អាមេរិក-កូរ៉េខាងជើង

លោក​ដូណាល់ត្រាំ​ប្រជុំ​សមាជិក​ព្រឹទ្ធសភា​ទាំង១០០រូប​ដើម្បី​និយាយពី​វិបត្តិ​កូរ៉េខាងជើង

ទិដ្ឋភាព​នៃ​ការ​ធ្វើ​សមយុទ្ធបាញ់​គ្រាប់ពិត​នៃ​កងកាំភ្លើងធំ​កូរ៉េ​ខាងជើង ក្នុងឱកាស​ខួប​បង្កើត​កងទ័ព​ ថ្ងៃអង្គារ ២៥មេសា ២០១៧
ទិដ្ឋភាព​នៃ​ការ​ធ្វើ​សមយុទ្ធបាញ់​គ្រាប់ពិត​នៃ​កងកាំភ្លើងធំ​កូរ៉េ​ខាងជើង ក្នុងឱកាស​ខួប​បង្កើត​កងទ័ព​ ថ្ងៃអង្គារ ២៥មេសា ២០១៧ KCNA via REUTERS

នៅ​ក្នុង​ពេល​ដែល​វិបត្តិ​នៅ​ឧបទ្វីបកូរ៉េ​កំពុងតែ​ស្ថិត​ក្នុង​សភាព​តានតឹង​ខ្លាំង លោក​ដូណាល់ត្រាំ​បាន​អញ្ជើញ​សមាជិក​ព្រឹទ្ធសភា​ទាំង​១០០​រូប​ឲ្យ​​មក​កាន់​សេតវិមាន នៅ​ថ្ងៃពុធ​នេះ។ ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​សេតវិមាន​កំណត់​ជា​ការណ៍​សម្ងាត់ ដោយ​គ្រាន់តែ​បញ្ជាក់ថា លោក​ដូណាល់ត្រាំ​រួមជាមួយ​នឹង​មន្រ្តី​សន្តិសុខជាតិ​របស់​លោក​ចង់​រាយការណ៍​ប្រាប់​សមាជិក​ព្រឹទ្ធសភា​អំពី​ព័ត៌មាន​ថ្មីៗ​ចុងក្រោយ​ទាក់ទង​នឹង​វិបត្តិ​កូរ៉េ​ខាងជើង។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របបនយោបាយ​អាមេរិក ទំនាក់ទំនង រវាង​សេតវិមាន និង​សភា គឺ​ជា​រឿង​ធម្មតា ហើយ​ជា​រឿយៗ​គេ​តែងតែ​ឃើញ​មន្រ្តី​សេតវិមាន ឬ​ក៏​ប្រធានាធិបតី ធ្វើដំណើរ​ទៅកាន់​វិមាន​កាពីតូល ដើម្បី​ជួប​ជជែក​ជាមួយ​សមាជិក​សភា។ ក៏ប៉ុន្តែ ការ​អញ្ជើញ​សមាជិក​ព្រឹទ្ធសភា​​ទាំង១០០រូប​ឲ្យ​ទៅ​ប្រជុំ​នៅ​សេតវិមាន គឺ​ជា​រឿង​ដ៏​កម្រមួយ ហើយ​កាន់តែ​កម្រ​ទៅទៀត ដែល​នៅ​ក្នុង​កិច្ចប្រជុំ​នេះ មាន​ការ​ចូលរួម​ពី​សំណាក់​មន្រ្តី​កំពូលៗ​ទទួល​បន្ទុក​ខាង​ផ្នែក​សន្តិសុខ​ជាតិ។

ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​គេ​កំណត់​ថា​ជា​ការណ៍​សម្ងាត់ ក៏ប៉ុន្តែ សេតវិមាន​បាន​ឲ្យដឹង​ថា លោក​ដូណាល់ត្រាំ​នឹង​ត្រូវ​អម​ដោយ​មន្រ្តី​​សន្តិសុខជាតិ​ទាំង ៤រូប គឺ​​រដ្ឋមន្រ្តី​ការបរទេស រដ្ឋមន្រ្តី​ការពារជាតិ នាយសេនាធិការ​ចម្រុះកងទ័ព និង​នាយក​ទីភ្នាក់ងារចារកិច្ច។ អ្នកនាំពាក្យ​សេតវិមាន​បាន​លើកឡើង​ថា ការ​អញ្ជើញ​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​ឲ្យ​ទៅ​កាន់​សេតវិមាន​បែបនេះ គឺ​ជា​សារនយោបាយ​ដ៏សំខាន់​មួយ ដើម្បី​ជា​ការ​គូស​បញ្ជាក់​អំពីអាទិភាព​របស់​លោក​ដូណាល់ត្រាំ​ចំពោះ​សំណុំរឿង​កូរ៉េ​ខាងជើង។

ជាការពិត បើ​មើល​ទៅ​លើ​សកម្មភាព​របស់​លោក​ដូណាល់ត្រាំ​នៅ​ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ គេ​អាច​សង្កេតឃើញ​ថា វិបត្តិ​កូរ៉េ​ខាងជើង​នេះ​គឺ​ពិតជា​សំណុំរឿង​អាទិភាព​ពិតមែន។ ក្រៅពី​បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​ប្រធានាធិបតី​ចិន និង​ជាមួយ​នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ដូណាល់ត្រាំ​ថែម​ទាំង​បាន​អញ្ជើញ​តំណាង​ប្រទេស​ទាំង ១៥ ​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ ឲ្យ​ទៅ​កាន់សេតវិមាន កាល​ពីដើមសប្តាហ៍​ ដោយ​នៅ​ក្នុង​កិច្ចប្រជុំ​នេះ លោក​ប្រធានាធិបតី​អាមេរិក​បាន​​ព្យាយាម​បញ្ចុះបញ្ចូល​ក្រុមប្រឹក្សា​សន្តិសុខ​ឲ្យ​បង្កើន​ទណ្ឌកម្ម​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ទៅលើ​កូរ៉េ​ខាងជើង។

គួរបញ្ជាក់ថា នៅ​ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា​អាមេរិក គឺឃើញ​មាន​ចរន្តពីរ គឺ​ក្រុម​អ្នក​ប្រកាន់​តឹង​ដែល​ទាមទារ​ឲ្យ​អាមេរិក​ឆ្លើយតប​ដោយ​កម្លាំង​ទ័ព​​ប្រសិន​បើ​កូរ៉េ​ខាងជើង​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​សាជាថ្មី។ ចំណែក​ឯ​មួយក្រុម​ទៀត បង្ហាញ​នូវ​ក្តីព្រួយបារម្ភ​ខ្លាច​ការ​ប្រើពាក្យសម្តី និង​សកម្មភាព​សំញែង​សាច់ដុំ​ខាង​យោធា​របស់​លោក​ដូណាល់ត្រាំ អាច​នឹង​រាលដាល​ទៅ​ជា​សង្រ្គាម។

ទោះជាយ៉ាងណា សមាជិកព្រឹទ្ធសភា​ ទោះជា​នៅ​ក្នុង​ចរន្ត​ណាមួយ​ក៏ដោយ សុទ្ធតែ​បាន​បង្ហាញ​នូវ​ការ​សប្បាយចិត្ត ដែល​លោក​ដូណាល់ត្រាំ​ជួប​ប្រជុំ ដើម្បី​រាយការណ៍​ដល់​ព្រឹទ្ធសភា ជុំវិញ​វិបត្តិ​កូរ៉េ​ខាងជើង​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI