អាមេរិក-អាកាសធាតុ

លោកដូណាល់ត្រាំ​ទំនងជា​ប្តូរជំហរ​ឈប់​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ

លោក​ដូណាល់ត្រាំ ប្រធានាធិបតី​អាមេរិក
លោក​ដូណាល់ត្រាំ ប្រធានាធិបតី​អាមេរិក REUTERS/Carlos Barria

ចាប់តាំង​ពី​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត រហូត​ដល់​ក្រោយ​ជាប់ឆ្នោត​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ លោក​ដូណាល់ត្រាំ តែងតែ​បាន​បង្ហាញ​នូវ​ជំហរ​ចង់​ឲ្យ​អាមេរិក​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ ដែល​រដ្ឋការ​របស់​លោក​អូបាម៉ា​បាន​ចុះ នៅ​ក្នុង​អំឡុង​សន្និសីទ​អាកាសធាតុ​ក្រុង​ប៉ារីស កាល​ពី​ចុងឆ្នាំ២០១៥​កន្លងទៅ។ ក៏ប៉ុន្តែ នៅ​ពេលនេះ លោក​ដូណាល់​ត្រាំ​កំពុងតែ​ពិចារណា​មើល​ជំហរ​របស់​លោក​ឡើងវិញ ហើយ​ទំនង​ជា​នឹង​សម្រេច​មិនដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​នេះ​ទេ។

ផ្សាយពាណិជ្ជកម្ម

តម្រ៉ុយ​ដ៏​សំខាន់​និង​ថ្មីចុងក្រោយគេ ដែល​បង្ហាញ​ថា រដ្ឋការ​របស់​លោក​ដូណាល់ត្រាំ​អាច​ផ្លាស់ប្តូរ​ជំហរ​ នៅ​ក្នុង​សំណុំរឿង​កិច្ចព្រមព្រៀង​អាកាសធាតុ​នេះ គឺ​ការថ្លែង​របស់​រដ្ឋមន្រ្តី​ក្រសួង​ថាមពល​អាមេរិក កាលពីថ្ងៃ​អង្គារ។ លោក​រីក ភែរី បាន​លើកឡើង​ថា លោក​នឹង​ផ្តល់​អានុសាសន៍​ដល់​លោក​ដូណាល់ត្រាំ​កុំ​ឲ្យ​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ ដោយ​គ្រាន់តែ​សុំ​ចរចា​ឡើងវិញ​​លើ​កាតព្វកិច្ច​របស់​អាមេរិក នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​តែ​ប៉ុណ្ណោះ។

ជំហរ​របស់​លោក​រីក ភែរី គឺ​ស្រប​នឹង​ជំហរ​របស់​មន្រ្តី​ជាន់ខ្ពស់​មួយ​ចំនួន​ផ្សេងទៀត ដែល​ស្និទ្ធ​នឹង​លោក​ដូណាល់ត្រាំ រួមមាន​ដូចជា លោក​រ៉ិច ធីល័រសុន រដ្ឋមន្រ្តី​ការបរទេស លោកស្រី​អ៊ីវ៉ាន់កា និង​លោក​ចារេដ កាស្ហណ័រ ដែល​ជា​កូនស្រី និង​កូនប្រសារ ព្រមទាំង​ជា​ទីប្រឹក្សា​ដ៏មាន​ឥទ្ធិពល​របស់​លោក​ដូណាល់ត្រាំ។

ក្នុងពេល​ជាមួយគ្នា​នេះ ក្រុមហ៊ុន​ធំៗលំដាប់​អន្តរជាតិ​​ចំនួន ១៣ ដែល​ក្នុងនោះ​ក៏​រួមមាន​ទាំង​ក្រុមហ៊ុន​របស់​អាមេរិក​ផងដែរ បា​ននាំគ្នា​ចេញសេចក្តីអំពាវនាវ​មួយ កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ ស្នើសុំ​​​ឲ្យ​លោក​ដូណាល់ត្រាំ​រក្សា​សមាជិកភាព​អាមេរិក នៅ​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ។

ក្រុមហ៊ុន​ធំៗទាំងនេះ​ ដែល​រួមមាន​ដូចជា​ក្រុមហ៊ុន​ប្រេង​​ប៊ីភី និង​ស្ហ៊ែល ក្រុមហ៊ុន​គីមី​ឌុយប៉ុង និង​ក្រមហ៊ុន​ជំនាញ​ខាង​បច្ចេកវិទ្យា ដូចជា Google, Intel និង​ Microsoft ជាដើម បាននាំគ្នា​លើកឡើង​ថា ការ​រក្សា​សមាជិកភាព​អាមេរិក​នៅ​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ គឺ​មិនត្រឹមតែ​រួមចំណែក​ក្នុងការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​តែ​ប៉ុណ្ណោះទេ តែ​វា​ក៏​នឹង​ជួយផងដែរ​ដល់​ក្រុមហ៊ុន​ពួកគេ នៅ​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អន្តរជាតិ ក្នុងវិស័យ​ថាមពល​ស្អាត ដែល​បច្ចុប្បន្ន​កំពុងតែ​មាន​កំណើន​ខ្លាំង ហើយ​ដែល​ជា​ទីផ្សារ​ប្រកប​ដោយ​សក្តានុពល​ទៅថ្ងៃ​អនាគត។

ការអះអាង​បែបនេះ គឺ​ជា​ការ​ផ្ទុយស្រឡះ​ពី​ការអះអាង​របស់​លោក​ដូណាល់ត្រាំ ដែល​តែងតែ​លើកឡើង​ថា កិច្ចព្រមព្រៀង​អាកាសធាតុ​​​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​បាត់បង់​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ បង្ក​ផលប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​អាមេរិក និង​ធ្វើ​ឲ្យ​ប្រជាជន​បាត់បង់​ការងារ​ធ្វើ។

ទោះជាយ៉ាង ការ​សម្រេច​ដកខ្លួន ឬ​បន្ត​ស្ថិត​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ គឺ​ស្ថិត​នៅ​លើ​លោក​ដូណាល់ត្រាំ ហើយ​ការ​សម្រេច​ចិត្ត​នេះ​គ្រោង​នឹង​ធ្វើ​នៅមុនដំណាច់ខែ​ឧសភា​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI