អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​​​​ដូណាល់ ​ត្រាំ ​ព្យាយាម​​​បន្ថយ​​​ភាព​​​តានតឹង​​​​ តែ​​ប្រកាន់​​ជំហរ​ម៉ឹងម៉ាត់​​ចំពោះ​ផែនការ​​​ជាតិ​ធំៗ​​

សំឡេង ០៥:៣៣
លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ © Capture d'écran de CBS
ដោយ៖ ព្រំ សឿន សូលីណា
៣៧ នាទី

លោក​ដូណាល់ ត្រាំ​ បាន​ផ្តល់​បទសម្ភាស​ដល់​ទូរទស្សន៍ CBS បង្ហាញ​ថា លោក​បាន​បន្ទន់​ជំហរ​ច្រើន ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ នៅ​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ លោក​នៅ​តែ​រក្សា​ជំហរ​ដដែល ចំពោះផែនការ​នយោបាយ​មួយ​​ចំនួន ដូចជា នៅតែ​រក្សា​ជំហរ​​​ប្រឆាំង​ការ​រំលូតកូន និង​​គាំទ្រ​អោយ​ពលរដ្ឋ​អាមេរិក​គ្រប់រូប​មានសិទ្ធិ​​កាន់អាវុធ​ជាដើម។ ចំពោះ​ទំនាក់ទំនង​ក្រៅ​ប្រទេស​វិញ​ ​​ថ្ងៃចន្ទ​នេះ ​លោក​ត្រាំ និង​ប្រធានាធិបតី​​ចិន ​ស៊ី ជីនពីង ​បាន​​​ជជែកគ្នា​តាម​ទូរសព្ទ​​ព្រមព្រៀង​ជួបគ្នា​​ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។

ផ្សាយពាណិជ្ជកម្ម

លោក​ដូណាល់ ត្រាំ​ បាន​បន្ទន់​ជំហរ​ច្រើន ក្នុង​នយោបាយ​អភិរក្ស

តាំង​ពី​​លោក​ដូណាល់ ត្រាំ​ ជាប់ឆ្នោត​មក ប្រជាជន​នាំគ្នា​បាតុកម្ម​គ្រប់ទិសទី ​ដោយសារ​តែ​ពួកគេ​មិនពេញចិត្ត​កម្មវិធី​នយោបាយ​​​​អភិរក្សតឹងតែង​របស់​បក្ស​សាធារណរដ្ឋ​។ កាលពី​ថ្ងៃសៅរ៍ ​បាតុករប្រឆាំង​លោក​ត្រាំ ​​នៅ​ក្រុងញូវយក មាន​ច្រើន​សន្ធឹកសន្ធាប់ ​​ដល់​ជាង​មួយសែននាក់ ហើយ​ថ្ងៃអាទិត្យ​ម្សិលមិញ ​ក៏នៅ​តែមាន​រាប់ពាន់នាក់ នៅ​ញូវយក។ ពួកគេ​​មិនអាច​​បណ្តោយ​អោយ​លោកត្រាំ ​ពេល​កាន់អំណាច នៅ​ថ្ងៃ​២០មករា​ខាងមុខ​នេះ ដឹកនាំ​ប្រទេស​​ទៅរក​នយោបាយ​តានតឹង​​នោះ​​ទេ។

លោកត្រាំ​​​​បានមើលឃើញ​ពីអ្វី​​ដែល​​ក្រុមបាតុករ​ចង់​បានដែរ។ ​លោក​ច្បាស់ជា​ដឹងថា​ មិនអាច​ធ្វើអ្វី​ទាំង​ទទឹងទិស​ទេ។ ​ប្រឈម​​​ភាព​តានតឹង លោកត្រាំ​ត្រូវតែ​បន្ធូរ​ជំហរ​ផែនការ​ដឹកនាំ​មួយចំនួ​ន​​មកវិញ​​អញ្ចឹងហើយ។ លោក​ត្រាំ​បានអំពាវនាវ​អោយ​ប្រជាជន​ស្ងប់ស្ងាត់។ លោក​ខំ​លួងលោម​​ក្រុមបាតុករ ​​កុំអោយ​​បារម្ភ​ និង​សន្យា​ថា ​ក្រុមការងារ​លោក​នឹង​រៀបចំប្រទេស​ឡើងវិញ។ ​

ដូច​យើង​បាន​សម្គាល់ និង​គិត​មក​​អញ្ចឹង លោកត្រាំ​គាត់សន្យា​ថាយ៉ាងណា​ពីមុននោះ គាត់​មិនអាច​ធ្វើ​តាម​គ្រប់យ៉ាង​ទាំងងងឹត​ងងុល​ទេ។ ទី១-​គាត់គ្មាន​បទពិសោធន៍​នយោបាយ។ ទី២-​បក្ស​សាធារណរដ្ឋ​ ​ក៏​​មិនអាច​​បណ្តោយ​អោយ​គាត់​ធ្វើអ្វី​តាម​​ចិត្ត​បានដែរ ព្រោះ​គេ​មិនអាច​​​លេងសើច​នឹង​មុខតំណែង​​​ប្រធានាធិបតី​​ ​ផ្តេសផ្តាស​ទេ។ ​

ដោយឡែក លោកត្រាំ​ប្រាប់ថា លោក​មិន​យកប្រាក់ខែ​ប្រធានាធិបតីប្រចាំឆ្នាំ​​៤សែន​ដុល្លារ​​ ​នោះទេ។ យើងដឹង​​ច្បាស់​ថា លោកត្រាំ​ជា​មហាសេដ្ឋី​មាន​កប់ពពក​ហើយ ប្រាក់ខែ​នេះ​គ្មានអ្វី​អស្ចារ្យ​ចំពោះ​លោកទេ។ តែ​ត្រូវតែ​ទទួលស្គាល់ថា នេះ​ជា​ចំណុច​ល្អ​មួយដែរ។ វា​ជាការជួយ​សន្សំលុយ​ជាតិ បាន​បន្តិច​បន្តួច​ដែរ ក្នុងពេល​លោក​ដឹកនាំប្រទេស​នោះ។
 ​​
មុនពេលជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក អ្នកណា​ក៏មើលឃើញ​ដែរ​ថា ដូណាល់ ត្រាំ​ ស្អប់​ជនបរទេស និង​ចង់​បិទព្រំដែន​មិនអោយ​អ្នកកាន់​សាសនា​អ៊ីស្លាម​ចូលស្រុក ដើម្បី​ចៀសវាង​ភេរវកម្ម​ផ្សេងៗ។ ប៉ុន្តែ ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ជាប់ឆ្នោត ​​ក្នុ​ង​បទសម្ភាសផ្តល់​អោយ​ទូរទស្សន៍ CBS លោក​ត្រាំ ​បាន​ថ្កោលទោស​លើ​​ហិង្សា​ និង​ការធ្វើទុក្ខ​បុកម្នេញចំពោះ​អ្នកកាន់​សាសនា​អ៊ីស្លាម​​ ចំពោះ​ជនជាតិ​ស្បែកខ្មៅ រឺ​ក៏ប្រជាជន​ដើមកំណើត​ប្រទេស​ប្រើ​ភាសា​អេស្ប៉ាញ​ជាដើម។

តាំង​ពីថ្ងៃ​បោះឆ្នោត​​៨វិច្ឆិកា​មក​ សមាគម​ជាច្រើន បូករួម​ទាំង​បក្ស​ប្រជាធិបតេយ្យ ​បាន​លើកឡើង​ថា មាន​អំពើ​ហិង្សាជាច្រើន​បាន​កើតឡើង​​​ទៅលើ​សហគមន៍​ទាំងនេះ។ ក្នុង​នាម​ជា​ប្រធានាធិបតី​ថ្មី ​លោក​ត្រាំ ត្រូវតែ​ចេញមុខ​ការពារ​ពួកគេ​ ដើម្បី​គោរព​តាម​ពាក្យ​សន្យាថា លោក​ជា​ប្រធានាធិបតី​របស់​ប្រជាជន​អាមេរិក​គ្រប់រូប​នោះឯង។ ពោលគឺ​មិនអាច​អត់ឱន​ចំពោះហិង្សា​ប្រកាន់​ពូជសាសន៍ រឺ​សាសនា​ក្នុងស្រុក​ទេ ព្រោះ​ប្រជាជន​ទាំងនេះ ក៏ជាពលរដ្ឋ​មួយ​នឹងគេ​ដែរ។ ​ ​

ចំណុច​មួយទៀតដែរ​ លោកត្រាំ​ប្រាប់​ថា ​មិនសើរើ​រឿង​អាពាហ៍ពិពាហ៍​អ្នកស្រលាញ់​ភេទ​ដូចគ្នា​ទេ។ ​លោកថា វាគឺជា​ច្បាប់។ លោកត្រាំ​ប្រាប់​ទៀតថា អាច​នឹង​ធ្វើវិសោធនកម្ម​​ចំពោះ​ច្បាប់ ​Obamacare។ ច្បាប់​​អូបាម៉ាឃែរ​នេះ ជាច្បាប់​​របស់​លោក​អូបាម៉ា ជា​ច្បាប់​ចម្រូង​ចម្រាស ​- ​មានទិសដៅ​​ជួយ​អោយ​ពលរដ្ឋ​គ្រប់រូបទទួលបាន​ការ​ធានា​រ៉ាប់រង​សុខភាព។ ​​​ឃើញថា លោកត្រាំ ប្រើពាក្យ​ថា ច្បាប់នេះ​អាច​ធ្វើទៅ​ជាវិសោធនកម្ម​វិញ មាន​ន័យ​ថា​ ក្នុង​នាម​ជាអ្នកដឹកនាំ​ថ្មី លោក​ក៏​​​ចេះ​បត់បែនការងារ​ដែរ មិនមែន​ចេះ​តែ​ធ្វើប្រឆាំង​លទ្ធផល​ដឹកនាំ​ របស់​លោក​អូបាម៉ា​ទាំងអស់​ទេ។

​បើ​អ្នកដឹកនាំ​អាណត្តិ​មុន​សម្រេច​​ផលអ្វី​​​អាច​ជា​វិជ្ជមាន​ហើយ អ្នកដឹកនាំ​ដែល​ឡើង​មកថ្មី ​មិន​ចាំ​បាច់​​ត្រូវតែ​លុបចោល​​អ្វីដែល​គេសម្រេច​បានពីមុន​អោយ​អស់ទៅវិញ​ទេ ព្រោះ​វា​នាំ​អោយ​​ខាត​ពេលវេលា ខាត​ប្រយោជន៍​ ហើយ​ក៏​ជា​អំពើ​​ល្ងិតល្ងង់​ផងដែរ ដែលធ្វើអ្វី​ទាំងទទឹងទិស ប្រឆាំង​​​អ្នកដឹកនាំ​មុនៗ។ ​

បន្ទន់ជំហរ​តែ​ក៏​​នៅតែ​ម៉ឹងម៉ាត់​​​​​​​ក្នុង​​​សំណុំរឿងរសើបៗ
ដើម្បី​​​​បំពេញចិត្ត​​អ្នកដែល​បោះឆ្នោត​អោយ​លោក​​កន្លងមក​ ដូណាល់ ត្រាំ​ ត្រូវតែ​អនុវត្ត​តាម​ពាក្យ​សន្យា​ ​បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់ពី​សហរដ្ឋអាមេរិក។ លោក​ធ្លាប់​សន្យា​បណ្តេញ​​ជនអន្តោប្រវេសន៍ ​​១១លាននាក់ អោយ​​អស់​​ពី​សហរដ្ឋ​អាមេរិក។ លោក​នៅតែ​ប្រកាន់​ជំហរ​នេះ​ដដែល តែ​លោក​​បន្ថយ​ចំនួនអ្នកដែល​ត្រូវ​បណ្តេញចេញ មកនៅ​​ត្រឹម​​២ទៅ៣លាន​នាក់​វិញ​។

គួរកត់​សម្គាល់​​ថា ក្នុង​ការ​បណ្តេញ​នេះ គឺ​លោកត្រាំ​បណ្តេញ​តែ​ជនឧក្រិដ្ឋ​ដែល​បង្ក​បទល្មើស​ បទឧក្រិដ្ឋ​នៅ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ។ មានន័យថា ​លោក​ក៏មាន​ធម៌​មេត្តា​ចំពោះ​ជន​អន្តោ​ប្រវេសន៍​ផ្សេងៗ​ទៀតដែរ។

មួយទៀត ​លោក​ត្រាំនៅតែ​រក្សា​ជំហរអោយ​ពលរដ្ឋអាមេរិក​គ្រប់រូប​មានសិទ្ធិ​កាន់អាវុធ​ដដែល។​ ហើយ​លោក​ក៏នៅតែ​​ប្រឆាំង​នឹង​ការ​រំលូតកូនរបស់​ស្ត្រី​​។ លោក​ប្រកាស​ថា នឹង​តែងតាំង​ចៅក្រម​មួយ​រូប ដែល​មាននិន្នាការ​ប្រឆាំង​ការរំលូត​កូន​នេះ នៅតុលាការ​កំពូល។ នៅតុលាការ​កំពូល​​សព្វថ្ងៃ​​ មា​ន​កៅអី​​ចៅក្រម​មួយ ​នៅ​ទំនេរ​គ្មានអ្នកណា​អង្គុយ​នៅឡើយ។ ​

លោកត្រាំ​ក៏រក្សា​ជំហរ​សង់ជញ្ជាំងតាម​​ព្រំដែនជាប់​ម៉ិចស៊ិក​ដែរ។ លោក​ធ្លាប់​ប្រកាសថា​ នឹង​អោយ​ម៉ិចស៊ិក​ចេញ​ថ្លៃ​សាងសង់​នេះ។ តែ​​ម៉ិចស៊ិក​​​មិនល្ងង់​ទៅចេញ​ថ្លៃ​សង់​រហូត​ដល់​៨ពាន់​លាន​ដុល្លារ​ទេ។ ​សម្រេច​សម្រួល​ទៅ​ ​លោកត្រាំ​ថា កន្លែង​ខ្លះ​អាច​សង់​ជាជញ្ជាំង​ព្រំដែន កន្លែង​ខ្លះ​សង់​ត្រឹម​តែ​របង​ ក៏បាន​ដែរ។ នេះ​ក៏ប្រហែល​ដោយសារ​តែ​​​ម៉ិចស៊ិក​បដិសេធ​មិន​ចេញថ្លៃ​សង់​នេះដែរ​។ ​

ទោះយ៉ាង​នេះក្តី បក្ស​សាធារណរដ្ឋ​នឹង​ដឹកនាំ​សហរដ្ឋ​អាមេរិក ដោយនៅតែ​​​ប្រកាន់​​​នយោបាយ​បែប​​អភិរក្ស​។ ថ្ងៃអាទិត្យ​ម្សិលមិញ លោកត្រាំ​បាន​តែងតាំងប្រធាន​បក្ស​សាធារណរដ្ឋ គឺ​​​លោក​ Reince Priebus អោយ​ធ្វើ​ជាអគ្គលេខាធិការ​​នៅសេតវិមាន។ យោងតាម​​លោក​Priebus គេ​នឹង​​​បង្កើត​អោយ​មាន​​សេដ្ឋកិច្ច​មួយ ដែល​​ដំណើរការ​បាន​សម្រាប់​​គ្រប់គ្នា។ បក្ស​សាធារណរដ្ឋ​ក៏មានទិសដៅ​​​រក្សា​សន្តិសុខ​តាមព្រំដែន លុបចោល​និង​ជំនួស​ច្បាប់​សុខភាព​អូបាម៉ាឃែរ ហើយ​ក៏​មិនភ្លេច​យុទ្ធនាការ​កំចាត់​​ក្រុមភេរវជន​ផងដែរ។​

​និយាយ​ជារួម​មកវិញ ​​ក្នុង​ចំណោម​ផែនការ​អភិរក្ស​របស់​លោក​ត្រាំ​ គេ​មើលឃើញ​ថា ដូណាល់​ ត្រាំ បាន​បន្ទន់​ជំហរ​មកវិញ​ខ្លះៗហើយ។ ​

រដ្ឋាភិបាល​ម៉ិចស៊ិកស្នើអោយ​ពលរដ្ឋ​ម៉ិចស៊ិក​នៅ​អាមេរិក រក្សា​ភាព​ស្ងប់ស្ងាត់
ក្នុងចំណោម​ជន​ខុសច្បាប់​ ១១លាននាក់ ​ដែល​រស់នៅ​សហរដ្ឋ​អាមេរិក​ ភាគច្រើន​ជា​ជនជាតិ​ម៉ិចស៊ិក។  ​​កាលពី​ចុងសប្តាហ៍​កន្លងទៅ រដ្ឋាភិបាល​ម៉ិចស៊ិក​បាន​ប្រាប់​អោយ​មន្ត្រី​ទូតខ្លួន ​នៅ​សហរដ្ឋ​អាមេរិក អោយ​ជួយ អំពាវនាវ​​អោយ​ជនជាតិ​ម៉ិចស៊ិក ដែល​រស់នៅ​សហរដ្ឋ​អាមេរិក​ រក្សា​ភាព​ស្ងប់ស្ងាត់ កុំធ្វើ​អ្វី​បំពាន​ច្បាប់​អាមេរិក​អោយ​សោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ