ដូណាល់ ត្រាំ តែងតាំងឧត្តមសេនីយ៍កងទ័ព James Mattis ជារដ្ឋមន្ត្រីការពារជាតិ
ថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកដូណាល់ ត្រាំ បានតែងតាំងឧត្តមសេនីយ៍កងទ័ព James Mattis អោយឡើងកាន់កាប់ក្រសួងការពារជាតិ ជារឿងដែលមិនធ្លាប់មាននៅសហរដ្ឋអាមេរិក តាំងពីក្រោយសង្គ្រាមលោកលើកទី២មក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គិតតាំងពីឆ្នាំ១៩៥០មក លោក James Mattis អាយុ៦៦ឆ្នាំ អាចនឹងក្លាយជាអតីតឧត្តមសេនីយ៍យោធាទី១ ដែលឡើងធ្វើជារដ្ឋមន្ត្រីការពារជាតិអាមេរិក។ ម្សិលមិញនេះ លោកដូណាល់ ត្រាំ បានតែងតាំងលោកម៉ាទិស អោយកាន់កាប់ក្រសួងការពារជាតិ។ ជារឿងមិនធ្លាប់មាននៅសហរដ្ឋអាមេរិក ជាប្រទេសដែលធ្លាប់តែទាមទារអោយអំណាចស៊ីវិល គ្រប់គ្រងមន្ត្រីយោធា។
ដើម្បីអាចអោយឧត្តមសេនីយ៍ម៉ាទិស ក្លាយជារដ្ឋមន្ត្រីការពារជាតិបាន សភាអាមេរិកទាំង២ ត្រូវបោះឆ្នោតអនុញ្ញាតជាមុនសិន។ បញ្ហាស្ថិតនៅត្រង់ថា លោកម៉ាទិស ទើបបានចូលនិវត្តកាលពីឆ្នាំ២០១៣ គឺទើបតែបាន៣ឆ្នាំ។ យោងតាមច្បាប់អាមេរិក ដើម្បីអាចឡើងកាន់កាប់ផ្នែកការពារជាតិបាន មន្ត្រី យោធាដែលចូលនិវត្ត ត្រូវតែនៅក្រៅកិច្ចការងារកងទ័ពយ៉ាងហោច៧ឆ្នាំ។ ប៉ុន្តែ លោកចេម ម៉ាទិស ទើបតែចូលនិវត្តបាន៣ឆ្នាំ។
ទោះយ៉ាងនេះក្តី ដោយសារសភាអាមេរិកទាំង២ សំបូរសមាជិកមកពីគណបក្សសាធារណរដ្ឋ ការបោះឆ្នោតលើកលែងករណីលោកម៉ាទិស ដើម្បីអោយលោកកាន់កាប់ក្រសួងការពារជាតិ ប្រហែលជាមិនចោទបញ្ហាទេ។
ម្យ៉ាងទៀត ចេម ម៉ាទិស ជាអ្នកមានប្រជាប្រិយភាពក្នុងផ្នែកកងទ័ពស្រាប់។ គេស្គាល់ថា លោកជាអ្នកនិយាយត្រង់ៗ ហើយមានជំហរប្រឆាំងលោកអូបាម៉ា ប្រឆាំងនឹងរបបដឹកនាំអ៊ីរ៉ង់។ ដោយសារលោកធ្លាប់ធ្វើជាមេបញ្ជាការកងទ័ព ក្នុងសមរភូមិដ៏លំបាក នៅអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន គេបានអោយរហ័សនាមលោកថា ជាឆ្កែឆ្កួតទៀតផង គឺដើម្បីលើកសរសើរភាពអង់អាចរបស់លោកនោះឯង។
ម្សិលមិញ នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ នៅរដ្ឋអូហ៊ីយ៉ូ លោកដូណាល់ ត្រាំ បានលើកឡើងថា៖ “ឆ្កែឆ្កួតនេះល្អឥតខ្ចោះតែម្តង”។ គួរបញ្ជាក់ថា លោកដូណាល់ ត្រាំ មានជំហរប្រយុទ្ធប្រឆាំងក្រុមជីហាតរដ្ឋអ៊ីស្លាម នៅស៊ីរីនិងអ៊ីរ៉ាក់។ គិតមកដល់ពេលនេះ រដ្ឋបាលលោកត្រាំ មានឧត្តមសេនីយ៍ចាស់ៗយ៉ាងហោច២នាក់។ ក្រៅពីលោកម៉ាទិស គឺមានលោកម៉ៃឃើល ភ្លីន Michael Flynn ដែលត្រូវបានតែងតាំងជាអ្នកប្រឹក្សាសន្តិសុខជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ