកិច្ចការបោះឆ្នោត ធ្លាប់បានរិះគន់ថា ខ្លឹមសារដែលមានចែងក្នុងជំពូកទី១៥ថ្មីនៃរដ្ឋធម្មនុញ្ញនេះ មិនទាន់ច្បាស់លាស់នៅឡើយទេ។ បើតាមសង្គមស៊ីវិល នៅមានកិច្ចការជាច្រើនទៀតត្រូវធ្វើ ទាក់ទងនឹងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដើម្បីឱ្យគ.ជ.ប ឯករាជ្យ និងអព្យាក្រឹតពិតប្រាកដ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ