អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ត្រូវ​កែ​ប្រែ​ទម្លាប់​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ការ​បរិភោគ​គ្រឿង​ស្រវឹង ដើម្បី​បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​

សំឡេង ០៥:១៥
គ្រោះថ្នាក់ចរាចរណ៏
គ្រោះថ្នាក់ចរាចរណ៏ RFI/Siv Channa
ដោយ៖ លាង ដឺលុច
៣៣ នាទី

ករណី​គ្រោះថ្នាក់ចរាចរណ៍ បាន​ក្លាយជា​បញ្ហាចំបង​ដែល​កំពុង​ធ្វើ​អោយ​ខាតបង់​សេដ្ឋកិច្ច​ជាតិ។ ហើយ​វា​ក៏ជា​ឃាតករ ​ដែល​សំលាប់ពលរដ្ឋ​ខ្មែរ​ មិន​តិច​ជាង​៥​នាក់ឡើយ​ ក្នុង​មួយ​ថ្ងៃ។ មាន​​កត្តាជាច្រើន ​ដែល​ត្រូវ​ស្រង់​ជា​មូលហេតុ​ដែល​បង្ក​អោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍។ ក៏​ប៉ុន្តែ ការ​សេព​គ្រឿងស្រវឹង ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មូល​ហេតុ​ចំបង​ជាងគេ។ ការ​បរិភោគ​គ្រឿង​ស្រវឹង ​ដែល​ពេល​ខ្លះ​បាន​ជា​ទម្លាប់​នៅ​ក្នុង​ជីវភាព​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​ហើយ។ ដូច្នេះ​​ការ​កាត់បន្ថយ ឬ​កែប្រែ​ទម្លាប់មួយ​ចំនួន​អាច​ នឹង​ជួយ​រួម​ចំណែកក្នុង​ការ​កាត់បន្ថយ​ការក្រេបគ្រឿង​ស្រវឹង​មុន​ការ​បើកបរ។ 

ផ្សាយពាណិជ្ជកម្ម

ការ​វាយតម្លៃ​កន្លងមក​របស់​អង្គការសង្គមស៊ីវិល និង​រដ្ឋាភិបាលបាន​បង្ហាញ​ថា កម្ពុជា​បាន​បាត់បង់​ថវិកា​យ៉ាងហោចណាស់ ៣១០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ទៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍​ក៏ក្លាយជា​ឃាតករ​លាក់មុខ​សាហាវជា​មេរោគអេដស៏ និង​គ្រាប់​មីនទៅទៀត ដែល​សម្លាប់ពលរដ្ឋ​កម្ពុជា។ របាយការណ៍​របស់ប៉ូលិស​ក៏ធ្លាប់បង្ហាញថា ​មនុស្ស​​ប្រមាណ​២០០០នាក់ បាន​ស្លាប់​ក្នុង​ករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈ​ដែល​៤០០០នាក់​​ផ្សេងទៀត​ បាន​រងរបួសជារៀងរាល់​ឆ្នាំ។ ទាំងនេះ​សុទ្ធសឹងតែជា​ខាតបង់​របស់​កម្ពុជា។

មាន​កត្តាជាច្រើន​ដែល​អ្នកជំនាញ​ចរាចរណ៍ ក៏ដូចជា​មន្ត្រី​រដ្ឋាភិបាល ព្រម​ទាំង​ប៉ូលិស​ចរាចរណ៍​ផ្លូវ​គោកផង បាន​លើកឡើងជា​មូលហេតុ​នៃគ្រោះថ្នាក់ចរាចរណ៍។ ការ​ខ្វះខាត​មនសិការ​នៃ​ការ​គោរព​ច្បាប់ចរាចរណ៍ ដូចជា​ការ​បើកបរ​ហួស​ល្បឿន​កំណត់ ករណី​យានយន្ត​ផ្ទាល់ កត្តា​ផ្លូវថ្នល់ និង​ការ​បរិភោគ​គ្រឿង​ស្រវឹង​មុន​ការ​បើកបរ។ តាមពិត​ កត្តាចុងក្រោយនេះ គឺជា​មូលហេតុ​ចំបង​មួយ។

នៅរៀងរាល់ព្រឹក នៅពេល​ដែល​គេលើក​កាន់សារព័ត៌មាន​មកអាន នោះគេ​នឹង​ឃើញ​ករណី​គ្រោះថ្នាក់ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ដែល​ស្រវឹង។ នៅពេល​ព្រឹក​ព្រលឹម ប្រសិន​បើ​គេ​បើ​កទូរទស្សន៍​ដើម្បី​តាម​ដាន​ព័ត៌មាន​ នោះគេ​នឹង​បាន​ឃើញ​រូបភាព​នៃ​រថយន្ត​ដែល​បើកបរ​ដោយ​អ្នកសេព​គ្រឿង​ស្រវឹង បុកខឿន​ថ្ម និង​របងដែកចែក​ទ្រូង​ផ្លូវ។ មានទាំង​អ្នកបើក​បុក​សំយ៉ាប​ផ្ទះ​ពលរដ្ឋ​ទៀត​ផង​ក៏​មាន។

មតិ​សាធារណៈ​កាន់តែច្រើន​បាន​ស្តីបន្ទោស​អ្នក​បរិភោគ​គ្រឿង​ស្រវឹង មុន​ពេល​ដែល​ពួកគេ​បើកបរ។ ការ​ស្តីបន្ទោស​កាន់តែ​ច្រើន ឬក៏កា​រទទួលស្គាល់​នៃ​ដើម​ទង​នៃ​គ្រោះថ្នាក់ចរាចរណ៍​ដែលជា​គ្រឿងស្រវឹងនោះហើយ បាន​ជាអាជ្ញាធរ​ពាក់ព័ន្ធមួយចំនួន ​រួម​មាន​ទាំង​ក្រសួង​តំណាង​រដ្ឋាភិបាល និង​អង្គការ​ក្រៅរដ្ឋាភិបាល​ផង​ បាន​ដាក់ចេញ​នូវ​សារ​មួយ​ឃ្លាខ្លីដែល​មាន​ន័យថា បើស្រវឹង សូម​កុំបើកបរ។ សារ​មួយ​ឃ្លានេះ​ត្រូវបាន​គេនិយាយ​អប់រំ​តៗគ្នា ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន និងចែក​ផ្សាយ​គ្រប់ទិសទី ប៉ុន្តែ​វា​ហាក់នៅមិន​ទាន់ប្រសិទ្ធភាព​​នៅឡើយ។

ក្នុង​ន័យនេះ គេគួរ​សំឡឹង​រក​មើល​វិធាន​ការ​មួយ​ចំនួន​ទៀត​។ វិធានការ​ដែលទាក់ទងនឹង​ការ​ផ្លាស់ប្តូរ​ទម្លាប់ ឬ​អកប្បកិរិយារបស់​ពលរដ្ឋ​ខ្មែរ វិធានការ​ដែល​ត្រូវ​ស្តែងចេញជាឆន្ទៈ​របស់​រដ្ឋាភិបាលតាម​រយៈ​ការ​កំណត់​តម្លៃពន្ធ​ខ្ពស់លើ​ផលិតផល​ប្រណិត​ទាំងនេះ និង​ការអនុវត្តន៍​​ច្បាប់ចរាចរណ៍​ផ្លូវគោក​អោយ​មាន​ប្រសិទ្ធភាព​ខ្ពស់។

និយាយ​អំពី​ទម្លាប់។ ពលរដ្ឋ​ទូទៅ ជាពិសេស​យុវជន ពួកគេ​មួយ​ចំនួ​ន​ធំ​តែង​គិត​ថា គ្រឿង​ស្រវឹង​ទាំងនោះ​ជា​ធម្យោបាយ​នៃ​ការ​បង្កើត​មិត្តភាព ឬ​ជាមធ្យោបាយ​នៃ​ការ​កាត់​បន្ថយភាព​តប់ប្រមល់​។ ដូច្នេះ ​ការ​ណាត់ជួប​ទាំងនោះ​តែងតែ​ត្រូវ​ធ្វើ​ឡើង​នៅ​តាម​ភោជនីយដ្ឋាន​ដែល​មាន​លក់​គ្រឿង​ស្រវឹង។ នៅមាន​ទម្លាប់មួយ​ទៀត។ ប្រសិនបើជា​ការ​ទទួល​ជួបជុំ​មិត្តភ័ក្ត ភាគច្រើនគេ​ជឿជាក់ថា គឺត្រូវមាន​គ្រឿង​ស្រវឹង​ទាំងនេះ ទើបការ​ជួបជុំ​របស់ពួកគេ​ទទួលបាននូវ​ភាព​សប្បាយ និង​អធិកអធម។ ទិដ្ឋភាព​ទាំងនេះ​ គឺ​អ្វី​ដែល​បាន​កើតឡើង​ជា​រៀងរាល់ថ្ងៃ ហើយ​គ្រោះថ្នាក់ចរាចរណ៍​មួយចំនួន​ក៏​បាន​កើតចេញពី​បញ្ហា​​ជីវភាព​ទាំងនេះ​ដែរ។ ដូច្នេះ ចាប់ពីពេលនេះទៅ ​សារ​អប់រំ​គួរតែ​មាន​អត្ថន័យដែល​ផ្តោត​ទៅលើការ​ផ្លាស់ប្តូរ​ទម្លាប់មួយ​ចំនួន​ទាំងនេះ។

និយាយ​អំពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នូវ​ផលិតផល​ដែលជា​គ្រឿង​ស្រវឹងទាំងនេះវិញ។ បច្ចុប្បន្ន​នេះ គេសង្កេតឃើញថា ក្រុម​ហ៊ុន​លក់ស្រាបៀ និង​សុរាដែលកំពុង​ធ្វើ​អាជីវកម្ម​នៅកម្ពុជា តែង​បាន​ផលិត​ស្ពត​ពាណិជ្ជកម្ម​ដែល​មាន​លក្ខណៈត្រង់ខ្លាំង ដែល​មានន័យជំរុញ​ ឬហៅ​អោយ​មនុស្ស​អោយបរិភោគ​ផលិត​ផល​របស់ពួកគេ​តែម្តង។ ដូច្នេះ ស្ថាប័ន​ដែលគ្រប់គ្រង​ការ​ផ្សា​ស្ពត​ពាណិជ្ជកម្ម​គួរ​ផ្តល់គំនិត​អំពី​ការ​បង្កើត​គំនិត​ថ្មី​ បង្ហាញអំពី​ការ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿងស្រវឹង​ដោយ​មិន​ចំពោះ​។ ត្រង់ចំនុច​នេះ គេក៏ត្រូវ​ការ​​ការសហការ​ពី​ម្ចាស់​ក្រុម​ហ៊ុន​ទូរទស្សន៍​ដែរ។ គេ​សង្កេត​ឃើញថា កម្មវិធី​សន្តិសុខ​សង្គមនៅពេលព្រឹកដែល​បង្ហាញ​ច្រើន អំពី​ករណី​គ្រោះថ្នាក់ចរចរណ៍​ដែល​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ស្រវឹងនោះ កម្មវិធី​បែរ​ជា​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​លក់​ស្រាបៀ និង​សុរា។ នៅពេលខ្លះ នៅពេល​ដែល​អ្នកសារព័ត៌មាន​កំពុង​តែធ្វើអត្ថាធិប្បាយ​រិះគន់ពីអ្នកបើកបរ​ដែលសេព​គ្រឿងស្រវឹងនោះ ផ្ទាំងផ្សព្វផ្សាយ​ផលិតផល​ស្រាបៀ ឬ​សុរា​ក៏​លេចឡើងនៅពីក្រោយអ្នក​សារព័ត៌មាន​ដែរ។

និយាយអំពី​វិធាន​ការ​របស់​រដ្ឋាភិបាល​វិញ​ម្តង។ រដ្ឋាភិបាល​បាល​តាម​រយៈ​ក្រសួងសេដ្ឋកិច្ច​គួរ​ពិចារណអំពី​សំណើ​របស់​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ចំនួន​កន្លងមក ដែល​ទាមទារ​អោយ​តំឡើង​​ពន្ធ​លើ​ផលិត​ទាំងនេះ ដូចជា​គ្រឿង​ស្រវឹង និង​បារី​ជាដើមនោះ។ រដ្ឋាភិបា​លគួរ​បាន​ពិចារណា​អំពី​ការ​ខាតបង់ដែលកើតចេញ​ពីគ្រោះថ្នាក់ចរាចរណ៍ដែល​ត្រូវបានបង្ហាញ​ជា​រៀងរាល់ឆ្នាំ។ ការ​ខាតបង់​ជា​ថវិកា​ជារឿង​មួយ ប៉ុន្តែ​កម្ពុជា​មិនអាច​បាត់បង់ជីវិត​មនុស្ស​ច្រើនពាន់នាក់​នៅ​ក្នុង​គ្រោះថ្នាក់ចរាចរណ៍​ដែលភាគច្រើន​បង្កឡើង​ដោយ​ការ​គ្រឿង​ស្រវឹង​នោះឡើយ។

លើសពីនេះទៀត ក្តីសង្ឃឹមចុងក្រោយនោះ គឺ​ការ​អនុវត្ត​ន៍​​ច្បាប់​ដាក់ទោស​លើ​បុគ្គល​ដែល​សេពគ្រឿង​​ស្រវឹង ហើយ​បើកបរ​នៅលើទ្រូង​ផ្លូវនោះ គឺត្រូវតែអនុវត្តអោយមាន​ប្រសិទ្ធភាព​ជាទីបំផុត។ វាគួរតែ​ដល់ពេល​ចាប់ផ្តើម​អនុវត្ត​អោយច្បាប់ចរាចរណ៍ផ្លូវគោល​អោយ​មាន​ប្រសិទ្ធភាពហើយ។ យុទ្ធនាការរបស់ប៉ូលិស​ទៅលើ​ការចាប់ផាក​ពិន័យ​អ្នកបើកបរ​ទោចក្រយានយន្ត​​ដោយ​មិន​ពាក់មួក​សុវត្ថិភាព គឺជាឧទារហណ៍​ដ៏ល្អមួយ​នៅ​ក្នុង​បេសកម្ម​របស់​ប៉ូលិស។

ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​​ទៅលើអ្នកបើកបរ​ដែល​បាន​ក្រេប​គ្រឿង​ស្រវឹង ​គឺជា​វិធានការ​មួយ​ដែលគួរ​តែ​មាន​ប្រសិទ្ធភាព​ជាងគេ​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ