កម្ពុជា

មហាបាតុកម្ម​បី​ថ្ងៃ​របស់​​បក្ស​សង្គ្រោះជាតិ​បាន​បិទ​បញ្ចប់​ដោយ​គ្មាន​អំពើ​ហិង្សា​

លោក សម រង្ស៊ី (ស្តាំ) និង​ លោក កឹម សុខា (ឆ្វេង) នៅ​ក្នុងថ្ងៃ​ដង្ហែក្បួន​មហាផ្ទៃ។
លោក សម រង្ស៊ី (ស្តាំ) និង​ លោក កឹម សុខា (ឆ្វេង) នៅ​ក្នុងថ្ងៃ​ដង្ហែក្បួន​មហាផ្ទៃ។ RFI/Siv Channa

បាតុកម្ម​រយៈពេល​បី​ថ្ងៃ​របស់​គណបក្ស​សង្គ្រោះជាតិ បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃ​សុក្រ​ទី​២៥ តុលា​នេះ​បន្ទាប់​ពី​បាន​ដង្ហែ​ញត្តិ​ទៅ​កាន់​ស្ថានទូត​ចំនួន​៨​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ និង​អង្គការសហប្រជាជាតិ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា​បាតុកម្ម​អហិង្សា​រយៈពេល​បី​ថ្ងៃ​នេះ​បាន​ទទួល​ជោគជ័យ ព្រោះ​តែ​ការ​ចូលរួម​ដោយ​ស្ម័គ្រ​ចិត្ត ពី​បាតុករ​រាប់​ម៉ឺន​នាក់។ បាតុកម្ម​នេះ បានបញ្ចប់​ដោយ​គ្មាន​អំពើហិង្សា​ទេ។

ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​រយៈពេល​បី​ថ្ងៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ លោក សម រង្សី និង​លោក កឹម សុខា បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃ​សុក្រ ទី​២៥ តុលា​នេះ។ នៅ​ម៉ោង​ប្រមាណ​ជា៣រសៀល លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ថ្លែង​បិទ​មហា​បាតុកម្ម ដោយបាន​អរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ចូលរួម​មហា​បាតុកម្មអហិង្សា​លើក​ទី​៣​នេះ ប្រកបដោយ​ជោគជ័យ។ ជោគជ័យ​ព្រោះថា មាន​ប្រជាពលរដ្ឋ​យ៉ាង​តិច​ណាស់​៥​ម៉ឺន​នាក់ បាន​ចូលរួម​ធ្វើ​បាតុកម្ម គ្មាន​ផ្ទុះ​អំពើ​ហិង្សា​និង​ជា​បាតុកម្ម​ដោយ​ស្ម័គ្រចិត្ត។

 
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ការចូលរួម​ដោយ​ស្ម័គ្រចិត្ត​នេះ​ថា ជា​ជ័យជំនះ​សីលធម៌ ព្រោះ​ថា​ជា​បាតុកម្ម​ដែល​ស្តែង​ឡើង​ពី​ឆ​ន្ទះ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ ជោគជ័យ​មួយទៀត​គឺ​ការទទួលយក​ញ្ញតិ​ពី​សំណាក់​អង្គការ​សហប្រជាជាតិ បណ្តា​ប្រទេសធំៗទាំង៨ ដែល​រួមទាំង​មហាអំណាច ដូចជា​អាមេរិក បារាំង និង​ចិន​ជា​ដើម។

លោក សម រង្ស៊ី ដែល​បាន​ដឹកនាំ​ក្បួន​ដង្ហែ​ញត្តិ​ដោយផ្ទាល់ បាន​អះអាង​ទៅកាន់​អ្នកសារព័ត៌មាន​ក្រោយ​ការដាក់​ញត្តិ​ថា ទាំង​ឧត្តម​ស្នងការ​ទទួលបន្ទុក​សិទ្ធមនុស្ស របស់​អង្គការសហប្រជាជាតិ និង​បណ្តា​ប្រទេស​ទាំងអស់ បាន​សន្យាថា​នឹង​បញ្ជូន​ញត្តិ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅកាន់​រដ្ឋាភិបាល​របស់​ប្រទេស​គេរៀងៗ​ខ្លួន។

ក្នុង​មហា​បាតុកម្ម​ពីថ្ងៃ​ទី២៣ ដល់​ថ្ងៃទី២៥តុលា​នេះ គណបក្សប្រឆាំង​មួយ​នេះ បាន​ដង្ហែ​ញត្តិ​ដែលមាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង២លាន​ស្នាម​មេដៃ ទៅកាន់​អង្គការសហប្រជាជាតិ រួមទាំង​ស្ថានទូត​ចំនួន៨ ក្នុង​រាជធានី​ភ្នំពេញ ក្នុងនោះ​មាន​ស្ថានទូត​អាមេរិក បារាំង អង់គ្លេស អូស្ត្រាលី ជប៉ុន ឥណ្ឌូនេស៊ី ចិន និង​រូ​ស្ស៊ី។ អត្ថន័យ​ក្នុង​ញត្តិ​នោះ គឺ​ទាមទារ ឱ្យ​អង្គការសហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន និង​ជម្រុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​នេះ។

គួររំលឹកថា ថ្ងៃ​មហា​បាតុកម្ម​លើក​ទី៣របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គេ​សង្កេតឃើញថា មិនមាន​អំពើហិង្សា​អ្វី​ផ្ទុះឡើង​រវាង​កងកម្លាំង​អាជ្ញាធរ និង​ក្រុមបាតុករ បើទោះបីជា​មនុស្ស​រ៉ាប់​ម៉ឺន​នាក់ បាន​ដើរ​ដង្ហែ​ក្បួន​ក៏ដោយ។ ដែល​នេះ ខុស​កាលពី​មហា​បាតុកម្ម កាលពី​ពាក់កណ្តាល​ខែកញ្ញា​កន្លង​ទៅ ដែល​បណ្តាលឱ្យ​ពលរដ្ឋ​ម្នាក់ បាន​ស្លាប់​ដោយ​ការបាញ់ប្រហារ។

សូមបញ្ជាក់ថា លោក សម រង្ស៊ី លោក កឹម សុខា និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាក់​ចេញពី​ទីលាន​ប្រជាធិបតេយ្យ​តាំងពី​ម៉ោង​ប្រមាណ​ជាង៣រសៀល​នៅ​ថ្ងៃទី២៥នេះ​ប៉ុន្តែ​បាតុករ​មួយចំនួន​នៅតែ​បន្ត​នៅ​រាំ ច្រៀង នៅលើ​ទីលាន​ប្រជាធិបតេយ្យ​ខណៈ ដែល​បាតុករ​មួយចំនួនធំ បានធ្វើ​ដំណើរ​ទៅកាន់​លំនៅដ្ឋាន​រៀងខ្លួន​ហើយ​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI