ការ​លិច​នាវា​កូរ៉េ​ខាង​ត្បូង៖ តើ​កូរ៉េ​ខាង​ជើង​អាច​ទទួល​ទណ្ឌកម្ម​ដែរ​ឬ​ទេ?

សំឡេង ០៧:០៩
កូរ៉េ​ខាង​ជើង​ព្រមាន​​ថា ប្រសិន​បើ​កូរ៉េ​ខាង​ត្បូង​វាយប្រហារ​លើ​ទីតាំងណាមួយ​របស់​​ខ្លួន​ សង្រ្គាម​នឹង​ផ្ទុះឡើង​
កូរ៉េ​ខាង​ជើង​ព្រមាន​​ថា ប្រសិន​បើ​កូរ៉េ​ខាង​ត្បូង​វាយប្រហារ​លើ​ទីតាំងណាមួយ​របស់​​ខ្លួន​ សង្រ្គាម​នឹង​ផ្ទុះឡើង​ ©Reuters

ជាងមួយ​ខែ​ក្រោយ​ពី​នាវាចម្បាំង​មួយ​គ្រឿង​បាន​ផ្ទុះលិច នៅ​កណ្តាលសមុទ្រ​ ក្បែរ​ព្រំដែន​ជាមួយ​កូរ៉េខាងជើង កូរ៉េ​ខាង​ត្បូង​​បាន​បង្ហាញ​ភស្តុតាង​ថា កូរ៉េ​ខាង​ជើង​គឺ​ជា​អ្នក​បាញ់​ពន្លិច​នាវា​ចម្បាំង​នេះ។ ការបាញ់​ពន្លិច​នាវា​ចម្បាំង​របស់​ប្រទេស​មួយ នៅ​ក្នុង​ដែន​ទឹក​របស់​គេ គឺ​​ស្មើ​នឹង​ប្រកាស​សង្រ្គាម​ជាមួយ​ប្រទេស​នោះ។ សំណួរ​សួរថា តើ​កូរ៉េ​ខាង​ជើង​​អាច​នឹង​ទទួល​ទណ្ឌកម្ម​ ក្នុង​កា​របាញ់​នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង​នេះ​ដែរ​ឬ​ទេ?

ផ្សាយពាណិជ្ជកម្ម

 

យោងតាមលទ្ធផល​ស៊ើបអង្កេត ដែល​បង្ហាញ​ជូន​ដោយ​កូរ៉េ​ខាង​ត្បូង នៅ​ក្នុង​បំណែក​នាវាចម្បាំង​ គេ​បាន​រកឃើញ​ជាតិផ្ទុះ​ម្យ៉ាង​ ដែល​​គេ​តែង​ឃើញ​មាន​ប្រើ​ក្នុង​​មីស៊ីល​បាញ់​ក្នុង​ទឹក (Torpille) ផលិត​ដោយ​កូរ៉េ​ខាង​ជើង ហើយ​នាំ​ចេញ​ទៅ​លក់​នៅ​បរទេស។ ម្យ៉ាងទៀត គេ​បាន​រកឃើញ​បំណែក​មីស៊ីល​បាញ់​ក្នុងទឹក​មាន​ស្នាម​អក្សរ ដែល​អាច​ឲ្យ​គេ​សន្និដ្ឋាន​បាន​ថា ជា​មីស៊ីល​​របស់​កូរ៉េ​ខាង​ជើង។ បើ​សិន​ជា​​​ភស្តុតាង​ទាំងនេះ​ជា​ភស្តុតាង​ពិត កូរ៉េ​ខាង​ជើង​គឺ​​ជា​អ្នក​បាញ់​ពន្លិច​នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង​ប្រាកដ​មែន។

នៅពេលនេះ កូរ៉េខាង​ត្បូង និង​អាមេរិក ដែល​ជា​សម្ព័ន្ធ​មិត្ត​មាន​គោលជំហរ​ច្បាស់​ណាស់ គឺ​ថា កូរ៉េ​ខាង​ជើង​ត្រូវ​តែ​ទទួល​ទោស​ចំពោះ​ទង្វើ​នេះ។ ក៏ប៉ុន្តែ សំណួរ​សួរ​ថា​តើ​គេ​មាន​ជម្រើស​អ្វី​ខ្លះ ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​កូរ៉េ​ខាង​ជើង?

លោក​លី ម្យ៉ុងបាក់ (Lee Myung-bak) ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ធ្លាប់​បាន​ថ្លែង​ថា លោក​មិន​​បដិសេធ​ចោល​នូវ​ជម្រើស​ណាមួយ​នោះទេ រួមទាំង ជម្រើស​យោធា​ផង ក្នុង​ការ​តបត​នឹង​កូរ៉េ​ខាង​ជើង។ ក៏ប៉ុន្តែ​ អ្នក​វិភាគ​ជាច្រើន​យល់ថា កូរ៉េ​ខាង​ត្បូង​ទំនង​ជា​នឹង​មិន​ប្រើ​កម្លាំង​ទ័ព​វាយប្រហារ​ទៅ​លើ​កូរ៉េ​ខាង​ជើង​នោះទេ។

ជាការពិត​ថា កងទ័ព​កូរ៉េ​ខាង​ត្បូង​ពេលនេះ មាន​ការហ្វឹកហ្វឺន និង​មាន​សព្វាវុធ​ទំនើបៗ ហើយ​ថែម​ទាំង​មាន​កងទ័ព​អាមេរិក​​ដល់​ទៅ​ជិត ៣​ម៉ឺន​នាក់ ឈរ​ជើង​​ចាំ​ជួយ​ទៅទៀត។ ក៏ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក៏ដោយ កូរ៉េ​ខាង​ត្បូង​ដឹង​ច្បាស់​ថា ការ​ធ្វើ​សង្រ្គាម​ជាមួយ​កូរ៉េ​ខាង​ជើង គឺ​ជា​រឿង​មួយ​ប្រថុយប្រថាន​បំផុត។ នៅ​កូរ៉េ​ខាង​ត្បូង ដែល​ទាំង​រដ្ឋាភិបាល និង​ទាំង​ប្រជាជន​ទូទៅ ផ្តោត​​ជា​សំខាន់​ទៅ​លើ​ការ​ធ្វើ​ជំនួញ​នោះ មិនមាន​អ្នកណា​ម្នាក់​ចង់​ឃើញ​សង្រ្គាម​កូរ៉េ​ផ្ទុះ​ឡើង​សា​ជាថ្មី​ទៀត​នោះទេ។
 

កូរ៉េ​ខាង​ត្បូង​ដឹង​ច្បាស់​ថា​ការធ្វើ​សង្រ្គាម​ជាមួយ​កូរ៉េ​ខាង​ជើង​នឹង​នាំ​ឲ្យ​មាន​ការ​ខូចខាតធ្ងន់ធ្ងរ​ដល់​ខ្លួន​ឯង
កូរ៉េ​ខាង​ត្បូង​ដឹង​ច្បាស់​ថា​ការធ្វើ​សង្រ្គាម​ជាមួយ​កូរ៉េ​ខាង​ជើង​នឹង​នាំ​ឲ្យ​មាន​ការ​ខូចខាតធ្ងន់ធ្ងរ​ដល់​ខ្លួន​ឯង ©Reuters

នៅពេលនេះ ជម្រើស​ទីមួយ​របស់​លោក​លី ម្យ៉ុង​បាក់ គឺ​ប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បី​ឲ្យ​ថ្កោលទោស និង​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង។ ក៏ប៉ុន្តែ នៅពេលនិយាយ​ពី​ក្រុមប្រឹក្សា​សន្តិសុខ គេ​ត្រូវ​គិត​ទៅ​ដល់​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េ​ខាង​ជើង​ ហើយ​ដែល​ជា​ប្រទេស​មាន​សិទ្ធិ​វ៉េតូ។

បើ​មើល​ទៅ​លើ​សេចក្តី​ថ្លែងការណ៍​នានា​របស់​ចិន រហូត​មកទល់ពេលនេះ គេ​អាច​សន្និដ្ឋាន​ថា ចិន​ទំនង​ជា​មិន​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​នោះទេ។ គួររំឭកថា ក្រោយ​ពី​នាវាចម្បាំង​កូរ៉េ​ខាង​ត្បូង​ផ្ទុះលិច បណ្តាល​ឲ្យ​ស្លាប់​នាវិក​ដល់​ទៅ ៤៦នាក់ ចិន​បាន​នៅ​ស្ងាត់​ស្ងៀម រហូត​ដល់ ១ខែ​ក្រោយ​មក​ ទើប​ថ្លែង​សារ​រំលែក​ទុក្ខ​ចំពោះ​កូរ៉េ​ខាង​ត្បូង។ ម្យ៉ាងទៀត ក្រោយ​ពេល​ដែល​កូរ៉េ​ខាង​ត្បូង​បង្ហាញ​ភស្តុតាង​ថា កូរ៉េ​ខាង​ជើង​ជា​អ្នក​បាញ់​ពន្លិចនាវា​ចម្បាំង​នេះ ទាំង​ជប៉ុន និង​អាមេរិក សុទ្ធតែ​បាន​ថ្កោលទោស​កូរ៉េ​ខាង​ជើង។ ផ្ទុយទៅវិញ ចិន​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​មាន​ការ​អត់ធ្មត់ កុំ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​វិវាទ​រាលដាល​តទៅទៀត។ ចិន​ទំនង​ជា​ចង់​មានន័យថា ការ​ថ្កោលទោស និង​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង នឹង​ធ្វើ​ឲ្យ​ភាពតានតឹង​រវាង​កូរ៉េ​ទាំងពីរ​រាល​ដាល​កាន់តែ​ខ្លាំង ដែល​គេ​ត្រូវ​តែ​ចៀសវាង។

នៅពេលនេះ លោកស្រី​គ្លីនតុន ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ចិន នឹង​ព្យាយាម​បញ្ចុះបញ្ចូល​ចិន​ឲ្យ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង។ ក៏ប៉ុន្តែ គេ​មិនប្រាកដ​ថា​ ចិន​នឹង​ផ្លាស់ប្តូរ​ជំហរ​របស់​ខ្លួ​ន​នោះទេ។

ក្រៅពីនេះ ជម្រើស​របស់​កូរ៉េ​ខាង​ត្បូង​គឺ​កាត់ផ្តាច់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាង​ជើង។ វិធានការ​នេះ កូរ៉េ​ខាង​ត្បូង​អាច​​សម្រេច​ដោយ​ខ្លួន​ឯង​បាន ដោយ​មិនចាំបាច់​សុំ​ការ​គាំទ្រ​ពី​ប្រទេស​ណាមួយ​នោះទេ។ បញ្ហា​ត្រង់ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​​កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង​មិនមាន​អ្វី​ធំដុំ​នោះទេ។ ដូច្នេះ ការ​កាត់ផ្តាច់​ទំនាក់ទំនង​ពាណិជ្ជកម្ម​នេះ​នឹង​មិន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ឈឺ​ក្បាល​នោះទេ។ គួរ​បញ្ជាក់ថា គឺ​កូរ៉េ​ខាង​ជើង​ឯណោះ​ទេ ដែល​តែងតែ​គំរាម​បិទ​តំបន់​ឧស្សាហកម្ម​​កែសុង (Kaesong) នៅ​ជាប់ព្រំដែន​កូរ៉េ​ទាំងពីរ។

នៅមាន​វិធានការ​ផ្សេងទៀត ដែល​កូរ៉េ​ខាង​ត្បូង​អាច​ធ្វើ​រួមគ្នា​ជាមួយ​អាមេរិក ដូចជា ការ​ធ្វើ​សមយុទ្ធ​រួម នៅ​ព្រំដែន​ទឹក​ជាមួយ​កូរ៉េ​ខាង​ជើង​ជាដើម។ ម្យ៉ាងទៀត អាមេរិក​អាច​បញ្ចូល​កូរ៉េ​ខាង​ជើង​ចូល​ទៅ​ក្នុង​បញ្ជីខ្មៅវិញ (​កាល​ពីឆ្នាំ​២០០៨ លោក​ប៊ូស​បាន​សម្រេច​ដក​កូរ៉េ​ខាង​ជើង​ចេញ​ពី​បញ្ជី​ប្រទេស​គាំទ្រ​ភេរវកម្ម)។ ក៏ប៉ុន្តែ វិធានការ​ទាំងនេះ​ក៏មិនមែន​ជា​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ សម្រាប់​កូរ៉េ​ខាង​ជើង​នោះដែរ។

រាល់​​ការ​ដាក់​ទណ្ឌកម្ម​​លើ​កូរ៉េ​ខាង​ជើង ប្រសិន​បើ​ចង់​ឲ្យ​​មាន​ប្រសិទ្ធិភាព គឺ​ចាំបាច់​ត្រូវ​តែ​មាន​ការ​ចូលរួម​ពី​ចិន។ មានតែ​ចិន​ទេ ដែល​​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កូរ៉េ​ខាង​ជើង​ដួល​រលំ​បាន។ សុរបមកវិញ គឺ​ចិន ដែល​ជា​អ្នក​កាន់​កូនសោរ​ ក្នុង​រឿង​កូរ៉េ​ខាង​ជើងនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI