នៅអាមេរិក រលកកម្តៅក្តៅខ្លាំង ស្លាប់៣នាក់
នៅសហរដ្ឋអាមេរិក យ៉ាងហោចមនុស្ស៣នាក់ស្លាប់ ដោយសារតែរលកកម្តៅក្តៅខ្លាំង។ នៅចុងសប្តាហ៍នេះ វ៉ាស៊ីនតោន និងញូវយ៉ក មានកម្តៅរហូតដល់៣៨អង្សាសេ ហើយនិងបន្តកើនឡើងទៀត ដែលជះឥទ្ធិពលទៅលើពលរដ្ឋ ជាង១៥០លាននាក់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មនុស្សដែលស្លាប់ដោយសារក្តៅខ្លាំង ទាំងបីនាក់នោះ គឺមានពីរនាក់ជាពលរដ្ឋរស់នៅរដ្ឋម៉ារីឡែន មិនឆ្ងាយប៉ុន្មានពីរដ្ឋធានីវ៉ាស៊ីនតោន។ ចំណែកមរណជនម្នាក់ទៀត គឺជាកីឡាករបាត់ទាត់ នៅក្នុងរដ្ឋអាក់ខាន់សា។ បើតាមគ្រូពេទ្យ កីឡាកររូបនេះស្លាប់ ពីព្រោះតែគាត់ហ្វឹកហាត់លេងបាល់ក្រោមកម្តៅថ្ងៃក្តៅពេក ហើយក៏ទ្រាំទ្រនឹងកម្តៅពុំបាន ក៏ស្ទះខ្សល់ស្លាប់ទៅ។
ចៅហ្វាយក្រុងញូវយ៉ក បានដាស់តឿនពលរដ្ឋថា ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នឲ្យមែនទែន ហើយ កុំឲ្យនៅក្រៅផ្ទះ និងនៅក្រោមកម្តៅថ្ងៃឲ្យសោះ ប្រសិនបើមិនចាំបាច់នោះទេ។ ចំណែក ភ្នាក់ងាររដ្ឋអាមេរិក បានក្រើនរម្លឹកថា កម្តៅនឹងបន្តក្តៅថែមទៀត អាចរហូតដល់៤៥អង្សាសេ។ ដូច្នេះ ត្រូវរកនៅកន្លែងត្រជាក់ មានសំណើម, ត្រូវយកចិត្តទុកដាក់ដល់មនុស្សចាស់និងក្មេងៗ ដែលងាយរកគ្រោះ ហើយត្រូវកាត់បន្ថយរាល់សកម្មភាពដែលនៅក្រោមកម្តៅថ្ងៃ។ ដោយឡែក សត្វចិញ្ចឹមនិងកូនក្មេង ក៏មិនត្រូវទុកនៅក្នុងឡានចោលដែរ ព្រោះអាចក្តៅថប់ដង្ហើមស្លាប់។
ជាវិធានការចំពោះមុខ អាជ្ញាធរក្រុងញូវយក បានរៀបចំមជ្ឈមណ្ឌល ជាង៥០០កន្លែង ដាក់ម៉ាស៊ីនត្រជាក់ ហើយបានរៀបចំកន្លែងងូតទឹក និងអាងហែលទឹកជាច្រើន ទុកឱ្យកូនក្មេងងូតលេងកម្សាន្តផងដែរ។
ជាការកត់សម្គាល់ ក្នុងរដូវក្តៅនេះ នៅអាមេរិក មានកម្តៅកើនឡើងជាសព្វដង ដែលអ្នកជំនាញនិងអ្នកវិទ្យាសាស្ត្រ សុទ្ធតែចង្អុរបង្ហាញ ថាមកពីផលលំបាកនៃការប្រែប្រួលអាកាសធាតុ។ ក៏ប៉ុន្តែ ប្រមុខរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់តែបានទន្ទេញជាប់មាត់ជានិច្ច ថា គាត់គ្មានឃើញប្រែប្រួលអាកាសធាតុស្អីនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ