លីប៊ី

ទាហាន​ហូឡង់​៣នាក់​ត្រូវ​កងកម្លាំង​កាដាហ្វ៊ី​ចាប់ខ្លួន​នៅ​លីប៊ី

កាដាហ្វ៊ី៖ អន្តរាគមន៍​យោធា​នៅ​លីប៊ី​នឹង​ត្រូវ​បរាជ័យ​ដូច​នៅ​វៀតណាម
កាដាហ្វ៊ី៖ អន្តរាគមន៍​យោធា​នៅ​លីប៊ី​នឹង​ត្រូវ​បរាជ័យ​ដូច​នៅ​វៀតណាម ©Reuters

រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ហូឡង់​បាន​ឲ្យដឹង​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ទាហាន​របស់​ខ្លួន​ចំនួន ៣រូប ត្រូវ​កងកម្លាំង​ស្ម័គ្រស្មោះ​នឹង​លោក​កាដាហ្វ៊ី​ចាប់ខ្លួន នៅ​ពេល​​ពួក​គេ​ចូល​ទៅ​ជួយ​ជម្លៀស​ពលរដ្ឋ​អឺរ៉ុប​ចេញ​ពី​​ប្រទេស​លីប៊ី។ ចាប់តាំង​ពី​មាន​ចលនា​បះបោរនៅលីប៊ី​មក នេះ​គឺ​ជា​លើក​ទីមួយ​ហើយ ដែល​មានសេចក្តីរាយការណ៍​អំពី​ការ​ចាប់ខ្លួន​ជនបរទេស។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ សេង ឌីណា

យោងតាម​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ហូឡង់ ទាហាន​ហូឡង់​ទាំង​៣រូប ត្រូវ​បាន​ចាប់ខ្លួន កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ នៅពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាកចក្រ​ចេញ​ពី​​នាវាចម្បាំង​​​ទៅចុះចត​​​នៅ​លីប៊ី ដើម្បី​ជម្លៀស​ពលរដ្ឋ​អឺរ៉ុប។ ជនស៊ីវិល​២រូប​ក៏​ត្រូវ​បាន​ចាប់ខ្លួន​ដែរ នៅពេលនោះ ក៏ប៉ុន្តែ ក្រោយ​មក​​ជនស៊ីវិល​ទាំង២​រូប​ត្រូវ​បាន​​អាជ្ញាធរ​លីប៊ី​​ដោះលែង​មកវិញ ដោយ​ទុក​តែ​ទាហាន​ និង​ឧទ្ធម្ភាកចក្រ។

គួរ​បញ្ជាក់ថា ចាប់តាំង​ពី​​មាន​អំពើ​បះបោរ​មក មិនមែន​តែ​ហូឡង់​មួយ​ទេ ដែល​បញ្ជូន​ទាហាន​កុម្ម៉ង់ដូ​ចូល​ទៅ​ជួយ​ជម្លៀស​​ប្រជាជន​ចេញ​ពី​លីប៊ី។ កាលពី​ចុងសប្តាហ៍​កន្លងទៅនេះ កាសែត​អង់គ្លេស​​បាន​ចុះផ្សាយ​ថា រាជាណាចក្រ​អង់គ្លេស​ក៏​បាន​បញ្ជូន​ទាហាន​កុម្ម៉ង់ដូ​ចូល​ទៅ​លីប៊ី​ដែរ ដើម្បី​ជម្លៀស​ពលរដ្ឋ​អង់គ្លេស ដែល​បម្រើការ​នៅ​​ការដ្ឋាន​អណ្តូងប្រេងលីប៊ី។ បារាំង និង​អាមេរិក ដែល​សុទ្ធតែ​បាន​បញ្ជូន​យន្តហោះ​ទៅ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​លីប៊ី​នោះ ក៏​ទំនង​ជា​មាន​ទាហាន​កុម្ម៉ងដូ​ទៅ​តាមការពារ​ដែរ។ ក៏ប៉ុន្តែ កន្លងមក ក្រៅ​ពី​ទាហាន​ហូឡង់ គេ​មិនដែល​លេចឮ​ព័ត៌មាន​អំពី​ការ​ចាប់ខ្លួន​ទាហាន​បរទេស​ដោយ​អាជ្ញាធរ​លីប៊ី​នោះទេ។

នៅពេលនេះ នាវាចម្បាំង​បរទេស​ជាច្រើន​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​លីប៊ី។ នាវាពិឃាត​មួយគ្រឿង និង​នាវា​ផ្ទុក​ឧទ្ធម្ភាចក្រ​ពីរគ្រឿង​របស់​អាមេរិក បាន​ទៅ​ដល់​​សមុទ្រ​ម៉េឌីទេរ៉ានេ​ហើយ។ ទាហាន​ម៉ារីន​អាមេរិក ចំនួន ៤០០​នាក់​ កំពុង​ធ្វើ​ដំណើរ​ទៅកាន់​នាវាផ្ទុក​យន្តហោះ​ទាំង​ពីរ​នោះ ដើម្បី​បន្ថែម​ពីលើ​ម៉ារីន ៨០០​នាក់ ដែល​មាន​នៅ​លើ​នោះស្រាប់។ ក្រៅ​ពី​​នោះ នាវាចម្បាំង​ផ្សេង​ទៀត​ក៏​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​កាន់ប្រទេស​លីប៊ី​ដែរ ក្នុង​នោះ​បារាំង​បញ្ជូន​ពីរគ្រឿង អង់គ្លេស​មួយគ្រឿង កាណាដាមួយគ្រឿង កូរ៉េ​ខាង​ត្បូង​មួយគ្រឿង និង​មួយ​​គ្រឿង​ទៀត​របស់​អ៊ីតាលី​នឹងត្រូវ​ចេញ​ដំណើរ​នៅថ្ងៃ​ស្អែក​ ឬ​ថ្ងៃ​សៅរ៍។ នាវាទាំងនេះ អាច​ប្រើ​សម្រាប់​ប្រតិបត្តិការ​យោធាក៏បាន និង​ការ​ជម្លៀស​ជនភៀសខ្លួន​ក៏បាន។
 

ពលករ​ហ្កាណា​កំពុង​រង់​ចាំ​ឆ្លងដែន​ចេញ​ពី​លីប៊ី​ទៅ​ទុយនីស៊ី
ពលករ​ហ្កាណា​កំពុង​រង់​ចាំ​ឆ្លងដែន​ចេញ​ពី​លីប៊ី​ទៅ​ទុយនីស៊ី ©Reuters

នៅពេលនេះ គេ​នៅមិនទាន់​ឯកភាព​គ្នា​​នៅឡើយទេ អំពី​ការ​ធ្វើ​អន្តរាគមន៍​យោធា​នៅ​លីប៊ី។ ក៏ប៉ុន្តែ គ្រប់គ្នា​បានទទួលស្គាល់​​ថា ​ជនភៀសខ្លួន គឺ​ជា​​បញ្ហា​ដ៏​ចម្បងមួយ ដែល​គេ​ចាំបាច់​ត្រូវ​តែ​ដោះស្រាយ​ជា​បន្ទាន់។ ជនភៀសខ្លួន​រាប់សិបម៉ឺននាក់ ដែល​ក្នុង​នោះ​មាន​ទាំង​ពលរដ្ឋ​បរទេស និង​ពលរដ្ឋ​លីប៊ី កំពុង​តែ​នាំគ្នា​ព្យាយាម​ឆ្លងដែន​​តាម​ច្រក​ព្រំដែន​គោក​ទៅ​ទុយនីស៊ី និង​អេហ្ស៊ីប។ ទីជម្រក ចំណីអាហារ ទឹកស្អាត និង​ថ្នាំពេទ្យ គឺ​ជា​តម្រូវការ​ចាំបាច់ និង​បន្ទាន់​បំផុត សម្រាប់​ជនភៀសខ្លួន​ទាំងនេះ។ ពលរដ្ឋ​បរទេស ដែល​មិនទាន់​អាច​ចាកចេញ​ពី​លីប៊ី​បាន ភាគច្រើន​គឺ​ជា​ពលរដ្ឋ​មកពី​ប្រទេស​ក្រីក្រ មិនមាន​លទ្ធភាព​​បញ្ជូន​នាវា ឬ​យន្តហោះ​មក​ជម្លៀស​​ពលរដ្ឋ​​របស់​ខ្លួន​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI