បទឈប់បាញ់ប៉ែកខាងត្បូងស៊ីរី ផ្តួចផ្តើមដោយលោកដូណាល់ ត្រាំ និងលោកពូទីន ចូលជាធរមាន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្ថានភាពនៅប៉ែកខាងត្បូងស៊ីរី បានស្ងប់ស្ងាត់ នៅថ្ងៃអាទិត្យម្សិលមិញ ក្រោយបទឈប់បាញ់ដែលផ្តួចផ្តើមដោយរុស្ស៊ី អាមេរិក និងហ្ស៊កដានី បានចូលជាធរមាន។ ថ្ងៃចន្ទនេះ រដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំងជួបពិភាក្សាគ្នាជាថ្មីទៀត នៅទីក្រុងហ្សឺណែវ ហើយដូចរាល់ដងដែរ ប្រហែលជាពិបាកសង្ឃឹមថានឹងរកបានដំណោះស្រាយវិបត្តិស៊ីរី។
ខែត្រចំនួន៣ នៅភាគខាងត្បូងស៊ីរី ដែលបទឈប់បាញ់ចូលជាធរមានតាំងពីថ្ងៃអាទិត្យម្សិលមិញនេះ គឺខែត្រឌែររ៉ាអា គូណេត្រា និងស៊ូអីដា។ បទឈប់បាញ់នេះ ត្រូវរុស្ស៊ីប្រកាសឡើង កាលពីថ្ងៃសុក្រ ជាការផ្តួចផ្តើមរបស់រុស្ស៊ី អាមេរិក និងហ្ស៊កដានី។ មុនមានបទឈប់បាញ់ ប៉ុន្មានសប្តាហ៍មកនេះ កងទ័ពស៊ីរី និងក្រុមប្រឆាំងបានប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅតាមខែត្រទាំង៣នេះ។ កងទ័ពស៊ីរីសម្រេចបន្តអនុវត្តបទឈប់បាញ់នេះ តទៅទៀត នៅថ្ងៃចន្ទនេះ។
សម្រាប់រដ្ឋបាលរបស់លោកដូណាល់ ត្រាំ បទឈប់បាញ់ភាគខាងត្បូងស៊ីរីពេលនេះ ជាជំហានដំបូងឆ្ពោះទៅរកសន្តិភាព។ សង្គ្រាមស៊ីរីបានអូសបន្លាយតាំងពីឆ្នាំ២០១១មក ពេលនេះបានសម្លាប់មនុស្សជាង៣សែន២ម៉ឺននាក់។ កិច្ចពិភាក្សាក្រុងហ្សឺណែវ រវាងក្រុមប្រឆាំង និងរដ្ឋាភិបាលស៊ីរី ថ្ងៃចន្ទនេះ ប្រហែលជានៅតែពិបាករកច្រកចេញដូចសព្វដងដែរ។ កិច្ចប្រជុំក្រុងហ្សឺណែវ បានធ្វើឡើង តាំងពីឆ្នាំ២០១៤មកម្ល៉េះ ផ្តោតលើប្រធានបទទាក់ទងនឹងអន្តរកាលនយោបាយស៊ីរី។ ប៉ុន្តែ ក្រុមប្រឆាំងនិងរដ្ឋាភិបាលស៊ីរីនៅតែមិនត្រូវគ្នា។ ក្រុមប្រឆាំងទាមទារអោយប្រធានាធិបតីអាសាដ ចុះពីអំណាច ប៉ុន្តែ រដ្ឋាភិបាលស៊ីរីមិនព្រម។
តាំងពីខែមករាមក កិច្ចប្រជុំក្រុងហ្សឺណែវ ក្នុងរកដំណោះស្រាយជម្លោះស៊ីរី ត្រូវបានគេលែងសូវចាប់អារម្មណ៍ទៀត ដោយសារតែរុស្ស៊ី អ៊ីរ៉ង់ និងតួកគី បានផ្តួចផ្តើមរៀបចំកិច្ចពិភាក្សាមួយប្រភេទទៀត ធ្វើនៅទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន ដើម្បីដោះស្រាយវិបត្តិស៊ីរីដែរ។ ក្រុមឧទ្ទាមបារម្ភថា ប្រទេសជាមិត្តរបស់លោកអាសាដ អាចនឹងមានឥទ្ធិពលក្នុងការចាត់ចែងនិតិវិធីនៃការចរចានៅក្រុងអាស្តាណា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ