សភាតួកគីអនុញ្ញាតជាគោលការណ៍ឲ្យកងទ័ពតួកគីធ្វើប្រតិបត្តិការឆ្លងព្រំដែនទៅស៊ីរី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កាលពីយប់ម្សិលមិញ កងទ័ពតួកគីបានបាញ់ផ្លោងទៅលើទីតាំងទ័ពរបស់ស៊ីរី ក្រោយពីមានគ្រាប់ផ្លោងបាញ់ចេញពីទឹកដីស៊ីរី ធ្លាក់ចូលក្នុងភូមិរបស់តួកគី បណ្តាលឲ្យជនស៊ីវិល ៥នាក់បាត់បង់ជីវិត។ រដ្ឋាភិបាលតួកគីបានស្នើសុំឲ្យសភាអនុម័តច្បាប់ជាបន្ទាន់ ដើម្បីអនុញ្ញាតឲ្យកងទ័ពតួកគីបើកធ្វើប្រតិបត្តិការឆ្លងព្រំដែន ទៅខាងស៊ីរី។ ក្នុងពេលជាមួយគ្នា តួកគីក៏បានខ្នះខ្នែងរកការគាំទ្រផងដែរ ពីក្រុមប្រឹក្សាសន្តិសុខអ.ស.ប. និងពីបក្សសម្ព័ន្ធអូតង់ ដែលតួកគី គឺជាសមាជិក។
វិបត្តិស៊ីរី ដែលបានអូសបន្លាយពេលប្រមាណជា ១ឆ្នាំកន្លះមកហើយនោះ បានរាលដាលឆ្លងទៅកាន់ប្រទេសជិតខាងម្តងមួយៗ រាប់ចាប់ពីការបាញ់ផ្លោងចូលក្នុងទឹកដីរបស់លីបង់ និងអ៊ីស្រាអែល ការផ្ទុះអាវុធដាក់គ្នា រវាងទាហានរដ្ឋាភិបាលស៊ីរី និងទាហានហ្សកដានី ហើយចុងក្រោយ កាន់តែធ្ងន់ធ្ងរ គឺការបាញ់ផ្លោងចូលមកក្នុងភូមិរបស់តួកគី ដែលជាមហាអំណាចយោធាមួយក្នុងតំបន់ និងជាសមាជិកបក្សសម្ព័ន្ធអូតង់។
ជាការពិត ភាពតានតឹងរវាងតួកគី និងស៊ីរី បានកើតមានមួយរយៈមកហើយ ជាពិសេស គឺក្រោយពីស៊ីរីបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់តួកគី។ ការបាញ់ផ្លោងពីខាងស៊ីរីឆ្លងព្រំដែនធ្លាក់ចូលក្នុងទឹកដីតួកគី ក៏ធ្លាប់កើតមានជាច្រើនលើកដែរ ក៏ប៉ុន្តែ រាល់លើក តួកគីបានត្រឹមតែធ្វើការព្រមាន ដោយមិនបាញ់តបតទៅស៊ីរីវិញទេ។
ការបាញ់ផ្លោងកាលពីយប់ម្សិលមិញនេះ ជាករណីធ្ងន់ធ្ងរ ដោយសារតែវាបានបណ្តាលឲ្យស្លាប់ជនស៊ីវិលតួកគី។ ភ្លាមៗ កងទ័ពតួកគីក៏បានបាញ់ផ្លោងទៅលើទីតាំងមួយចំនួន របស់កងទ័ពស៊ីរី ដែលស្ថិតនៅជាប់ព្រំដែន។ ការបាញ់ផ្លោងទៅលើស៊ីរីនេះនៅតែបន្តធ្វើ រហូតមកទល់នឹងព្រឹកថ្ងៃព្រហស្បតិ៍។
អង្គការអូតង់ ដែលបានកោះប្រជុំជាបន្ទាន់ កាលពីយប់ម្សិលមិញនេះ បានប្រកាសថា ខ្លួនឈរនៅខាងតួកគី ដែលជាសមាជិក ហើយទាមទារឲ្យស៊ីរីបញ្ឈប់ជាបន្ទាន់ នូវការរំលោភបំពានលើច្បាប់អន្តរជាតិ។
នៅញូវយ៉ក តួកគីក៏បានស្នើសុំផងដែរឲ្យក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ចាត់វិធានការចាំបាច់ ដើម្បីបញ្ឈប់ទង្វើបំពានរបស់ស៊ីរី។ មន្រ្តីទូតអ.ស.ប.បានបង្ហើបឲ្យដឹងថា សមាជិកមួយចំនួនរបស់ក្រុមប្រឹក្សាសន្តិសុខចង់ឲ្យក្រុមប្រឹក្សាចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ដើម្បីថ្កោលទោសស៊ីរី និងទាមទារឲ្យស៊ីរីបញ្ឈប់ការរំលោភលើបូរណភាពទឹកដីរបស់តួកគី។ ក៏ប៉ុន្តែ រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់លោកអាសាដ ហើយដែលធ្លាប់បានប្រើសិទ្ធិវ៉េតូលើសេចក្តីសម្រេចជុំវិញវិបត្តិស៊ីរី ៣លើក រួចមកហើយនោះ បានសុំពន្យារពេលបន្តិចសិន។
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលស៊ីរីបានទទួលស្គាល់ថា ខ្លួនពិតជាបានបាញ់ផ្លោងចូលទៅក្នុងទឹកដីរបស់តួកគីមែន ក៏ប៉ុន្តែ ការបាញ់ផ្លោងនេះមិនមែនធ្វើឡើងដោយចេតនានោះទេ។ ស៊ីរីក៏បានសន្យាដែរថា នឹងមិនឲ្យហេតុការណ៍នេះកើតឡើងទៀតទេ ទៅថ្ងៃអនាគត។
ទោះជាយ៉ាងណា មន្រ្តីយោធាតួកគីបានបង្ហើបឲ្យដឹងថា តួកគីបានបង្កើនកម្លាំងទ័ពទៅព្រំដែនជាមួយស៊ីរី ហើយរដ្ឋាភិបាលតួកគីក៏បានស្នើសុំផងដែរឲ្យរដ្ឋសភាអនុម័តច្បាប់ជាបន្ទាន់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពតួកគី អាចបើកប្រតិបត្តិការឆ្លងដែនចូលទៅខាងទឹកដីស៊ីរី ក្នុងករណីចាំបាច់។ ច្បាប់នេះត្រូវបានសភាតួកគីអនុម័ត នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។ ក៏ប៉ុន្តែ ឧបនាយករដ្ឋមន្រ្តីតួកគីបានអះអាងថា ការអនុម័តច្បាប់នេះមិនមែនមានន័យថា តួកគីប្រកាសសង្រ្គាមជាមួយនឹងស៊ីរីនោះទេ គឺគ្រាន់តែជាការអនុញ្ញាតជាគោលការណ៍ ដើម្បីត្រៀមទុកក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ហើយនេះ គឺជាការព្រមានយ៉ាងច្បាស់ទៅរដ្ឋាភិបាលស៊ីរី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ