សហរដ្ឋអាមេរិក-សហភាព​អឺរ៉ុប

លោក​​ដូណាល់ ត្រាំ​ អាច​​ពិភាក្សា​​កិច្ចព្រមព្រៀង​​ផ្តោះប្តូរ​​សេរី​​ជាមួយ​​អឺរ៉ុប​ មុន​​​​​អង់គ្លេស​​

លោក​ត្រាំ និង​លោកស្រី​មែរគែល នៅ​សេតវិមាន ថ្ងៃ​១៧មីនា ២០១៧
លោក​ត្រាំ និង​លោកស្រី​មែរគែល នៅ​សេតវិមាន ថ្ងៃ​១៧មីនា ២០១៧ REUTERS/Jim Bourg

សារព័ត៌មាន Times ​ទីក្រុង​ឡុងដ៍​ បាន​ចុះផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ ថា​សហរដ្ឋអាមេរិក​អាច​នឹង​ពិភាក្សា​ពី​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី​ជាមួយសហភាព​អឺរ៉ុប មុន​នឹង​ជជែក​ជាមួយ​អង់គ្លេស។ រដ្ឋបាល​លោក​ដូណាល់ ត្រាំ​ អាច​ដឺងក្នុង​ចិត្ត​​មុន​រួចហើយថា ​កិច្ចព្រមព្រៀង​​ផ្តោះប្តូរ​ជាមួយ​អឺរ៉ុប​២៧ប្រទេស មា​នប្រយោជន៍​សម្រាប់​អាមេរិក​ជាង​កិច្ចព្រមព្រៀង​​ផ្តោះប្តូរ​ជាមួយ​អង់គ្លេស។ 

ផ្សាយពាណិជ្ជកម្ម

យោងតាម​សារព័ត៌មាន​ Times នៅ​ទីក្រុង​ឡុងដ៍ ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់​ អាន់ហ្កឺឡា មែរគែល​ បាន​បញ្ចុះ​បញ្ចូល​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថា​ការពិភាក្សា​ពី​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​​សេរី​ជាមួយ​សហភាព​អឺរ៉ុប គឺ​​មិន​ស្មុគស្មាញ​ខ្លាំង​ដូច​បាន​គ្រោងទុក​ទេ។ ​ហើយ​ការចរចា​នេះ​អាច​នឹង​ដំណើរការ​លឿន​ទៅមុខ​ទៀតផង មុន​នឹង​អាមេរិក​ត្រូវជជែក​ជាមួយ​អង់គ្លេស។

មេដឹកនាំ​អាល្លឺម៉ង់​មួយរូប​បាន​ប្រាប់ថា លោក​ដូណាល់ ត្រាំ បាន​និយាយ​ជាមួយ​លោកស្រី​មែរគែល ​១០ដង ​សុំ​ចរចា​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​សេរី​ជាមួយ​អាល្លឺម៉ង់។ ប៉ុន្តែ ទាំង​១០ដង​នេះ ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់​ប្រាប់​លោកត្រាំ​ថា មិនអាច​ជជែក​ជាមួយ​អាល្លឺម៉ង់​ទេ ​អាច​ជជែក​បាន​តែជាមួយ​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ។ ​ដូច្នេះ លោក​ត្រាំ​ច្បាស់​ជា​យល់​ពី​បំណង​លោកស្រី​មែរគែល​ច្បាស់ណាស់។

ត្បិតថា លោក​ត្រាំ​ធ្លាប់​សន្យា​ពិភាក្សា​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​​ជាមួយ​អង់គ្លេស ប៉ុន្តែ ​ពេលនេះ​លោកត្រាំ​ប្រហែល​ជាដឹងថា ទំរាំ​អង់គ្លេសអាច​​ដើរចេញអោយ​ដាច់ស្រឡះ ​​ពី​សហភាពអឺរ៉ុប ​គឺ​ត្រូវ​រង់ចាំយ៉ាងហោច​​​ដល់​​ឆ្នាំ២០១៩ដែរ។ ដរាបណាអង់គ្លេស​​​​​មិនទាន់​ផ្តាច់ចេញ​ពី​អឺរ៉ុប ការចរចា​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​​សេរី​រវាង​អាមេរិក​និង​អង់គ្លេស​មិនអាច​ដំណើរការ​​​បាន​ល្អស្រួល​នោះទេ។ ម្យ៉ាងទៀត ​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ជាមួយ​២៧ប្រទេស​​សហភាព​អឺរ៉ុប វា​​មាន​ប្រយោជន៍​សម្រាប់​អាមេរិក ជាងកិច្ចព្រមព្រៀង​​ជាមួយ​អង់គ្លេសតែ​មួយប្រទេស។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​បង្ហាញ​សុទិដ្ឋិនិយម​ថា ​អាមេរិក​និង​អឺរ៉ុប​អាច​នឹង​សម្រេច​បាន​កិច្ចប្រមព្រៀង​ផ្តោះប្តូរ​ជាមួយគ្នា​បានឆាប់​រហ័ស។

ដោយឡែក ត្បិតថា​​នយោបាយ​​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​របស់​រដ្ឋបាល​លោក​ត្រាំ​ផ្តោត​​លើ​ជំហរ​​ការពារ​ផលប្រយោជន៍​អាមេរិក​​ជាធំមែន តែ​កាលពី​ថ្ងៃសុក្រ ​ក្នុង​ជំនួប​​​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ប្រទេសG២០ នៅ​ក្រុង​វ៉ាស៊ីនតោន ​​អាមេរិក​មិនបាន​បង្ហាញ​​ជំហរ​​ច្បាស់​លាស់​ទាក់ទង​ជំហរ​សេដ្ឋកិច្ច​ជាតិ​និយម​ ដូច​រាល់​ដង​ទេ។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​​ បាន​អួត​រហូត​ថា ​ក្នុង​កិច្ចប្រជុំ​នេះ ប្រទេស​​​G២០ជាច្រើន​​បានព្រមព្រៀង​គ្នា​ថា ជំហរ​សេដ្ឋកិច្ច​ជាតិនិយម​នេះ​​​អាច​មិនល្អ​ចំពោះ​​សេដ្ឋកិច្ច​ពិភពលោក​- គេ​​ព្រមព្រៀង​ថា ការផ្តោះប្តូរ​​​សេរី​គឺជា​អ្វី​ដែល​ប្រសើរ​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក និង​សម្រាប់​ប្រទេស​និមួយៗ៕    

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI