អាមេរិក-កាណាដា-ម៉ិចស៊ិក

លោក​​ដូណាល់​ ត្រាំ​ ​ប្តូរចិត្ត​​​មិនដក​​អាមេរិ​ក​​ចេញ​​ពី​​កិច្ចព្រមព្រៀង​​ផ្តោះប្តូរ​​សេរី​​អាមេរិក​ខាងជើង​

លោក​ដូណាល់ ត្រាំ
លោក​ដូណាល់ ត្រាំ REUTERS/Jonathan Ernst

ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ បាន​ប្តូរចិត្ត​ មិន​ដកសហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​​សេរី​អាមេរិក​ខាងជើង ដូច​ដែល​​​លោក​ធ្លាប់​សន្យា​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ ​ពេលនេះ ​កាណាដា និង​ម៉ិចស៊ិក ជា​ភាគី​ក្នុង​កិច្ចព្រមព្រៀង​នេះ អាច​ធូរចិត្ត​បន្តិច​វិញហើយ។ 

ផ្សាយពាណិជ្ជកម្ម

ក្នុង​ពេល​ទូរសព្ទ​និយាយ​ជាមួយ​ប្រធានាធិបតី​ម៉ិចស៊ិក អង់រិក ពេណា នីញេតូ និង​នាយក រដ្ឋមន្ត្រី​កាណាដា ជូស្ទីន ទ្រូដូ ​ប្រធានាធិ​បតី​អាមេរិក ដូណាល់ ត្រាំ បាន​បង្ហាញ​ថា​ លោក​ប្តូរចិត្ត​មិនដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​សេរី​អាមេរិកខាងជើង​ទេ។ លោក​ត្រាំ លើកឡើង​ថា វា​ជា​កាតព្វកិច្ច​របស់​​លោក ក្នុង​ការ​ដាក់​សន្ធិសញ្ញា​​ផ្តោះប្តូរ​សេរី​នេះ អោយ​ស្របតាម​​បច្ចុប្បន្នភាព ​តាម​រយៈ​ការចរចា​គ្នា​​ឡើងវិញ។ ​នាយករដ្ឋមន្ត្រី​កាណាដា​ ជូស្ទីន ទ្រូដូ ប្រាប់ដែរ​ថា ​​​កាណាដា​បើក​ចំហរចំពោះ​ការពិភាក្សា​ឡើងវិញ​​ជាមួយ​អាមេរិក​​។

ដោយឡែក ម្សិលមិញ​នេះ ​លោកដូណាល់ ត្រាំ​ ​​​​​​​​ព្រមា​នដែរថា​ បើ​លោក​មិនអាច​​រក​បាន​កិច្ចព្រមព្រៀង​ដែល​សមស្រប​​ នោះ​លោក​នឹង​​បញ្ឈប់​​កិច្ចព្រមព្រៀងផ្តោះប្តូរ​សេរី​​មួយនេះ។ កិច្ចព្រមព្រៀងផ្តោះប្តូរ​សេរី​អាមេរិក​ខាងជើង​​ ហៅ​កាត់ថា ​Aléna ចូលជា​ធរមាន​ឆ្នាំ១៩៩៤ ជា​កិច្ចព្រមព្រៀង​​ចុះហត្ថលេខា​រវាង​៣ប្រទេស មានសហរដ្ឋ​​អាមេរិក កាណាដា និង​ម៉ិចស៊ិក។ ​

 

កិច្ចព្រមព្រៀង​នេះចែង​​​បើកចំហ​ចរាចរណ៍​ទំនិញ​ចេញចូល ​ចរាចរណ៍​​ពលរដ្ឋ​ ការ​លុបចោល​ពន្ធដារផ្សេងៗ​ លើកលែង​តែ​ពន្ធ​លើ​ឈើ​សំណង់ និង​​ផលិតផល​ទឹកដោះ​ភាគច្រើន។ ​អាមេរិក​ កាណាដា និង​ម៉ិចស៊ិក ​បាន​ផ្តោះប្តូរ​ពាណិជ្ជកម្ម​នឹងគ្នា​​ ជា​ទឹកប្រាក់​ប្រមាណ​៦៣៦ពាន់លាន​អឺរ៉ូ។ បើ​អាមេរិ​ក​​ដកខ្លួន​​ពី​កិច្ចព្រមព្រៀង​នេះ កាណាដា​នឹង​ខាត​បង់​ធ្ងន់​ ព្រោះ​កាណាដា​នាំទំនិញ​ទៅ​អាមេរិក​១ភាគ៣នៃ​ការនាំចេញ​សរុប ​ឯអាមេរិក​វិញ ​នាំទំនិញ​ទៅ​កាណាដា តែ​១៨ភាគរយ​ប៉ុណ្ណោះ។

 

​​ដោយឡែក ​សប្តាហ៍​នេះ អាមេរិក​​​​បានប្រកាស​យកពន្ធ​​​២០ភាគរយ​​លើ​ឈើ​សំណង់​នាំ​មកពី​កាណាដា។ កន្លងមក អាមេរិក​​ក៏ធ្លាប់​​រករឿង​​វិស័យ​ផលិតផល​ទឹកដោះ​របស់​កាណាដា​ដែរ​ ធ្វើអោយ​សហគ្រាស​រកស៊ី​កាណាដា​ខឹងសម្បារ​ជាខ្លាំង៕   

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI