ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សោកនាដកម្ម​នៅ​កោះ Lampedusa៖អឺរ៉ុប​ត្រូវ​ពិនិត្យ​សាថ្មី​អំពី​នយោបាយ​គ្រប់គ្រង​ជនអន្តោប្រវេសន៍!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពេញ​មួយ​ថ្ងៃសុក្រ ទី៤ តុលា​នេះ ក្រុមអ្នកជួយសង្រ្គោះ​បាន​ព្យាយាម​ស្វែង​រក​មនុស្ស​បាត់ខ្លួន​នៅ​ក្នុង​ព្រឹតិ្តការណ៍​លិចកាណូត​មួយ​នៅ​កោះ ឡំពើឌូហ្សា(Lampedusa) ក្នុង​ប្រទេស​អ៊ីតាលី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៣ តុលា។ យោង​តាម​តុល្យការ​បណ្តោះអាសន្ន​ចុងក្រោយ​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នករត់ភៀសខ្លួន​ទំាង​ប្រមាណ ៥០០នាក់​ដែល​ជិះ​នៅ​ក្នុង​កាណូត​នោះ មាន​ស្លាប់ ១៣០នាក់ បាត់ខ្លួន​ប្រមាណ​ជា ២០០នាក់ និង​មាន ១៥០នាក់​ត្រូវ​បាន​គេ​ជួយ​ស្រោចស្រង់​ទាន់ពេល។ រដ្ឋាភិបាល​អ៊ីតាលី​បាន​ប្រកាស​កាន់ទុក្ខជាតិ​ចំនួន​មួយ​ថ្ងៃ​នៅ​ថ្ងៃ​នេះ។

សាកសព​ជនរងគ្រោះ​លិចកាណូត​នៅ​កោះ​ឡំពើឌូហ្សា ក្នុង​ប្រទេស​អ៊ីតាលី កាល​ពី​ថ្ងៃទី៣ តុលា
សាកសព​ជនរងគ្រោះ​លិចកាណូត​នៅ​កោះ​ឡំពើឌូហ្សា ក្នុង​ប្រទេស​អ៊ីតាលី កាល​ពី​ថ្ងៃទី៣ តុលា ©Reuters.
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិការណ៍​លិចកាណូត​ដែល​ដឹកពេញ​ប្រៀប​ដោយ​អ្នករត់ភៀសខ្លួន​ប្រមាណ​ជា ៥០០នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣ តុលា​ក្នុង​ប្រទេស​អ៊ីតាលី ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សោកនាដកម្ម​មួយ​យ៉ាង​ធំ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ។ អ្នក​រត់ភៀសខ្លួន​ទំាង​នោះ គឺ​ជា​ប្រជាជន​អាហ្រ្វិក​មក​ពី​ប្រទេស​អេរីត្រេ និង​សូម៉ាលី។ មូលហេតុ​នៃ​ការ​រត់ភៀសខ្លួន​របស់​ពួក​គេ គឺ​ដើម្បី​រត់គេច​ពី​សង្រ្គាម ពិសេស​ដើម្បី​ស្វែង​រក​អនាគត​ល្អ និង​ជីវិត​ថ្លៃថ្នូរ​នៅ​ក្នុង​ប្រទេស​លោកខាងលិច មាន​អឺរ៉ុប ឬ​មួយ​ក៏​អាមេរិក​ជាដើម។ ការ​រត់គេច​ខ្លួន​របស់​ពួក​គេ គឺ​ជា​រឿង​ប្រថុយប្រថាន និង​ផ្សងសំណាង​ដោយ​មិនខ្លាច​ស្លាប់។ មួយ​វិញ​ទៀត និង​ដើម្បី​អាច​ចាកចេញ​ពី​ប្រទេស​កំណើត​ទៅ​កាន់​ប្រទេស​ទី៣​បាន ពួក​គេ​បាន​បង់ប្រាក់​ទៅ​ឲ្យ​អ្នក​នំា​ផ្លូវ ពី ២ ០០០ ទៅ ៣ ០០០ដុល្លារ។ រីឯ​ផ្លូវ​ដែល​រត់គេច​ទៀត​សោត គឺ​ច្រើន​ផ្សងព្រេង​តាម​កាណូត ឬ​ទូក​បណ្តែតបណ្តោយ​ខ្លួន​តាម​សមុទ្រ។

ប្រតិកម្ម​ជុំវិញ​ព្រឹត្តិការណ៍​សោកនាដកម្ម​នៅ​ឡំពើឌូហ្សា

« គួរ​ឲ្យ​អាម៉ាស់​ខ្លំាង​ណាស់ » នេះ​ជា​ពាក្យ​ដែល​សម្តេច​ប៉ាប François បាន​ថ្លែង បន្ទាប់​ពី​ព្រះអង្គ​បាន​ទទួល​ដំណឹង​សោកនាដកម្ម​លិច​កាណូត​នៅ​កោះ​ឡំពើឌូហ្សា។ នៅ​ថ្ងៃ​នេះ​ទៀត សម្តេច​ប៉ាប​បាន​ចាត់​ទុក​ថ្ងៃ​នេះ​ថា ជា​ថ្ងៃ​បង្ហូរ​ទឹកភ្នែក។ ជា​មួយ​នឹង​ភាព​ក្តុកក្តួល​ខ្លំាង ប្រមុខ​សង្ឃកាតូលិក​រូបនេះ​បាន​បរិហារ​ពី​ការ​មិន​អើពើ​ចំពោះ​អ្នក​ដែល​បាន​រត់គេច​ខ្លួន​ពី​ទាសភាព និង​ពី​ភាព​អត់បាយ ក្រហាយទឹក​ដើម្បី​សេរីភាព។ គួរ​ជម្រាប​ជូន​ថា សម្តេច​ប៉ាប​ធ្លាប់​បាន​ទៅ​ទស្សនកិច្ច​នៅ​កោះ​ឡំពើឌូហ្សា​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ និង​ដែល​កាលណោះ ជា​ទស្សនកិច្ច​លើក​​ទីមួយ​របស់​ព្រះអង្គ​នៅ​ខាង​ក្រៅ​ទីក្រុង​រ៉ូម។

ប្រតិកម្ម​ដែល​លេចធ្លោ​ខ្លំាង និង​លាយឡំ​ដោយ​កំហឹង​ផង គឺ​នៅ​ក្នុង​ប្រទេស​អ៊ីតាលី។ លោក​ប្រធានាធិបតី​អ៊ីតាលី ហ្យ៉កហ្យ៉ូ ណាប៉ូលីតាណូ​បាន​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​បិទបញ្ចប់​នូវ​ការ​រត់ពន្ធមនុស្ស ដោយ​សហការ​ជាមួយ​ប្រទេស​កំណើត​របស់​អ្នករត់ភៀសខ្លួន។ លោក​ប្រមុខ​រដ្ឋ​អ៊ីតាលី​បាន​ទាមទារ​ឲ្យ​មាន​ការ​បង្កើត​ចេញ​នូវ​ប្រព័ន្ធ​ឃ្លំាមើល​នៅ​តាម​ឆ្នេរសមុទ្រ​ដែល​ជា​ចំណុច​ចេញ​ដំណើរ​ដោយ​ផ្សងសំណាង និង​ប្រថុយស្លាប់​របស់​ជនភៀសខ្លួន។ រីឯ​លោក អន់ហ្យឺលីណូ អាល់ហ្វាណូ អនុប្រធានាធិបតី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អ៊ីតាលី​ក៏​បាន​ងាក​ទៅ​រក​សហភាព​អឺរ៉ុប ដោយ​បាន​បញ្ជាក់​ថា សោកនាដកម្ម​នៅ​កោះ​ឡំពើឌូសា មិន​មែន​ជា​សោកនាដកម្ម​សម្រាប់​តែ​ប្រទេស​អ៊ីតាលី​មួយ​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​សហភាព​អឺរ៉ុប​ទំាង​មូល។

នៅ​ឯ​អង្គការ​សហប្រជាជាតិ​ឯណោះ លោក François Crépeau អ្នក​រាយការណ៍ពិសេស​របស់​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​ការពារ​អ្នករត់ភៀសខ្លួន​បាន​ស្តីបន្ទោស​លើ​នយោបាយ​អឺរ៉ុប​ក្នុង​ការ​គ្រប់គ្រង​អ្នករត់ភៀសខ្លួន។

សហភាព​អឺរ៉ុប​បាន​ទទួល​ការ​រិះគន់​ចំពោះ​នយោបាយ​អន្តោប្រវេសន៍

ប្រទេស​អឺរ៉ុប​ភាគច្រើន​បាន​ប្រកាន់​យក​នូវ​នយោបាយ​តឹងតែង​ខ្លំាង​ណាស់​ចំពោះ​ជនអន្តោប្រវេសន៍​ទូទៅ ពិសេស​ជនអន្តោប្រវេសន៍​ខុសច្បាប់។ ទោះ​បី​ជា​មាន​ពួក​គេ​បាន​មក​ដល់​ក្នុង​ទឹកដី​អឺរ៉ុប ដូច​យ៉ាង​បារំាង ឬ​មួយ​ក៏​អ៊ីតាលី​ក៏​ដោយ ក៏​ការ​សុំសិទ្ធិជ្រកកោន​របស់​ពួក​គេ​មិន​ងាយ​នឹង​ទទួល​បាន​ការ​យល់ព្រម​ទេ។ ម្ល៉ោះ​ហើយ​បាន​ជា​មាន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជា​ច្រើន សុទ្ធចិត្ត​បន្ត​រស់នៅ​លាក់ខ្លួន​ដោយ​ខុសច្បាប់។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា គឺ​ដោយសារ​តែ​នយោបាយ​តឹងតែង​នេះ​ហើយ ដែល​បាន​ធ្វើ​អ្នកចង់រត់គេច​ខ្លួន​ចេញ​ពី​ប្រទេសកំណើត​តែង​តែ​រត់ចេញ​ដោយ​ខុសច្បាប់ និង​ផ្សងព្រេង​មិន​ខ្លាច​ស្លាប់។

គិត​មក ៦ខែ​ដើមឆ្នំា ២០១៣ នេះ មាន​ជនភៀសខ្លួន​ចំនួន ៤ ០០០នាក់​ដែល​បាន​មក​ដល់​កោះ​ឡំពើឌូហ្សា​ក្នុង​ប្រទេស​អ៊ីតាលី ពោល​គឺ​មាន ៣ដង ច្រើន​ជាង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នំា ២០១២។ តាម​តួលេខ​ផ្តល់​ដោយ​ការិយាល័យ​អន្តោប្រវេសន៍​អន្តរជាតិ​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ២០ឆ្នំា​ចុងក្រោយ​នេះ មាន​ជនភៀសខ្លួន ២៥ ០០០នាក់​បាន​បាត់បង់​ជីវិត​ក្នុង​មហាសមុទ្រ​មេឌីទែរ៉ាណេ ក្នុង​នោះ ២ ០០០នាក់​ស្លាប់​ក្នុង​ឆ្នំា ២០១១ និង ១ ៧០០នាក់​ស្លាប់​ក្នុង​ឆ្នំា ២០១២។

ដូច្នេះ សោកនាដកម្ម​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ពិត​ជា​ជម្រុញ​ឲ្យ​អឺរ៉ុប​ផ្តើម​គិតគូរ​សារ​ជា​ថ្មី​អំពី​នយោបាយ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​របស់​ខ្លួន ព្រោះ​សូម​ជម្រាប​ជូន​ថា សព្វថ្ងៃ​នេះ អឺរ៉ុប​គ្មាន​ច្បាប់​រួម​សម្រាប់​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ទេ ពោល​គឺ​មិន​មាន​ការ​ចែកចាយ​ចំនួន​ជនអន្តោប្រវេសន៍​ខុសច្បាប់​រវាង​គ្នា​ទេ មាន​ន័យ​ថា ជនអន្តោប្រវេសន៍​ទៅ​ដល់​ប្រទេស​ណា គឺ​ប្រទេស​នោះ​ជា​ដោះស្រាយ​ដោយ​ខ្លួន​ឯង ចង់​ឲ្យ​ច្បាប់​នៅ ក៏​ឲ្យ​នៅ ចង់​បណ្តេញ​ចេញ​វិញ ក៏​បណ្តេញ​ចេញ​វិញ​ទៅ។

សូម​ជម្រាប​ជូន​ថា នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​ទំាង​អស់ មាន​ប្រទេស​ខ្លះ​មាន​លំហូរ​ជនអន្តោប្រវេសន៍​ចូល​ច្រើន​ជាង​ប្រទេស​ខ្លះ​ទៀត ជាក់ស្តែង​ដូច​ករណី​ប្រទេស​អ៊ីតាលី ម៉ាល់ និង​ប្រទេស​ស៊ីប។ ជាទូទៅ ប្រទេស​ទំាង​នេះ​តែង​តែ​បាន​បរិហារ​ពី​កង្វះ​សាមគ្គីភាព​នៅ​ក្នុង​រង្វង់​ប្រទេស​អឺរ៉ុប​ដូចគ្នា។ យ៉ាង​ណា​ក៏​ដោយ និង​អ្វី​ជា​បន្ទាន់​នៅ​ចំពោះ​មុខ អឺរ៉ុប​បាន​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ឃ្លំាមើល​ចរាចរណ៍​របស់​កាណូត ឬ​ទូកដឹក​​អ្នករត់ភាសខ្លួន​តាម​សមុទ្រ​នៅ​ថ្ងៃទី២ ធ្នូ​ខាង​មុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត