អង់គ្លេស-អារ៉ាប៊ី សាអូឌីត

លោកស្រី​​Theresa​ May​​​ទស្សនកិច្ច​​​​អារ៉ាប៊ី​​សាអូឌីត​ ស្វែង​រក​​ប្រយោជន៍​​សេដ្ឋកិច្ច​​អោយ​​អង់គ្លេស​

នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May
នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May REUTERS/Jack Taylor

នៅថ្ងៃ​អង្គារ​នេះ ​នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី​ Theresa May បានធ្វើដំណើរ​ទៅ​ដល់ទីក្រុង​រីយ៉ាត ប្រទេស​​អារ៉ាប៊ី សាអូឌីត។ ទិសដៅ​នៃ​ទស្សនកិច្ច​នេះ គឺ​​​​​ស្វែង​រក​ផល ប្រយោជន៍​សេដ្ឋកិច្ច​អោយ​អង់គ្លេស ក្នុង​ពេល​អង់គ្លេស​ត្រូវចាកចេញ​ពី​សហភាព​អឺរ៉ុប។ 

ផ្សាយពាណិជ្ជកម្ម

តាម​កម្មវិធី​នៃ​ទស្សនកិច្ច នៅអារ៉ាប៊ីសាអូឌីត នាយករដ្ឋមន្ត្រី​អង់គ្លេស តេរេសា មៃ ជួប ព្រះមហាក្សត្រ និង​ព្រះរាជបុត្រ​ស្នងរាជ បូករួម​នឹង​​ថ្នាក់ដឺកនាំ​អារ៉ាប៊ី​សាអូឌីត​ផងដែរ។ នាយករដ្ឋមន្ត្រី​អង់គ្លេស និង​មេដឹកនាំ​អារ៉ាប៊ី​សាអូឌីត ត្រូវ​ពិភាក្សា​ពីបញ្ហា​សន្តិសុខ រឺ​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​។ តែ​ប្រធានបទ​​​ចំបងនៃ​ទស្សនកិច្ច​របស់​លោកស្រី​តេរេសា មៃ​ គឺ​​ផ្តោត​​ទៅលើ​ការ​វិនិយោគ​ ដើម្បី​ស្វែង​រក​ប្រយោជន៍​អោយ​អង់គ្លេស ពេល​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប

អង់គ្លេសមិនសូវ​ស្ងប់ចិត្ត​​ទេ ដែល​បាន​បោះឆ្នោត​ដើរ​ចេញ​ពី​អឺរ៉ុប ព្រោះ​អង់គ្លេស​ត្រូវខាត​ប្រយោជន៍​ច្រើន។ ដូច្នេះ​​ពេលនេះ អង់គ្លេស​ខំស្វែង​​រក​ការវិនិយោគ​ពី​បណ្តាប្រទេស​អារ៉ាប់​ ដោយ​សន្យា​ការពារ​​សន្តិសុខពួកគេ​ ជា​ថ្នូរ​នឹង​ការ​វិនិយោគ​ពី​ប្រទេស​ទាំងនោះវិញ។ កាលពីចុងខែ​មីនា​មុននេះ ​ប្រទេស​កាតា​សន្យា​វិនិយោគ​បន្ថែម​៥ ៨០០លាន​អឺរ៉ូ ​នៅ​អង់គ្លេស។
​​
សម្រាប់​លោក​ស្រី​តេរេសា​ មៃ​ ​អារ៉ាប៊ី សាអូឌីត ជា​​ដៃគូ​សំខាន់ ក្នុង​ការ​ចូលរួម​ជំរុញ​សេដ្ឋកិច្ច​អង់គ្លេស។ លោកស្រី​មៃ​ប្រហែល​​​មិន​និយាយ​ពីបញ្ហា​សិទ្ធិមនុស្ស​នៅ​យេម៉ែន ជាមួយ​ក្រុង​រីយ៉ាត​​ទេ។ ​២ឆ្នាំ​មកនេះ អារ៉ាប៊ីសាអូឌីត បាន​ធ្វើ​អន្តរាគមន៍​យោធា​ នៅ​យេម៉ែន​។ នៅ​អង់គ្លេស​ ក្រុម​​អ្នក​​​​ប្រឆាំង​នឹង​អន្តរាគមន៍​យោធា​នេះ បូករួម​​ក្រុម​ប្រឆាំង​​ការ​នាំចេញ​អាវុធ​អោយ​អារ៉ាប៊ី​សាអូឌីត ​បាន​ធ្វើសកម្មភាព​​តវ៉ា​ជាខ្លាំង។ លោក​ចេរេមី ខប៊ីន ជា​មេដឹកនាំ​បក្ស​ការងារ បាន​ទាមទារ​អោយ​អង់គ្លេស​បញ្ឈប់​​​​ភ្លាមៗ នូវ​ការ​​​នាំចេញ​អាវុធ​ទៅអោយ​អារ៉ាប៊ី សាអូឌីត។ ២ឆ្នាំ​មកនេះ ការនាំចេញ​អាវុធ​ទៅ​អោយ​ក្រុងរីយ៉ាត បាន​ផ្តល់​ថវិកា​ប្រមាណ​៣ពាន់៨៦០លាន​អោយ​រដ្ឋាភិបាល​​ក្រុងឡុងដ៏។ តែ​អន្តរាគមន៍​យោធា​របស់​អារ៉ាប៊ីសាអូឌីត ​នៅ​យេម៉ែន​បាន​បង្ក​អោយ​មា​នជនស៊ីវិល​ស្លាប់​​សន្ធឹកសន្ធាប់។

ក្នុង​ស្រុក​អង់គ្លេស ​កន្លងមក ​​​មាន​បាតុករ​ប្រឆាំង​​​​អន្តរាគមន៍​យោធារបស់​អារ៉ាប៊ី សាអូឌីត ​​បាន​​​គប់​ពងមាន់ ទៅលើ​មន្ត្រី​អារ៉ាប៊ី​សាអូឌីត ម្នាក់ ដែលជាអ្នក​នាំពាក្យ​ក្រុម​សម្ព័ន្ធ​អារ៉ាប់ ​នៅ​យេម៉ែន។ មុន​លោកស្រី​តេរេសា មៃ ទៅទស្សនកិច្ច​នៅ​ក្រុងរីយ៉ាត ​រដ្ឋាភិបាល​អង់គ្លេស​បាន​ចេញមុខ​សូមទោស ចំពោះ​​​​ហេតុការណ៍​នេះ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI