អានតួអត្ថបទ
តួកគី

ស្លាប់២​ក្នុង​ការ​បង្រ្កាប​បាតុកម្ម​នៅ​តួកគី សហព័ន្ធ​សហជីព​ចេញមុខ​គាំទ្រ​បាតុករ

សកម្មភាព​ប៉ូលិស​តួកគី​កំពុង​បង្ក្រាប​បាតុកម្ម​ប្រឆាំង នៅ​ក្នុង​ទីក្រុង​អ៊ីស្តាន់ប៊ុល យប់ថ្ងៃ​ចន្ទ ឈានចូល​ថ្ងៃ​អង្គារ
សកម្មភាព​ប៉ូលិស​តួកគី​កំពុង​បង្ក្រាប​បាតុកម្ម​ប្រឆាំង នៅ​ក្នុង​ទីក្រុង​អ៊ីស្តាន់ប៊ុល យប់ថ្ងៃ​ចន្ទ ឈានចូល​ថ្ងៃ​អង្គារ AFP PHOTO/BULENT KILIC
ដោយ៖ សេង ឌីណា
១៤ នាទី

បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​តួកគី នៅតែ​បន្ត​ធ្វើ ហើយ​មាន​សន្ទុះកាន់តែ​ខ្លាំង។ ចំនួន​បាតុករ​ស្លាប់ ក្នុង​ការ​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​ប៉ូលិស​​បាន​កើនឡើង​ដល់ ២នាក់ ហើយ​សហព័ន្ធ​សហជីព​មន្រ្តី​រដ្ឋការស៊ីវិល​​ក៏​បាន​ប្រកាសរៀបចំ​ធ្វើ​កូដកម្ម​រយៈពេល ៤៨ម៉ោង ដើម្បី​ប្រឆាំង​នឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល ទៅលើ​បាតុករ​ប្រឆាំង។

ផ្សាយពាណិជ្ជកម្ម

ជនរងគ្រោះ​ទី២ នៅ​ក្នុង​ការ​បង្រ្កាប​បាតុកម្ម គឺ​ជា​បាតុករ​វ័យ ២២ឆ្នាំ ស្លាប់​ដោយ​គ្រាប់កាំភ្លើង នៅ​ក្នុង​ពេល​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​ប៉ូលិស កាល​ពី​យប់ថ្ងៃចន្ទ ហើយ​ ការប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស និង​ក្រុម​បាតុករ​ប្រឆាំង​នៅ​តែ​បន្ត​កើតមាន​រហូត​ដល់​ព្រឹកថ្ងៃ​អង្គារ។

ក្នុងពេល​ជាមួយគ្នា សហព័ន្ធសហជីព​តំណាង​បុគ្គលិក​មន្រ្តី​រដ្ឋការ​ស៊ីវិល​តួកកី បាន​ប្រកាស​​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​​កូដកម្ម​រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃ​អង្គារ​នេះ​ទៅ ដើម្បី​ជា​ការ​ព្រមាន​ដល់​រដ្ឋាភិបាល ឲ្យ​បញ្ឈប់​ការប្រើ​កម្លាំង​បង្រ្កាប​ទៅលើ​បាតុកម្ម​ប្រឆាំង ដែល​ធ្វើ​ឡើង​ដោយ​សន្តិវិធី។

គួរបញ្ជាក់ថា សហព័ន្ធ​សហជីព​ខាងលើនេះ មាន​សមាជិក​សរុប​ ចំនួន​ប្រមាណ​ជា ២៤ម៉ឺននាក់ នៅ​ទូទាំង​ប្រទេស​តួកគី។ កូដកម្ម​របស់​ពួកគេ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ដំណើរការ នៅតាម​សាលារៀន សកលវិទ្យាល័យ មន្ទីរក្រសួង ព្រមទាំង​ការិយាល័យ​សាធារណៈ​ផ្សេងៗ​ទៀត នៅ​ទូទាំង​ប្រទេស។

លោក Recep Tayyip Erdogan នាយករដ្ឋមន្រ្តី​តួកគី ដែល​បាន​ចាកចេញ​ពីប្រទេស​ កាលពីថ្ងៃចន្ទ ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក បាន​ច្រានចោល​នូវការ​លើកឡើង​ថា ចលនា​ប្រឆាំង​នៅ​ក្នុង​ប្រទេស​តួកគី នៅពេលនេះ គឺ​ជា​ចលនា​បដិវត្តន៍ ដូចជា នៅ​តាម​បណ្តា​ប្រទេស​អារ៉ាប់​មុនៗ។ លោក​បាន​ស្តីបន្ទោស​ដល់​ក្រុម​ប្រឆាំង​ជ្រុលនិយម​ថា ជា​អ្នក​បង្ក​បញ្ហា​ចលាចល​ពេលនេះ ហើយ​ថា ស្ថានភាព​អាច​នឹង​វិលត្រឡប់​មក​រក​ភាព​ប្រក្រតី​ឡើងវិញ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះ។

គួររំឭក​សាជាថ្មី​ឡើងវិញ​ថា បាតុកម្ម​នៅ​ក្នុង​ប្រទេស​តួកគី នៅ​ពេលនេះ បាន​ចាប់ផ្តើម​ឡើង​ដំបូង ដើម្បី​ត្រឹមតែ​ជា​ការ​ប្រឆាំង​នឹង​គម្រោង​រដ្ឋាភិបាល ដែល​ចង់​យក​សួនឧទ្យាន​ ទៅ​អភិវឌ្ឍ​ធ្វើ​ជា​មណ្ឌល​ពាណិជ្ជកម្ម​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ​រដ្ឋាភិបាល​បាន​ប្រើ​កម្លាំង​ប៉ូលិស​បង្រ្កាប​បាតុកម្ម​ម្តងហើយ​ម្តងទៀត ព្រមទាំង​បាន​ចាត់ទុក​ពួកបាតុករ​ថា “ជា​ក្រុម​ជនពាល​មួយក្តាប់តូច” ទើប​ធ្វើ​ឲ្យ​បាតុករ​ផ្ទុះកំហឹង ហើយ​បាតុកម្ម​ទ្រង់ទ្រាយ​តូច ដើម្បី​ប្រឆាំង​នឹង​​គម្រោង​អភិវឌ្ឍ​សួនឧទ្យាន​ ក៏​បាន​រាលដាល​ទៅ​ជា​បាតុកម្ម​ធំ នៅទូទាំង​ប្រទេស ដើម្បី​ប្រឆាំង​នឹងនាយករដ្ឋមន្រ្តី​តួកគី​តែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ