អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

សង្រ្គាមលោកលើកទី២៖ ការប្រែប្រួលនៃតុល្យភាពកម្លាំង​

សំឡេង ០៧:៤៩
លោក Franklin D Roosevelt ប្រធានាធិបតី​អាមេរិក ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​សង្រ្គាម​លើ​ជប៉ុន
លោក Franklin D Roosevelt ប្រធានាធិបតី​អាមេរិក ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​សង្រ្គាម​លើ​ជប៉ុន
ដោយ៖ សេង ឌីណា

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​​ការប្រែប្រួល​នៃ​តុល្យភាព​កម្លាំង នៅ​ក្នុង​សង្រ្គាម​លោកលើកទី២ ក្រោយ​ពី​សហរដ្ឋ​អាមេរិក​ឈានជើង​ចូល​ក្នុង​សង្រ្គាម។

ផ្សាយពាណិជ្ជកម្ម

គិតត្រឹមឆ្នាំ​១៩៤២ បក្សសម្ព័ន្ធ​អាល្លឺម៉ង់-អ៊ីតាលី-ជប៉ុន​បាន​ទទួល​ជោគជ័យ​ជា​បន្ត​បន្ទាប់​ស្ទើរតែ​គ្រប់​សមរភូមិ ដោយ​បាន​​​ដណ្តើម​កាន់កាប់​ទឹកដីភាគច្រើន​​នៅ​ទូទាំង​ពិភពលោក។

នៅ​អឺរ៉ុប ហ៊ីត្លែរ​ត្រួតត្រា​ទឹកដី​ស្ទើរតែ​ពេញ​ទ្វីបអឺរ៉ុប​ទាំងមូល ដោយ​រាប់ចាប់តាំង​ពី​ប្រទេស​បារាំង​នៅ​ទិស​ខាងលិច រហូតទៅដល់​តំបន់​សមុទ្រ​បាល់ទិក និង​ទឹកដី​មួយផ្នែក​របស់​សហភាព​សូវៀត នៅ​ទិស​ខាងកើត។ ចំណែក​បណ្តា​ប្រទេស​នៅ​​អឺរ៉ុប​ប៉ែកខាងត្បូង​ជាប់សមុទ្រ​មេឌីទែរ៉ាណេ និង​តំបន់​បាល់កង់វិញ ត្រូវ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អ៊ីតាលី។​ នៅ​ក្នុង​តំបន់​អាហ្វ្រិក ប្រទេស​ជាច្រើន​ដែល​ជា​ទឹកដី​អាណានិគម​របស់​អង់គ្លេស​ក៏​ត្រូវ​បាន​អ៊ីតាលី និង​អាល្លឺម៉ង់​វាយដណ្តើម​កាន់កាប់​ផងដែរ។ នៅ​អាស៊ីវិញ​ ជប៉ុន​កាន់កាប់​កូរ៉េ ចិន និង​តំបន់​អាស៊ី​អាគ្នេយ៍ រហូតទៅដល់​ព្រំដែន​ឥណ្ឌា ដែល​ជា​ដែន​អាណានិគម​ដ៏ធំមួយ​របស់​ចក្រភព​អង់គ្លេស។

សកម្មភាព​ឈ្លានពានរ​បស់​ជប៉ុន​នៅ​អាស៊ី​អាគ្នេយ៍​ និង​តំបន់​ប៉ាស៊ីហ្វិក​បាន​ចាប់ផ្តើម​ឡើង ក្រោយ​ពី​កងទ័ព​​ជប៉ុន​បាន​​ធ្វើការ​លប​វាយប្រហារ​ដោយ​ជោគជ័យ​ ទៅលើ​មូលដ្ឋាន​ទ័ព​ជើងទឹក​អាមេរិក នៅ​ Pearl Harbor នៅថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ​១៩៤១។ ការ​វាយប្រហារ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​ដែល​ប្រទាញប្រទង់គ្នា​រាប់ឆ្នាំ​មកហើយ​នោះ ចាប់​ផ្តើម​​​មូលគំនិតគ្នា​តែមួយ ក្នុងការ​ចូលខ្លួន​ក្នុង​សង្រ្គាម​។

អាមេរិក​ប្រកាស​សង្រ្គាម​លើ​ជប៉ុន នៅថ្ងៃ​ទី៨​ធ្នូ ឆ្នាំ​១៩៤១ ក៏ប៉ុន្តែ នៅ​ពេលនោះ អាមេរិក​នៅមិនទាន់​អាច​ស្តារ​កម្លាំង​ទ័ព​​​ពី​វិនាសកម្ម​នៅ Pearl Harbor ​បាន​ពេញលេញ​នៅឡើយទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​​នៅ​ក្នុងរយៈពេល ៦ខែ​ដំបូង គឺ​ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​១៩៤១ រហូតដល់​ពាក់​កណ្តាល​ឆ្នាំ​១៩៤២ កងទ័ព​អាមេរិក​ត្រូវ​ទទួល​បរាជ័យ​ជា​បន្តបន្ទាប់ ដោយ​ត្រូវ​ជប៉ុន​វាយ​ដណ្តើម​យក​ប្រទេស​ហ្វីលីពីន ព្រមទាំង​កោះ​មួយ​ចំនួន នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

ក៏ប៉ុន្តែ អ្វីៗ​ចាប់ផ្តើម​ប្រែប្រួល ចាប់ពីខែ​ឧសភា ឆ្នាំ​១៩៤២ ក្រោយ​ពី​អាមេរិក​រកវិធី​បំបែកកូដ ​អាច​លួច​ស្តាប់​ការឆ្លើយឆ្លងគ្នា រវាង​កងទ័ព​ជើងទឹកជប៉ុន ហើយ​អាច​ដឹង​ជាមុន អំពី​​គម្រោងការណ៍ និង​ចលនា​ទ័ព​របស់​ជប៉ុន នៅ​ក្នុង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ នៅ​ខែ​ឧសភា​នោះ អាមេរិក​ដឹង​ថា ជប៉ុន​កំពុង​រៀបចំ​គម្រោងការណ៍​វាយប្រហារ​ទ្រង់ទ្រាយធំ ទៅលើ​កោះ Midway របស់​អាមេរិក ដើម្បី​ព្យាយាមកម្ទេច​នាវាផ្ទុក​យន្តហោះ​របស់​អាមេរិក ដែល​នៅសេសសល់​ពី​ការ​វាយប្រហារ​លើ​ Pearl Harbor។

តាមគម្រោងការណ៍ ជប៉ុន​នឹង​បើក​ការ​វាយប្រហារ​ទៅលើ Midway នៅ​ព្រឹកព្រលឹម​ថ្ងៃ​ទី៤​មិថុនា ដោយ​មិន​ឲ្យ​អាមេរិក​ដឹងខ្លួន​ជាមុន ពោលគឺ​​ប្រើ​តាក់ទិក​ដែល​ធ្លាប់​ប្រើ​ដោយ​ជោគជ័យ​នៅ Pearl Harbor។ ក៏ប៉ុន្តែ លើកនេះ​ខុស​ពី​កាល​ពី​នៅ Pearl Harbor ពីព្រោះ​ថា អាមេរិក​បានដឹង​ទាំងអស់​នូវ​គម្រោងការណ៍​របស់​ជប៉ុន ហើយ​បាន​រៀបចំ​អន្ទាក់​ទុក​ជាស្រេច​ ដើម្បី​ចាំ​ទទួល​ជប៉ុន។ នៅទីបំផុត គឺ​កងទ័ព​ជប៉ុន​ទៅវិញ​ទេ ដែល​ដើរ​ចូល​ក្នុង​អន្ទាក់​របស់​អាមេរិក​ដោយ​មិនដឹង​ខ្លួន។
 

ជោគជ័យ​របស់​កងទ័ព​​អាមេរិក​លើ​កងទ័ព​ជប៉ុន​ នៅ Midway នៅ​ខែ​មិថុនា ឆ្នាំ​១៩៤២ ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​ទូទៅ​ចាត់ទុក​ថា​ជា​ចំណុច​របត់​ដ៏​សំខាន់​មួយ នៃ​តុល្យភាព​កម្លាំង នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក៏ដូចជា នៅ​ក្នុង​សង្រ្គាម​លោកលើកទី២​ទាំងមូល។

បរាជ័យ​នៅ Midway ធ្វើ​ឲ្យ​កងទ័ព​ជើងទឹកជប៉ុន​ត្រូវ​ទទួលរងនូវការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ ដែល​ជប៉ុន​នឹកស្មាន​មិនដល់។ នាវាផ្ទុកយន្តហោះ​ដ៏ខ្លាំងៗ​ទាំង ៤​ របស់​ជប៉ុន​​ ដែល​នៅលើ​នោះ​មាន​យន្តហោះ​ចម្បាំង​ ៣២២គ្រឿង និង​ទាហាន​ជាង ៥ពាន់នាក់ ត្រូវ​កងទ័ព​អាមេរិក​បាញ់​ពន្លិច។

ក្រោយពី​ទទួលបរាជ័យ​​នៅ Midway កងទ័ព​ជើងទឹក​​របស់​ជប៉ុន ដែល​ធ្លាក់​ចុះខ្សោយ​​បាន​បញ្ឈប់​សកម្មភាព​ឈ្លានពាន​ ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​អាមេរិក​ក៏​មាន​ឱកាស​ពង្រឹង​កងទ័ព​របស់​ខ្លួន​ឡើងវិញ។ ចាប់ពី​ចុងឆ្នាំ​១៩៤២ រហូតដល់​ដើមឆ្នាំ​១៩៤៣ កងទ័ព​អាមេរិក​បាន​យក​ជ័យជម្នះ​ជា​បន្ត​បន្ទាប់​លើ​កងទ័ព​ជប៉ុន នៅ​ក្នុង​ការ​វាយប្រយុទ្ធគ្នា​ ដណ្តើម​កោះ នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ គិត​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​១៩៤៣ តុល្យភាព​កម្លាំង​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ទាំងមូល​ត្រូវ​ផ្អៀង​ទៅខាង​អាមេរិក ដែល​បាន​វាយដណ្តើម​កាន់កាប់​កោះ​ជាច្រើន​នៅ​ក្បែរ​ប្រទេស​ជប៉ុន ដើម្បី​យក​ទុកធ្វើ​ជា​មូលដ្ឋាន ឈាន​ទៅ​សម្រេច​គោលដៅ​ចុងក្រោយ គឺ​វាយលុក​ចូល​ឈ្លានពាន​​ទៅលើ​ប្រទេស​ជប៉ុន។

នៅ​តំបន់​អាហ្វ្រិក​វិញ កងទ័ព​អង់គ្លេស ដែល​មាន​ជំនួយ​ពី​កងទ័ព​អាមេរិក និង​កងកម្លាំង​​ចលនា​តស៊ូ​បារាំង ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ Charles De Gaulle​ ក៏​បាន​ចាប់ផ្តើម​យក​ប្រៀបលើ​កងទ័ព​អ៊ីតាលី និង​អាល្លឺម៉ង់​​ផងដែរ។ បណ្តា​ប្រទេស​អាហ្វ្រិក​​ដែល​ស្ថិត​ក្រោម​អាណានិគម​បារាំង ហើយ​ដែល​ពីមុន​ស្ថិត​ក្រោម​អំណាច​រដ្ឋាភិបាល​រណប​ហ៊ីត្លែរ​របស់​សេនាប្រមុខ Philippe Pétain ត្រូវ​បាន​​រដ្ឋាភិបាល​និរទេស​របស់​ឧត្តមសេនីយ៍ Charles De Gaulle ដណ្តើម​កាន់កាប់​ម្តងមួយៗ។ គិត​ត្រឹម​ឆ្នាំ​១៩៤៣ កងទ័ព​អាមេរិក និង​អង់គ្លេស​វាយ​ដណ្តើម​កាន់កាប់​តំបន់​អាហ្វ្រិក​ខាងជើង ហើយ​គ្រប់គ្រង​សមុទ្រ​មេឌីទែរ៉ាណេ​ ដើម្បី​បើកផ្លូវ​ឈាន​ទៅ​វាយលុក​រំដោះ​តំបន់​អឺរ៉ុប​ពីដៃ​ហ៊ីត្លែរ និង​មូសូលីនី។

នៅ​ខែ​មករា ឆ្នាំ​១៩៤៣ លោក​ Franklin Roosevelt ប្រធានាធិបតី​អាមេរិក លោក Winston Churchill នាយករដ្ឋមន្រ្តី​អង់គ្លេស ឧត្តមសេនីយ៍ Charles De Gaulle មេដឹកនាំ​ចលនា​តស៊ូ​បារាំង និង​ឧត្តមសេនីយ៍ Henri Giraud មេទ័ព​បារាំង​ប្រចាំ​តំបន់​អាហ្វ្រិក​ខាងជើង បានបើក​ធ្វើ​សន្និសីទ​មួយ នៅ​ក្នុង​ទីក្រុង​ Casablanca (ប្រទេស​ម៉ារ៉ុក) ដើម្បី​ជជែក​​គ្នា​អំពី​ជំហាន​បន្ទាប់ ក្នុង​​សង្រ្គាម​តទល់​នឹង​បក្ស​សម្ព័ន្ធ​អាល្លឺម៉ង់-អ៊ីតាលី-ជប៉ុន។

នៅ​ក្នុង​សន្និសីទ​នេះ ប្រមុខដឹកនាំ​អាមេរិក អង់គ្លេស និង​បារាំង បាន​ព្រមព្រៀង​គ្នា​ថា​ នឹង​មិនមាន​ប្រទេស​ណាមួយ​សុខចិត្ត​ចូល​ទៅ​​​ចរចា​ទទួល​យកសំណើ​​​អ្វី​ទាំងអស់​ពី​ហ៊ីត្លែរ និង​សម្ព័ន្ធមិត្ត ពោលគឺ ត្រូវ​បន្ត​រួមគ្នា​​ធ្វើ​សង្រ្គាម​រហូត​ដល់​​គូសត្រូវ​​សុខចិត្ត​ប្រកាស​​​ចុះចាញ់​​​​ដោយ​គ្មាន​លក្ខខណ្ឌ។ ក៏ប៉ុន្តែ នៅ​ក្នុងការ​ជជែក​គ្នា​នោះ អាមេរិក និង​អង់គ្លេស​មាន​ការ​ខ្វែងគំនិត​គ្នា​ទៅលើ​​យុទ្ធសាស្រ្ត​ទ័ព​នៅ​អឺរ៉ុប។

លោក Franklin Roosevelt ចង់​​​​​ចូលរំដោះ​អឺរ៉ុប តាមរយៈ​ការ​វាយលុក​​ទៅលើ​កងទ័ព​អាល្លឺម៉ង់ នៅ​ខាងជើង​ប្រទេស​បារាំង។ ចំណែក​លោក Winston Churchill វិញ ​បាន​ព្យាយាម​បញ្ចុះបញ្ចូល​លោក Franklin Roosevelt ថា កងទ័ព​អាល្លឹម៉ង់​នៅ​ខាងជើង​ប្រទេស​បារាំង​មាន​ទីតាំងរឹងមាំ​ខ្លាំង ដែល​​ពិបាក​នឹង​វាយបែក​ ហើយ​ថា គេ​គួរតែ​ធ្វើការ​វាយលុក​ចូល​ពី​ទិស​​ខាង​ត្បូងវិញ គឺ​​តាមរយៈ​ការ​​ចូល​ឈ្លានពាន​អ៊ីតាលី ដែល​ជា​ចំណុច​ខ្សោយ​នៃ​ខ្សែ​ក្រវ៉ាត់​ការពារ​​តំបន់អឺរ៉ុប។

ចុងក្រោយ លោក​ប្រធានាធិបតី​អាមេរិក​ក៏​សុខចិត្ត​​​ផ្អាក​គម្រោងការណ៍​​​វាយលុក​ចូល​ខាងជើង​ប្រទេស​បារាំង ហើយ​ងាក​ទៅ​បើក​ប្រតិបត្តិការ​ចូល​ឈ្លានពាន​​ប៉ែក​ខាង​ត្បូង​ប្រទេស​អ៊ីតាលី​វិញ ​តាម​សំណើ​របស់​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស។ ជាថ្នូរមកវិញ លោក​Winston Churchill បាន​ព្រមព្រៀង​បញ្ជូន​កងទ័ព​អង់គ្លេស​​ឲ្យ​ទៅ​ជួយ​អាមេរិក ក្នុងការ​ច្បាំង​ទល់​នឹង​ជប៉ុន នៅ​​​អាស៊ី​ប៉ាស៊ីហ្វិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ