អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ

កិច្ចប្រជុំ​​​អង្គការ​​​អាកាសចរណ៍​​ស៊ីវិល​អន្តរជាតិ​ ផ្តោតលើ​​​ការកាត់​បន្ថយ​​ការសាយភាយ​​ឧស្ម័ន​​CO2​

ការហោះហើរ​ផ្លូវអាកាស បង្ក​ការសាយភាយ​​ឧស្ម័ន​កាបូនិច បំពុល​បរិយាកាស
ការហោះហើរ​ផ្លូវអាកាស បង្ក​ការសាយភាយ​​ឧស្ម័ន​កាបូនិច បំពុល​បរិយាកាស Reuters / Toby Melville

ប្រទេស​ទាំង១៩១នៃ​អង្គការ​​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​​បានបើក​​កិច្ច​ពិភ្សាគ្នា ជាលើកទី ៣៩ ​នៅ​ទីក្រុង​ម៉ុងរេអាល់ ដើម្បី​​ដាក់ចេញ​​យន្តការ​ពិភពលោក កាត់បន្ថយ​ការ​សាយភាយ​​​ឧស្ម័ន​កាបូនិច​ ក្នុង​ទិសដៅ​​​ ​ចូលរួម​​ទប់ស្កាត់​ការកើនកំដៅ​ផែនដី។ កិច្ចប្រជុំ​​បើកធ្វើ​តាំងពី​ថ្ងៃអង្គារ ហើយ​ត្រូវបញ្ចប់​នៅថ្ងៃ​៧តុលា។ 

ផ្សាយពាណិជ្ជកម្ម

យន្តការ​ដែល​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​​ចង់​ដាក់ចេញ​នោះ មានឈ្មោះ​ហៅកាត់​ជាភាសា​អង់គ្លេស​ថា Corsia មានទិសដៅ​​​​​​កាត់បន្ថយ​​ការសាយភាយ​​​ឧស្ម័ន​កាបូនិច​ ​​​​បង្កឡើង​​​ដោយ​ផ្នែក​ដឹក​ជញ្ជូន​ផ្លូវអាកាស។យន្តការ​នេះ​មិន​ទាក់ទង​នឹងកិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស Cop២១ទេ។

ក្នុងមួយថ្ងៃៗ ​​​​អ្នកធ្វើ​ដំណើរ​តាមយន្តហោះ​ចេញទៅបរទេស​​ មាន​ចំនួនប្រហែល​​​​​​១០លាន​នាក់​ ​ ត្រូវ​នឹង​​​ការហោះហើរ​​​​១សែនជើងយន្តហោះ។ គិតទៅ ឧស្ម័ន​កាបូនិច​ដែល​​​សាយភាយ​ក្នុង​បរិយាកាស​​ ​មាន​ប្រមាណ​​១,៣ភាគរយ ​នៃ​ឧស្ម័នកាបូនិច​ដែលសាយភាយ ​​​ប្រចាំឆ្នាំ។ បើគិត​ទាំងការ​​​ដឹកជញ្ជូន​ផ្លូវ​អាកាស​ក្នុង​ស្រុក​ទៀត ​ឧស្ម័ន CO2 ដែល​សាយភាយ​​ចេញក្រៅ មាន​ដល់ទៅ​២ភាគរយ នៃ​បរិមាណ​ប្រចាំ​ឆ្នាំ។​​

យន្តការ​ទប់ស្កាត់​ការសាយភាយ​ឧស្ម័ន​កាបូនិច​​ ដែល​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​ចង់​ដាក់​ចេញ ​​បើ​កាត់បន្ថយ​មិនបាន​​ យ៉ាងហោច​ណាស់ក៏​ត្រូវកំណត់​ទិសដៅ​​អោយ​បរិមាណ​ឧស្ម័នពុលនេះ មាន​កម្រិត​ឋេរដដែល គឺមិនអោយ​កើនថែមទៀត​។ ​​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​ ​ចង់​យ៉ាងហោច​ណាស់ ទប់ស្កាត់​​​បរិមាណ​ឧស្ម័ន CO2 ដែលសាយភាយ ក្នុង​​​ឆ្នាំ២០២០ខាងមុខ មិនអោយ​កើន​លើស​ពីនោះ​ដែរ។

យន្តការ Corsia ​​​​​​​បែងចែក​​ជា​២ដំណាក់កាល។ ដំណាក់កាល​ទី១ ជាដំណាក់កាល​ស្ម័គ្រចិត្ត ​ត្រូវ​អនុវត្ត​ពី​ឆ្នាំ​២០២១​ ដល់​ឆ្នាំ​២០២៦។ បន្ទាប់​មកទៀត ដំណាក់កាលទី​២ ពីឆ្នាំ២០២៧ ដល់​២០៣៥ ជាដំណាក់កាល​ត្រូវអនុវត្ត​ដាច់ខាត។ ដំណាក់កាលទី២នេះ មិនបញ្ចូល​ប្រទេស​ក្រីក្រ​អោ​យធ្វើតាម​ទេ។ ​

មិនដឹងថា តើ​គេអាច​អនុវត្ត​យន្តការ​នេះ​កម្រិតណាទេ ព្រោះ​គេរំពឹង​ថា ការដឹកជញ្ជូន​ផ្លូវ​អាកាស និង​អ្នកដំណើរ​​ នឹង​កើនចំនួន​​ទ្វេដង ​ក្នុង​ពេលខាងមុខ។

​ប្រទេស​៥៩ មាន​កាណាដា ​សហរដ្ឋអាមេរិក អូស្ត្រាលី ចិន ជប៉ុន និង​ប្រទេស​អឺរ៉ុប បាន​ប្រកាស​យល់ព្រម​អនុវត្ត​ដំណាក់កាលទី១នៃយន្តការ។ ដំណើរការ​​​ផ្នែកដឹកជញ្ជូន​អាកាសចរណ៍​​របស់​​ប្រទេស​ទាំង៥៩​នេះ មាន​ ​៨០ភាគរយ ​នៃដំណើរការ​ហោះហើរ​ក្នុង​ពិភពលោក។ ​

ដោយឡែក ​រុស្ស៊ីនិង​ឥណ្ឌា​ជំទាស់ការអនុវត្ត​​យន្តការ​នេះ។ ឥណ្ឌា​លើកឡើងថា យន្តការ​នេះ​ជា​ការដើរថយក្រោយ ហើយ​អាច​ប៉ះពាល់​ផ្នែកដឹកជញ្ជូន​ផ្លូវអាកាសទៅវិញទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI