លោកថេន សេនមិនជំទាស់នឹងរឿងលោកស្រីអ៊ុងសានស៊ូជីឡើងធ្វើជាប្រធានាធិបតី
លោកប្រធានាធិបតីថេន សេន បានប្រាប់ទូរទស្សន៍ BBC កាលពីថ្ងៃសៅរ៍ម្សិលមិញ ថា លោកនឹងទទួលស្គាល់លោកស្រីអ៊ុង សានស៊ូជី ជាប្រធានាធិបតី ប្រសិនបើលោកស្រីជាប់ឆ្នោត។ ក៏ប៉ុន្តែ លោកថេន សេន ក៏បានបញ្ជាក់បន្ថែមផងដែរថា លោកតែម្នាក់ឯងមិនមានអំណាចកែប្រែច្បាប់ ដែលហាមមិនឲ្យលោកស្រីប្រមុខដឹកនាំប្រឆាំងឈរឈ្មោះជាប្រធានាធិបតីបាននោះទេ។
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងដំណើរទស្សនកិច្ចជាលើកទី១ ទៅកាន់សហរដ្ឋអាមេរិក នៅពេលនេះ លោកថេន សេន ពិតជាបានទាក់ទាញចំណាប់អារម្មណ៍ពីសហគមន៍អន្តរជាតិមិនតិចនោះទេ ជាពិសេស ទាក់ទងនឹងជំហររបស់លោក ចំពោះលោកស្រី អ៊ុង សានស៊ូជី។
កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសុន្ទរកថា ចំពោះអង្គមហាសន្និបាតអ.ស.ប. លោកថេន សេន អតីតមេដឹកនាំជាន់ខ្ពស់ក្នុងរបបសឹកភូមា បានលើកសរសើរចំពោះការតស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រីប្រមុខដឹកនាំប្រឆាំង និងជាអតីតអ្នកទោសនយោបាយរបស់លោក។
ពីរថ្ងៃក្រោយទៀត ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អង់គ្លេស BBC លោកប្រធានាធិបតី ថេន សេន បានបញ្ជក់ថា លោក និងលោកស្រីអ៊ុង សានស៊ូជី កំពុងតែធ្វើការជាមួយគ្នា ហើយគ្មានបញ្ហាអ្វីនឹងគ្នាទេ ហើយថា លោកនឹងទទួលស្គាល់លោកស្រី អ៊ុង សានស៊ូជី ជាប្រធានាធិបតី ប្រសិនបើប្រជាពលរដ្ឋភូមាបោះឆ្នោតជ្រើសរើសលោកស្រី។ ក៏ប៉ុន្តែ លោកប្រធានាធិបតីភូមាបានបញ្ជាក់បន្ថែមថា លោកតែម្នាក់ឯង គ្មានសិទ្ធិអំណាចកែប្រែរដ្ឋធម្មនុញ្ញ ដែលហាមឃាត់លោកស្រីអ៊ុង សានស៊ូជី មិនឲ្យឈរឈ្មោះជាប្រធានាធិបតីបានទេ។ ការកែប្រែរដ្ឋធម្មនុញ្ញនេះ គឺវាអាស្រ័យទៅលើឆន្ទៈរបស់ប្រជាជនភូមា និងឆន្ទៈរបស់សមាជិកសភា។
គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញ ដែលតាក់តែងឡើងដោយមេដឹកនាំយោធាភូមា មានចែងហាមមិនឲ្យអ្នកនយោបាយភូមាណា ដែលមានសាច់ញាតិជាប់សញ្ជាតិបរទេសឈរឈ្មោះជាប្រធានាធិបតី។ ដូច្នេះ បើមិនមានការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញនេះទេ លោកស្រីអ៊ុង សានស៊ូជី ដែលមានស្វាមី និងកូនប្រុសពីរជាពលរដ្ឋអង់គ្លេស មិនមានសិទ្ធិឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីភូមា នៅឆ្នាំ២០១៥ខាងមុខនេះបានទេ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BBC ម្សិលមិញនេះ លោកថេន សេន ក៏បានលើកសរសើរផងដែរ ចំពោះតួនាទីរបស់កងទ័ពភូមា ដែលយោងតាមរដ្ឋធម្មនុញ្ញភូមា កងទ័ពត្រូវទទួលបានអាសនៈ ១ភាគ ៤ ក្នុងរដ្ឋសភាដោយស្វ័យប្រវត្តិ។ លោកថេន សេន ដែលជាអតីតឧត្តមសេនីយ៍មួយរូបដែរនោះបានបញ្ជាក់ថា គេមិនអាចផាត់កងទ័ពចេញពីនយោបាយភូមាបានទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ