កងទ័ពសម្រេចយកគុនបុរាណខ្មែរ៣ប្រភេទចងជាក្បួនការពារជាតិ
ចុះផ្សាយនៅថ្ងៃ៖
ក្បាច់គុនបុរាណខ្មែរ ៣ប្រភេទ រួមមានក្បាច់គុនល្បុក្កតោ យុទ្ធក្រមខម និងប្រដាល់សេរី ត្រូវបានសហព័ន្ធ និងកងយុទ្ធពលខេមរភូមិន្ទ សម្រេចសហការគ្នារៀបចំចងក្រងជាគម្ពីរក្បួនខ្នាត សម្រាប់បណ្តុះបណ្តាលដល់ក្រុមកងទ័ពកម្ពុជា។ ពិធីចុះអនុស្សារណៈសហការ រវាងសហព័ន្ធកីឡាល្បុក្កតោ សមាគមយុទ្ធក្រមខម សហព័ន្ធកីឡាប្រដាល់កម្ពុជា និងគណៈកម្មការរៀបចំក្បាច់គុននៃកងយោធពលខេមរភូមិន្ទ បានធ្វើឡើង នៅរសៀលថ្ងៃទី ២២មិថុនានេះ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
នេះអាចចាត់ទុកថាជាលើកដំបូង ដែលគណៈកម្មការរៀបចំក្បាច់គុននៃកងយោធពលខេមរភូមិន្ទ របស់ក្រសួងការពារជាតិ បានចុះអនុស្សារណៈសហការជាមួយនឹងសហព័ន្ធកីឡាបុរាណខ្មែរ ចំនួន៣ គឺល្បុក្កតោ យុទ្ធក្រមខម និងប្រដាល់សេរី ដើម្បីរៀបចំចងក្រងក្បាច់ក្បួនខ្នាត ទុកជាគម្ពីរ សម្រាប់បណ្តុះបណ្តាលដល់កងទ័ពកម្ពុជា។ លោកហ៊ុន ម៉ាណែត អនុប្រធានគណៈកម្មការរៀបចំក្បាច់គុននៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់នៅក្នុងសន្និសីទកាសែតក្រោយពិធីចុះអនុស្សារណៈថា គោលបំណងនៃការរៀបចំការសហការគ្នានេះ គឺដើម្បីចូលរួមលើកកម្ពស់ និងអភិរក្សក្បាច់គុនបុរាណខ្មែរ ព្រមទាំងដើម្បីបំពេញតម្រូវការហ្វឹកហាត់របស់កងយុទ្ធពលខេមរភូមិន្ទកម្ពុជា។
តាមលោកហ៊ុន ម៉ាណែត បន្ទាប់ពីចុះអនុស្សារណៈនេះហើយ ជាជំហានបន្ទាប់ គឺនឹងមានការសិក្សាស្រាវជ្រាវ ចងក្រងសៀវភៅមួយ ដែលមានឈ្មោះថាក្បាច់គុនកងយុទ្ធពលខេមរភូមិន្ទ បន្ទាប់មកនឹងមានរៀបចំសិក្ខាសាលាពីលទ្ធផលនៃការស្រាវជ្រាវ។ ហើយក្រោយមកទៀត សហព័ន្ធទាំង៣ នឹងរួមគ្នាជួយបណ្តុះបណ្តាលគ្រូបង្គោលដើម្បីត្រៀមបង្វឹកកងទ័ព និងចុងក្រោយក្បួនខ្នាតនេះ នឹងត្រូវដាក់ចូលក្នុងកម្មវិធីហ្វឹកហាត់របស់កងទ័ពតែម្តង។ លោកហ៊ុន ម៉ាណែត ប៉ាន់ស្មានថា កងទ័ព នឹងអាចយកក្បួននេះ ទៅហ្វឹកហាត់បាន នៅអំឡុងចុងឆ្នាំ ២០១៦ ឬដើមឆ្នាំ ២០១៧។
លោកវ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានសម្តែងការសាទរ ចំពោះការចុះអនុស្សារណៈនេះ ហើយលោកថា កត្តានេះ អាចធ្វើឲ្យអ្នកហាត់កីឡាល្បុក្កតោខ្មែរ មានការងារធ្វើបន្ថែម តាមរយៈការផ្ទេរចំណេះដឹងរបស់ពួកគេ។ លោកវ៉ាត់ ចំរើន អះអាងថា ការហាត់ក្បាច់គុនល្បុក្កតោ គឺមិនត្រឹមតែអាចការពារខ្លួនបាននោះទេ ប៉ុន្តែក៏ជាក្បួនមួយដែលមានប្រយោជន៍សម្រាប់ការពារជាតិមាតុភូមិបានផងដែរ។
សូមបញ្ជាក់ថា ក្បាច់គុនបុរាណខ្មែរទាំង៣ ដែលជាកេរ្តិ៍មរតករបស់ដូនតា ត្រូវបានគេចាត់ទុកថាជាសម្បត្តិអរូបិយរបស់កម្ពុជា។ ក្នុងនោះ ក្បាច់គុនល្បុក្កតោ ក៏ត្រូវបានកម្ពុជារៀបចំដាក់បញ្ជូលទៅក្នុងសម្បត្តិ បេតិកភណ្ឌអរូបិយមនុស្សជាតិរបស់អង្គការយូណេស្កូផងដែរ។ ហើយបើតាមលោកវ៉ាត់ ចំរើន ការរៀបចំឯកសារ ដាក់ទៅកាន់អង្គការយូណេស្កូ គ្រោងនឹងបញ្ចប់ឲ្យហើយ នៅអំឡុងខែកញ្ញា ឬខែតុលា ឆ្នាំ ២០១៦នេះ។ ចំណែកឯក្បាច់គុនយុទ្ធក្រមខម ទោះបីជាមិនសូវមានការបង្កើតកម្មវិធីច្រើនតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដូចក្បាច់ប្រដាល់សេរី ប៉ុន្តែអ្នកធ្វើការក្នុងវិស័យកីឡានេះ កន្លងមកបានព្យាយាមដាក់បញ្ជូលការសម្តែងក្បាច់គុនប្រភេទនេះ ទៅក្នុងកម្មវិធីជាតិនានា ដើម្បីចែករំលែកដល់កូនខ្មែរជំនាន់ក្រោយឲ្យបានស្គាល់ ទោះបីជាការផ្សព្វផ្សាយនោះ វាមានកម្រិតតិចតួចខ្លាំងក្តី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ