កម្ពុជា

តុលាការ​ខេត្ត​កោះកុង​ជំនុំជម្រះ​តែ​រឿង​ឃាតកម្ម​លើ​ឃាតក​បាញ់​សម្លាប់​លោក​ឈុត វុទ្ធី

លោក ឈុត​ វុទ្ធី​ អតីត​ប្រធានអង្គការពារធនធាន​ធម្មជាតិ​
លោក ឈុត​ វុទ្ធី​ អតីត​ប្រធានអង្គការពារធនធាន​ធម្មជាតិ​ RFI/Leang Delux
ដោយ៖ លី ម៉េងហួរ
២១ នាទី

ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៤​តុលា​នេះ តុលាការ​ខេត្ត​កោះកុង បាន​បើក​សវនាការ កាត់ទោស​លើ​សំណុំរឿង​ក្តី​ឃាតកម្ម ពាក់ព័ន្ធ​នឹង​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី និង​ប៉េអឹម អ៊ិន រតនា​។ ក៏ប៉ុន្តែ​សំណុំរឿង​ក្តី​ឃាតកម្ម លើ​លោក ឈុត វុទ្ធី ត្រូវបាន​តុលាការ​តម្កល់ទុក​មិន​ចាត់ការ​ទេ ព្រោះថា ជនជាប់ចោទ ឈ្មោះ អ៊ិន រតនា បាន​ស្លាប់​ទៅហើយ។ បន្ទាប់ពី​សវនាការ​អស់​ពេល​ប្រហែល ១ ម៉ោង និង ៤០ នាទី រួចមក ចៅក្រម​សម្រេច​ថា សាលក្រម​នឹង​ត្រូវ​ប្រកាស នៅ​ថ្ងៃ​ទី​៨ ខែតុលា សប្តាហ៍​ក្រោយ​។​

ផ្សាយពាណិជ្ជកម្ម

​សវនាការ នៅ​តុលាការ​ខេត្ត​កោះកុង នៅ​ព្រឹក​មិញ ធ្វើ​ឡើង​តែ​លើ​សំណុំរឿង​ក្តី ជនជាប់ចោទ​ឈ្មោះ រ៉ា​ន់ បូ​រ័ត្ន ជា​សន្តិសុខ​ក្រុមហ៊ុន Timber Green បាញ់សម្លាប់​ប៉េអឹម អ៊ិន រតនា ក្នុង​ព្រឹត្តិការណ៍​ផ្ទុះអាវុធ កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២​។ រីឯ​សំណុំរឿង​ឃាតកម្ម លើ​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដែល​ត្រូវបាន​អាជ្ញាធរ​អះអាងថា លោក ឈុត វុទ្ធី ស្លាប់ ដោយសារ​តែ​ប៉េអឹម អ៊ិន រតនា បាញ់​នោះ ត្រូវបាន​តុលាការ តម្កល់​រឿង​មិន​ចាត់ការ ព្រោះថា អ៊ិន រតនា បាន​ស្លាប់បាត់​ទៅ​ហើយ​។​

​លោក អ៊ិន គង់​ជិត បុគ្គលិក​អង្គការ​សិទ្ធិមនុស្ស លីកាដូ ប្រចាំ​ខេត្ត​កោះកុង ដែល​បាន​តាមដាន​សវនាការ នៅ​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១២ បានឲ្យដឹងថា ក្នុង​សវនាការ​នៅ​តុលាការ​ខេត្ត​កោះកុង នា​ព្រឹក​មិញ មាន​សាក្សី ៣ នាក់ បាន​ចូល​ឆ្លើយបំភ្លឺ រួមមាន​៖ ប៉េអឹម​ម្នាក់ នៅក្នុង​ហេតុការណ៍​ផ្ទុះ​អាវុធ​នោះ ប្រជាពលរដ្ឋ​ម្នាក់ ដែល​មានផ្ទះ​នៅ​កន្លែងកើតហេតុ និង​មេការ​នៅ​ក្រុមហ៊ុន​សម្បទាន Timber Green​។ លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ របស់​ប៉ូលិស​ក្រសួងមហាផ្ទៃ ដែល​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ក៏​បាន​ចូលរួម​ផ្តល់​ចម្លើយ ក្នុង​សវនាការ​ផងដែរ​។​

​សកម្មជន​សិទ្ធិមនុស្ស លោក អ៊ិន គង់​ជិត បានឲ្យដឹងថា ទាំង​សាក្សី ទាំង​ជនជាប់ចោទ រ៉ា​ន់ បូ​រ័ត្ន និង​ទាំង​លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ បានលើកឡើង​ដូចគ្នា​ថា ប៉េអឹម អ៊ិន រតនា ពិតជា​បាន​បាញ់សម្លាប់​លោក ឈុត វុទ្ធី ហើយ​ក្រោយមក រ៉ា​ន់ បូ​រ័ត្ន បាន​ទៅ​ដណ្តើម​កាំភ្លើង​អាកា ពី​ប៉េអឹម អ៊ិន រតនា ដើម្បី​រារាំង កុំឲ្យ​មាន​ការផ្ទុះ​អាវុធត​ទៅ​ទៀត ក៏​រា​កៃ​កាំភ្លើង លើ​ប៉េអឹម អ៊ិន រតនា ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ដែល​ជា​ទីតាំង​ក្រុមហ៊ុន Timber Green មាន​គំនរ​ឈើ និង​វល្លិ៍​ល្មៀត នៅ​តំបន់​ព្រៃភ្នំ ក្នុង​ខេត្ត​កោះកុង​។

​ក្រុម​សន្តិសុខ និង​ប៉េអឹម បី​បួន​នាក់ បាន​ព្យាយាម​រារាំង​លោក ឈុត វុទ្ធី និង​ស្ត្រី​អ្នកកាសែត​ពីរ នាក់ មិនឲ្យ​ថតរូប និង​យក​ព័ត៌មាន​ពី​ការកាប់​ឈើ​នៅ​តំបន់​នោះ កាលពី​ថ្ងៃ​ទី​២៦​មេសា រហូត​នាំឲ្យ​មាន​ការផ្ទុះអាវុធ​។​

​ក្នុង​សវនាការ លោក​ព្រះរាជអាជ្ញារង ស្រី ម៉ា​ក់នី តំណាង​អយ្យការ នៅ​រក្សា​ការចោទប្រកាន់​ពីបទ មនុស្សឃាត​ដោយ​អ​ចេតនា តាម​មាត្រា ២០៧ នៃ​ក្រម​ព្រហ្មទណ្ឌ លើ​ឈ្មោះ រ៉ា​ន់ បូ​រ័ត្ន ដែល​ជា​ជនជាប់ចោទ​តែ​ម្នាក់​គត់ ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​ប៉េអឹម អ៊ិន រតនា​។

​មាត្រា ២០៧ នៃ​ក្រម​ព្រហ្មទណ្ឌ ស្តីពី អំពើ​មនុស្សឃាត ដោយ​អ​ចេតនា កំណត់ថា នឹង​ត្រូវ​ផ្តន្ទាទោស​ជនល្មើស​ពី ១ ឆ្នាំ ដល់ ៣ ឆ្នាំ និង​បង់ប្រាក់​ពិន័យ​ពី ២ លាន​រៀល ទៅ ៦ លាន​រៀល​។​

​បន្ទាប់​ពី សវនាការ​រយៈពេល ១ ម៉ោង និង ៤០ នាទី ចាប់ពី​ម៉ោង ៨ និង ១៥ នាទី​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១២ លោក​ចៅក្រម ខាំ សុ​ផា​រី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​របស់​តុលាការ​សាលាដំបូង ខេត្ត​កោះកុង បាន​សម្រេច​ថា សាលក្រម​លើ​រឿងក្តី​នោះ នឹង​ត្រូវ​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១២​។​

​ក្នុង​សវនាការ​នៅ​តុលាការ​ខេត្ត​កោះកុង កាលពី​ព្រឹក​មិញ មាន​ការឃ្លាំមើល​ពី​សកម្មជន​អង្គការសិ​ទ្ធិ​មនុស្ស អង្គការសហប្រជាជាតិ និង​អ្នកកាសែត​ផងដែរ​។ ក្នុង​សវនាការ តំណាង​អយ្យការ លោក ស្រី ម៉ា​ក់នី ក៏​បាន​ប្រកាសថា សំណុំរឿង​ក្តី​ប៉េអឹម បាញ់សម្លាប់​លោក ឈុត វុទ្ធី ត្រូវបាន​តម្កល់​ទុក​ឥត​ចាត់ការ​ឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI