ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បញ្ហា​ជំនួញ​និង​ជម្លោះ​ដែនសមុទ្រ​ជា​ប្រធានរឿង​ចម្បង​ក្នុង​ជំនួបកំពូល​អាស៊ាន​នៅ​ព្រុយណេ

សំឡេង ០៥:១៩
ប្រមុខដឹកនាំ​អាស៊ាន​​ថតរូប​រួមគ្នា ក្នុង​អំឡុង​ជំនួបកំពូល នៅ​ប្រទេស​ព្រុយណេ ថ្ងៃ​ពុធ ១០​តុលា ២០១៣
ប្រមុខដឹកនាំ​អាស៊ាន​​ថតរូប​រួមគ្នា ក្នុង​អំឡុង​ជំនួបកំពូល នៅ​ប្រទេស​ព្រុយណេ ថ្ងៃ​ពុធ ១០​តុលា ២០១៣ REUTERS

ជំនួបកំពូល​អាស៊ាន​ ជាមួយ​​ប្រទេស​ជាដៃគូ​ បាន​ចាប់ផ្តើម​បើក​ធ្វើ​ នៅថ្ងៃ​ពុធ​នេះ រហូតដល់​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​ នៅ​ក្នុង​ប្រទេស​ព្រុយណេ។ ជំនួបកំពូល​នេះ​ត្រូវ​គ្រប​ដណ្តប់​ទៅ​ដោយ​ប្រធានរឿង​ធំៗ​ចំនួន​ពីរ គឺ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង និង​ទំនាក់ទំនង​ពាណិជ្ជកម្ម។ លោក​អូបាម៉ា ដែល​កំពុង​ជាប់​ផុង​ក្នុង​វិបត្តិ​ថវិកា​អាមេរិក មិនមាន​វត្តមាន នៅ​ក្នុង​ជំនួបកំពូល​នេះ​ទេ។

ផ្សាយពាណិជ្ជកម្ម

 

សំណួរ-តើ​ក្នុង​រយៈពេល ២ថ្ងៃ​នេះ អាស៊ាន​នឹង​មាន​កិច្ចប្រជុំ​ធំៗ​អ្វីខ្លះ?
 
ដូចជា​រៀងរាល់​ឆ្នាំ ជំនួបកំពូល​អាស៊ាន​មាន​បើក​ធ្វើ ២លើក​ក្នុង​មួយឆ្នាំ។ លើកទី១ កាល​ពី​ខែ​មេសា​កន្លងទៅ គឺ​ជា​ជំនួបកំពូល រវាង​ប្រទេស​អាស៊ាន​ទាំង ១០ ហើយ​​​ផ្តោត​ទៅលើ​កិច្ចការ​ផ្ទៃក្នុង​អាស៊ាន។ ចំណែក​ជំនួបកំពូល​លើកទី២ គឺ​ជំនួបកំពូល​ពេលនេះ ផ្តោត​ទៅលើ​ទំនាក់ទំនង រវា​ង​អាស៊ាន និង​ប្រទេស​ជា​ដៃគូ។

ដំបូង​ប្រមុខដឹកនាំ​អាស៊ាន​ជួប​ប្រជុំ​គ្នាឯង ក្នុង​ចំណោ​មប្រទេស​ជា​​​សមាជិក​​ទាំង ១០។ បន្ទាប់​មក អាស៊ាន​ត្រូវ​ជួប​ប្រជុំ​ជាមួយ​នឹង​ប្រទេស​ជាដៃ​គូ ដោយ​មាន​កិច្ចប្រជុំ​​ជាមួយ​ប្រទេស​មួយៗ ដាច់ៗ​ពី​គ្នាផង (អាស៊ាន-ចិន, អាស៊ាន-ជប៉ុន, អាស៊ាន-អាមេរិក ។ល។) និង​កិច្ចប្រជុំ​​ប្រទេស​ដៃគូ​ជា​ក្រុមតូចៗ​ផង ដូចជា អាស៊ានបូក៣ (អាស៊ាន +​ ចិន-ជប៉ុន-កូរ៉េ​ខាង​ត្បូង) ជាដើម។ ចុងក្រោយ គឺ​ជា​កិច្ចប្រជុំ​រួមគ្នា រវាង​​អាស៊ាន និង​ប្រទេស​ជាដៃគូ​ទាំង ៨ (ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង អាមេរិក​ រុស្ស៊ី ឥណ្ឌា អូស្រ្តាលី និង​នូវែលសេឡង់) ដែល​គេ​ហៅ​ថា ជំនួបកំពូល​អាស៊ី​បូព៌ា។
 
សំណួរ-កន្លងមក យើងឃើញ​ថា នៅ​រាល់​កិច្ចប្រជុំ​អាស៊ាន​ម្តងៗ ជាពិសេស ជំនួបកំពូល​អាស៊ីបូព៌ា ដែល​មាន​វត្តមាន​ចិន និង​អាមេរិក​រួមគ្នា តែងតែ​មាន​បញ្ហា​ចម្រូងចម្រាស​មួយ​កើតឡើង គឺ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង រវាង​ប្រទេស​ខ្លះ​ក្នុង​អាស៊ាន ជាមួយ​នឹង​ចិន។ ក៏ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នៅ​ឆ្នាំ​នេះ គឺ​អវត្តមាន​របស់​លោក​អូបាម៉ា។ ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​​នៅ​តែ​ចោទ​ជា​បញ្ហា​ចម្រូងចម្រាស​ដូចមុន​ដែរ​ឬទេ ក្នុង​កិច្ចប្រជុំ ដែល​គ្មាន​វត្តមាន​ប្រធានាធិបតី​អាមេរិក​នេះ?
 
ទោះបី​ជា​គ្មាន​វត្តមាន​របស់​លោក​អូបាម៉ាក៏ដោយ បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង នៅតែ​ជា​ប្រធានរឿង​ដែល​ពិបាក​នឹង​ចៀសរួច ក្នុង​ជំនួបកំពូល​អាស៊ាន និង​អាស៊ីបូព៌ា។ លោក​អូបាម៉ា​មិនទៅ​ចូលរួម តែ​មាន​លោក​ចន ឃែរី ទៅ​ជំនួស ហើយ​លោក​ចន ឃែរី ប្រាកដ​ជា​នឹង​លើក​យក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​មក​និយាយ។

ក៏ប៉ុន្តែ ទោះជាយ៉ាងណា​ក៏ដោយ អវត្តមាន​របស់​លោក​អូបាម៉ា និង​វិបត្តិ​នយោបាយ​ក្នុង​ស្រុក​អាមេរិក ប្រាកដ​ជា​ធ្វើ​ឲ្យ​ប្រទេស​ដែល​ធ្លាប់​តែយក​​​អាមេរិក​ធ្វើ​ជា​ខ្នង​អាង ហើយ​ដំឡើង​សំឡេង​ដាក់ចិន (ដូចជា ហ្វីលីពីន ជាដើម) ត្រូវ​ចោទ​ជា​សំណួរ​ខ្លួនឯង​ថា តើ​គេ​អាច​រំពឹង​ទៅលើ​អាមេរិក​បាន​ប៉ុណ្ណា បើ​មើល​ទៅលើ​ភាព​ផុយស្រួយ​ទាំងខាង​នយោបាយ និង​ខាង​សេដ្ឋកិច្ច​របស់​អាមេរិក​បច្ចុប្បន្ន​នេះ? បើមាន​បញ្ហា​ធំជាមួយ​ចិន តើ​អាមេរិក​ប្រាកដ​ជា​នឹង​មក​ជួយ​ទេ បើ​បញ្ហា​ផ្ទៃក្នុង​ខ្លួនឯង​អាមេរិក​ពិបាក​នឹង​ដោះស្រាយ​ផង?

ដូច្នេះ ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ ចិន កំពុងតែ​មាន​ប្រៀបខ្លាំង នៅ​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​ចិន​ប្រាកដ​ជា​សប្បាយចិត្ត​មិនតិច​ទេ ដែល​លោក​អូបាម៉ា​ខកខាន​មិនបាន​មកចូលរួម​ជំនួបកំពូល​អាស៊ាន ពេលនេះ។

សំណួរ-តើការ​ប្រឈមមុខ​ដាក់​គ្នា​ទាក់ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ អាច​នឹង​ជា​ឧបសគ្គ​ដល់​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ពាណិជ្ជកម្ម​​អាស៊ាន-ចិន​ដែរ​ឬទេ?
 
ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង តិចឬច្រើន គឺ​ជា​ឧបសគ្គមួយ ក្នុងការ​ពង្រឹង​ទំនាក់ទំនង រវាង​អាស៊ាន និង​ចិន។ ដូច្នេះ​ហើយ​បាន​ជា​ចិនតែងតែ​ជំទាស់​មិន​ចង់​ឲ្យ​គេ​ដាក់​បញ្ចូល​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ទៅក្នុង​របៀបវារៈ​ នៃ​កិច្ចប្រជុំ​អាស៊ាន។

ចិន​ចង់​ជជែក​ពី​បញ្ហា​ជម្លោះ​នេះ ជាមួយ​ប្រទេស​ជាប់ជម្លោះ​នីមួយៗ ដាច់ៗ​ពីគ្នា ម្យ៉ាង ដើម្បី​ឲ្យ​ចិន​អាច​មាន​ប្រៀប​ក្នុងការចរចា ហើយ​ម្យ៉ាងទៀត ចៀសវាង​កុំ​ឲ្យ​បញ្ហា​ចម្រូងចម្រាស​មួយនេះ មក​បំពុល​ទំនាក់ទំនង​អាស៊ាន-ចិន ព្រោះ​​អាទិភាព​របស់​ចិន នៅ​អាស៊ាន គឺ​ចង់​ផ្តោត​ទៅលើ​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម។

តំបន់​អាស៊ាន​ទាំងមូល មាន​ប្រជាជន​សរុប​រហូតដល់​ទៅ ៦០០លាននាក់ ដូច្នេះ គឺ​ជា​ទីផ្សារ​ដ៏ធំមួយ​ សម្រាប់​ចិន។ ចិន​ ដែល​មាន​ប្រជាជន​​ដល់​ទៅ​ជាង ១ពាន់ ៣រយ​លាន​នាក់ ក៏​ជា​ទីផ្សារ​ដ៏ធំមួយ​ដែរ សម្រាប់​អាស៊ាន។ គិត​មកទល់នឹង​ពេល​បច្ចុប្បន្ន​នេះ ចិន គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​លំដាប់​ទី១​របស់​អាស៊ាន ហើយ​អាស៊ាន គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​លំដាប់ទី៣ របស់​ចិន។ ការដោះដូរ​ពាណិជ្ជកម្ម​ទៅមក រវាង​ចិន និង​អាស៊ាន បើ​គិត​ជា​ទំហំទឹក​ប្រាក់ កាល​ពី​ឆ្នាំ​២០១២​កន្លងទៅ មាន​រហូតដល់​ទៅ​ជាង ៤០០ពាន់លានដុល្លារ ហើយ​បើ​គិត​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​២០១៣​នេះ ការ​ដោះដូរ​ពាណិជ្ជកម្ម​អាស៊ាន-ចិន​នេះ មាន​ការ​កើនឡើង​រហូតដល់​ទៅ​ជាង ១២% បើ​ធៀប​នឹង​ឆ្នាំ​មុន។

ជាគោលដៅ សម្រាប់​អនាគត ចិន​កំពុង​តែ​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ទៅជា​តំបន់​ពាណិជ្ជកម្ម​សេរី ក្នុង​ក្របខ័ណ្ឌ​អាស៊ាន + ៦ (អាស៊ាន + ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង ឥណ្ឌា អូស្រ្តាលី និង​នូវែលសេឡង់) ដើម្បី​ប្រជែង​ជាមួយ​នឹង​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ីប៉ាស៊ីហ្វិក ដែល​អាមេរិក​កំពុង​តែ​ព្យាយាម​ចរចា​បង្កើត។

ក៏ប៉ុន្តែ សម្រាប់​អាស៊ាន មុននឹង​ឈាន​ទៅ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​​ជាមួយ​ប្រទេស​ផ្សេង ត្រូវ​ផ្តោត​អាទិភាព​ទៅលើ​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​គ្នា​ឯង​ឲ្យ​បាន​ជាមុនសិន។ តាមគម្រោង អាស៊ាន​ត្រូវ​​ធ្វើ​សមាហរ័ណកម្ម​សេដ្ឋកិច្ច បង្កើត​ទីផ្សារ​រួម ដូច​សហភាព​អឺរ៉ុប ឲ្យ​បាន​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០១៥ (២ឆ្នាំទៀត)។ ក៏ប៉ុន្តែ ជាទូទៅ យើងឃើញ​ថា បញ្ហា ដូចជា ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ ជាដើម តែងតែ​បង្ក​ភាព​ចម្រូងចម្រាស បណ្តាល​ឲ្យ​មាន​ការ​ខ្វែងគំនិត​គ្នា​ជារឿយៗ រវាង​ប្រទេស​អាស៊ាន​គ្នា​ឯង។ ការ​ខ្វះ​ភាព​រួបរួមគ្នា​​នេះ​អាច​ជា​ឧបសគ្គ ដើម្បី​អាច​សម្រេច​​ការធ្វើ​សមាហរ័ណកម្ម​សេដ្ឋកិច្ច ទៅ​តាម​ពេល​កំណត់ ចុងឆ្នាំ​២០១៥៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI