ភូមា

លោក​ថេន សេន​លើកសរសើរ​លោកស្រី​អ៊ុងសាន​ស៊ូជី​នៅ​អ.ស.ប.

នៅក្នុង​សុន្ទរកថា​​​ក្នុង​មហាសន្និបាត​អ.ស.ប. កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក​ថេន សេន ប្រធានាធិបតី​ភូមា បាន​លើកសរសើរ​​លោកស្រី​អ៊ុង សានស៊ូជី អំពី​ការតស៊ូ​របស់​លោកស្រី​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។ លោក​ប្រធានាធិបតី​ភូមា​ក៏​បាន​អំពាវនាវ​ផងដែរ​ សុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្តល់​ជំនួយ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ភូមា។

លោក​ថេន សេន ប្រធានាធិបតី​ភូមា ក្នុង​មហាសន្និបាត​អ.ស.ប. ថ្ងៃព្រហស្បតិ៍ ២៧ កញ្ញា ២០១២
លោក​ថេន សេន ប្រធានាធិបតី​ភូមា ក្នុង​មហាសន្និបាត​អ.ស.ប. ថ្ងៃព្រហស្បតិ៍ ២៧ កញ្ញា ២០១២ REUTERS/Lucas Jackson
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញនេះ គឺ​ជា​លើក​ទី១ ដែល​លោក​ប្រធានាធិបតី​ថេន សេន ឡើងថ្លែងសុន្ទរកថា នៅក្នុង​មហាសន្និបាត​អ.ស.ប. ហើយ​ក៏​ជាលើក​ទី១​ដែរ ដែល​លោក​ប្រធានាធិបតីភូមា​បាន​ថ្លែង​ជា​សាធារណៈ លើក​សរសើរ​ប្រមុខដឹកនាំ​ប្រឆាំង​ភូមា លោកស្រី​អ៊ុង សានស៊ូជី។ លោក​បាន​លើកឡើង​ថា ក្នុងឋានៈជា​ពលរដ្ឋ​ភូមា​មួយរូប លោក​សូម​សម្តែង​នូវ​ការ​​អបអរសាទរ​ ចំពោះ​លោកស្រី​អ៊ុង សានស៊ូជី ដែល​ត្រូវ​​បាន​គេ​ផ្តល់​កិត្តិយស អំពី​ការតស៊ូ​របស់​លោកស្រី​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ។

សុន្ទរកថា​របស់​លោកថេន សេន រួមទាំង​ការ​លើកសរសើរ​លោកស្រី​អ៊ុង សានស៊ូជី​នេះ ត្រូវបាន​ចាក់ផ្សាយ​បន្តផ្ទាល់​តាមទូរទស្សន៍​នៅ​ភូមា។

នៅ​ចំពោះ​មុខ​ប្រមុខដឹកនាំ​កំពូលៗ ដែល​ចូលរួម​ក្នុង​មហាសន្និបាត​អ.ស.ប. លោក​ប្រធានាធិបតី​ថេន សេន អតីត​ឧត្តមសេនីយ៍​នៃ​របបសឹកភូមា​ ដែល​បាន​ធ្វើ​កំណែទម្រង់​នយោបាយ​ នាំ​ភូមា​ចេញ​ពី​របបផ្តាច់ការ និង​ភាពឯកោ​ក្នុង​ឆាក​អន្តរជាតិ ​បាន​សន្យាថា កំណែទម្រង់​ដែល​បាន​និង​កំពុង​តែនាំ​ការ​ផ្លាស់ប្តូរ​យ៉ាងអស្ចារ្យ​មក​ប្រទេស​របស់​លោក​នៅពេលនេះ​នឹង​មិន​អាច​វិលត្រឡប់​ថយក្រោយ​វិញ​ទេ។

ក្នុងពេល​ជាមួយ​គ្នា​នោះ លោក​ក៏​បាន​អំពាវនាវ​ផងដែរ សុំជំនួយ​ខាងផ្នែក​សេដ្ឋកិច្ច និង​ការបោះទុន​វិនិយោគ​ពីបរទេស​ ដោយ​លើកហេតុផល​ថា ការ​អភិវឌ្ឍ​ខាងផ្នែក​សេដ្ឋកិច្ច គឺ​ជា​គន្លឹះ​សំខាន់បំផុត សម្រាប់​កំណែទម្រង់​ប្រជាធិបតេយ្យ។

គួររំឭកឡើងវិញ​ថា កាលពីថ្ងៃ​ពុធ មួយថ្ងៃ​មុន​សុន្ទរកថា​របស់​លោក​ថេន សេន លោកស្រី​ហ៊ីឡារី គ្លីនតុន រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​ប្រកាស​ឲ្យដឹង​ថា អាមេរិក​បាន​សម្រេច​ដក​ចេញវិញ​ហើយ​ នូវការ​ហាមឃាត់​ការនាំទំនិញ​ពី​ភូមា​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក។

នៅ​ថ្ងៃ​សុក្រ​នេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីមួយ​នឹង​ត្រូវ​គេ​រៀបចំធ្វើ​នៅ​​ក្រៅ​មហាសន្និបាត​អ.ស.ប. ដើម្បី​ជជែក​ពី​បញ្ហា​ភូមា ហើយ​​គេរំពឹងថា នៅ​ក្នុង​កិច្ចប្រជុំនេះ សហគមន៍​អន្តរជាតិ​អាច​នឹង​ចាត់វិធានការ​មួយចំនួន​ទៀត ដើម្បី​លើក​ទឹកចិត្ត​ដល់​​នយោបាយ​កំណែទម្រង់​របស់​រដ្ឋាភិបាល​​លោក​ថេន សេន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI