តួកគី-ស៊ីរី

តួកគី​បញ្ជូន​រថក្រោះ​ចូលទៅ​បើក​សមរភូមិ​ថ្មីមួយទៀត​នៅក្នុង​ទឹកដី​ស៊ីរី

តួកគី​បាន​ចាប់ផ្តើម​បើក​ប្រតិបត្តិការ​ទ័ពជើងគោក នៅ​ក្នុង​ទឹកដី​ស៊ីរី កាល​ពី​ថ្ងៃទី២៤ សីហា ២០១៦
តួកគី​បាន​ចាប់ផ្តើម​បើក​ប្រតិបត្តិការ​ទ័ពជើងគោក នៅ​ក្នុង​ទឹកដី​ស៊ីរី កាល​ពី​ថ្ងៃទី២៤ សីហា ២០១៦ REUTERS/Stringer

តួកគី​បាន​បញ្ជូន​រថក្រោះ​ប​ន្ថែម​ទៀត​ចូល​ទៅ​ក្នុង​ទឹកដីស៊ីរី ដើម្បី​បើក​ប្រតិបត្តិការ​ទ័ពជើងគោក ក្នុងសមរភូមិ​ថ្មីមួយទៀត ប្រឆាំង​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។ ការ​បើក​សមរភូមិ​ថ្មី​នេះ គឺ​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​កាន់តែ​ច្បាស់ ពី​ការ​លូកដៃ​ចូល​កាន់តែ​ជ្រៅ​របស់​តួកគី នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ផ្សាយពាណិជ្ជកម្ម

យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​តួកគី រថក្រោះ​យ៉ាងតិច ២០គ្រឿង ព្រមទាំង​រថពាសដែក និង​រថយន្តដឹកជញ្ជូន​យោធា​ជាច្រើន​គ្រឿង​ផ្សេងទៀត ត្រូវ​បាន​តួកគី​បញ្ជូន​ចូល​ទៅ​ក្នុង​ទឹកដី​ស៊ីរី កាល​ពីថ្ងៃ​សៅរ៍ សំដៅ​ទៅ​បើក​ការ​វាយប្រហារ​ទៅលើ​ទីតាំង​ថ្មីមួយទៀត​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។ នេះ​ជា​សមរភូមិថ្មី​មួយទៀត ដែល​តួកគី​បើក​ធ្វើ នៅ​ក្នុង​ទឹកដីស៊ីរី ក្រោយ​ពី​បាន​វាយដណ្តើម​កាន់កាប់​ទីតាំង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​មួយ​កន្លែង កាល​ពីថ្ងៃ​ទី២៤សីហា​កន្លងទៅ។

ប្រតិបត្តិការ​ទ័ពជើងគោក​ដែល​តួកគី​បើក​ធ្វើ​ជា​បន្តបន្ទាប់​នៅ​ពេលនេះ គឺ​ជា​អន្តរាគមន៍​យោធា​ដ៏​ធំបំផុត ដែល​តួកគី​បើក​ធ្វើ​នៅ​ក្នុង​ប្រទេស​ស៊ីរី ចាប់តាំង​ពីផ្ទុះ​សង្រ្គាម​ស៊ីវិល​ស៊ីរី កាល​ពីឆ្នាំ​២០១១​មក។ ​អន្តរាគមន៍​យោធា​នេះ​ត្រូវ​បាន​ធ្វើឡើង ក្រោយ​ពី​តួកគី​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាងខ្លាំងៗ​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ជា​សម្ព័ន្ធមិត្ត ទាក់ទង​នឹង​តួនាទី​របស់​តួកគី នៅ​ក្នុង​វិបត្តិ​ស៊ីរី។ អាមេរិក​បាន​បង្ហាញ​នូវ​ការ​មិនសប្បាយចិត្ត ដោយ​សារតែ​យល់ឃើញ​ថា តួកគី​មិនត្រឹមតែ​មិនជួយ​កម្ចាត់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ តែថែម​ទាំង​រំខាន​ដល់​យុទ្ធនាការ​នេះ​ទៅទៀត តាមរយៈ​ការ​​​វាយប្រហារ​ទៅលើ​ក្រុម​ឧទ្ទាម​គួឌីស្ថាន ដែល​កំពុងតែ​ជួយ​អាមេរិក ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី។

ការ​បើក​ធ្វើ​ប្រតិបត្តិការ​វាយលុក​ទៅលើ​ទីតាំង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​​នៅ​ក្នុង​ទឹកដីស៊ីរី​នៅពេលនេះ ក៏ទំនង​ជា​មិនមែន​ជា​រឿង​ចៃដន្យ​នោះដែរ គឺ​បើក​ធ្វើ នៅ​មុន​ពេល​ដែល​លោក​ប្រធានាធិបតី​តួកគី​​ជួប​ជាមួយ​នឹង​លោក​អូបាម៉ា នៅ​ក្នុង​អំឡុង​ជំនួបកំពូល​ G20 នៅ​ក្នុង​ប្រទេស​ចិន នៅថ្ងៃ​អាទិត្យ​នេះ។

គួរបញ្ជាក់ថា ទំនាក់ទំនង​ រវាង​តួកគី និង​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់ នៅ​ក្នុង​បក្សសម្ព័ន្ធ​អូតង់​ជាមួយគ្នា ត្រូវ​ជួប​នឹង​ភាព​តានតឹង​យ៉ាងខ្លាំង ចាប់តាំង​ពី​មាន​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន់ កាល​ពី​ខែ​កក្កដា​កន្លងទៅ ដោយ​រដ្ឋាភិបាល​តួកគី​ចោទប្រកាន់​ថា​អ្នក​នៅ​ពី​ក្រោយ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នេះ គឺ​មេដឹកនាំ​ប្រឆាំង​ដ៏ធំមួយ​រូប ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្នុង​ទឹកដី​អាមេរិក។ តួកគី​បង្ហាញ​​នូវ​ការ​មិន​សប្បាយចិត្ត​ក្រោយ​ពី​អាមេរិក​បដិសេធ​មិន​ធ្វើ​បត្យាប័ន​មេដឹកនាំ​ប្រឆាំង​រូបនេះ ចំណែក​ឯ​អាមេរិក​វិញ រិះគន់​តួកគី​ថា​ យក​លេស​រដ្ឋប្រហារ​នេះ ទៅ​ធ្វើការ​បង្ក្រាប​ដោយ​ខុសច្បាប់​លើ​អ្នក​ដែល​មាន​និន្នានការ​ប្រឆាំង​នឹង​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI