អង់គ្លេស-Brexit

នាយករដ្ឋមន្ត្រី​​​​អង់គ្លេស​​​​ស្នើ​អោយ​​​​មាន​​ការ​​​បោះឆ្នោត​​​​សភា​​​​​​​មុន​​​អាណត្តិ​​

នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May
នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May REUTERS/Toby Melville

ថ្ងៃអង្គារ​នេះ នាយករដ្ឋមន្ត្រី​អង់គ្លេស​ លោកស្រី​តេរេសា មៃ បាន​ស្នើ​អោយ​អង់គ្លេស​ធ្វើការ​បោះឆ្នោត​សភា ថ្ងៃ​៨មិថុនា ជា​ការ បោះឆ្នោត​​មុន​អាណត្តិ។ ​ទិសដៅ គឺ​​ពង្រឺង​អំណាច​បក្ស​អភិរក្ស​ នៅ​សភា ដើម្បី​​សម្រួល​ដល់រដ្ឋាភិបាល​ក្នុង​​​​ការចរចា​​ប្រិចស៊ីត​​ជាមួយ​សហភាព​អឺរ៉ុប។ 

ផ្សាយពាណិជ្ជកម្ម

តាម​ធម្មតា ​ការបោះឆ្នោត​សភា នៅ​អង់គ្លេស ​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ ២០២០ ឯណោះ ប៉ុន្តែ ដោយសារ​អង់គ្លេស​ត្រូវចរចា​ជាមួយ​អឺរ៉ុប២ឆ្នាំ ដើម្បី​អាច​ដើរចេញ​ពី​អឺរ៉ុប អោយ​ដាច់ស្រឡះ នៅរវាង​​​ឆ្នាំ២០១៩ ​នាយករដ្ឋមន្ត្រី​​​ តេរេសា​ មៃ ចង់អោយ​អង់គ្លេស​បោះឆ្នោតសភា ថ្ងៃ​៨មិថុនា ​មុន​កាល​កំណត់។ ​

នាយករដ្ឋមន្ត្រី​អង់គ្លេស​ប្រាប់ថា លោកស្រី​រារែកចិត្ត​ដែរ តែ​លោកស្រី​ចង់​អោយ​សភា​មាន​សម្លេង​បក្ស​កាន់អំណាច​ភាគច្រើន ដើម្បី​ពង្រឺង​​រដ្ឋាភិបាល ​សម្រួលក្នុងពេលអង់គ្លេសត្រូវ​​​​ចរចា​ប្រិចស៊ីត ជាមួយ​អឺរ៉ុប។ សម្រាប់​នាយករដ្ឋមន្ត្រី​អង់គ្លេស បក្ស​ប្រឆាំង​នៅ​សភា សព្វថ្ងៃ​នេះចង់​បង្អាក់​ការងារ​របស់​លោកស្រី ហើយ​ដោយសារ​ជំហរ​បក្ស​ប្រឆាំង ​សមត្ថភាព​​ចរចា​ប្រិចស៊ីត​​​​​​របស់​រដ្ឋាភិបាល​អាច​នឹង​ចុះខ្សោយ ​ប្រឈម​នឹង​ដៃគូ​ចរចា​ជា​សហភាព​អឺរ៉ុប។

ដើម្បី​អាចរៀបចំ​ការបោះឆ្នោត​សភា​មុន​អាណត្តិ​ ​នាយករដ្ឋមន្ត្រី​អង់គ្លេស ត្រូវតែ​មាន​សម្លេង​គាំទ្រ​ពី​តំណាងរាស្ត្រ​ ២ភាគ៣។ បក្ស​ប្រឆាំង​និង​បក្ស​មួយចំនួនមិនសប្បាយ​ចិត្ត​នឹង​​ ​ការ​ប្រកាសរបស់​លោកស្រី​តេរេសា មៃ​ ​​ចង់​បោះឆ្នោតសភា​​មុនកំណត់នេះទេ។ ទោះ​យ៉ាងនេះ​ក្តី បក្ស​ការងារ​ដែល​ជា​បក្ស​ប្រឆាំង​​ធ្លាប់​ប្រាប់ថា ​មិន​​ជំទាស់​នឹង​ការ​រៀបចំ​បោះឆ្នោត​មុនអាណត្តិ​​ទេ។

ដោយឡែក យោងតាម​ការស្ទាបស្ទង់​មតិ ប្រជាប្រិយភាព​របស់​បក្ស​អភិរក្ស​នាំមុខ​បក្ស​ប្រឆាំង ហើយ​ប្រជាប្រិយភាព​របស់​លោកស្រី​តេរេសា មៃ ក៏​នាំមុខ​ប្រជាប្រិយភាព​លោក​ចេរេមី ឃរប៊ីន ជា​មេដឺកនាំ​បក្ស​ប្រឆាំង​ដែរ។ ពលរដ្ឋ​អង់គ្លេស​៥០ភាគរយ ​ពេញចិត្ត​អោយ​លោកស្រី​មៃ ធ្វើ​ជា​នាយករដ្ឋមន្ត្រី ខណៈ​លោក​ឃរប៊ីន មកពី​បក្ស​ប្រឆាំង បាន​ទទួល​ការគាំទ្រ​ត្រឹមតែ​​១៤ភាគរយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI